វប្បធម៌ ជំនឿ
ល្ខោននិយាយថ្មី ឆ្លុះបញ្ចាំងតថភាពនារីជឿនលឿន សម្ដែងយប់នៅថ្ងៃទី២៤-២៥ កុម្ភៈនេះ
ល្ខោននិយាយរឿង “ជម្រើសខ្ញុំ” ជាទស្សនីយភាពឆ្លុះបញ្ចាំងពីតថភាពសង្គមសម័យបច្ចុប្បន្ន ដោយបង្ហាញពីនារីសម័យថ្មីមានជំនក់លើការងារខ្លាំង មិនខ្វល់ខ្វាយរឿងស្នេហា ហើយគិតថា ការរៀបការមិនមែនជាការបង្ខិតបង្ខំ ឬត្រូវធ្វើតាមអ្នកនេះអ្នកនេះ រហូតធ្វើឱ្យអាណាព្យាបាលមានការព្រួយបារម្ភ ខណៈកូនកាន់តែអាយុច្រើន។

លោកស្រី ពុំធារ៉ា ចិន្តា ជាប្រធានការិយាល័យបណ្តុះបណ្តាលរបាំបុរាណ នៃនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកដឹកនាំរឿង ល្ខោននិយាយរឿង “ជម្រើសខ្ញុំ” បានឱ្យ “កម្ពុជាថ្មី” ដឹងថា មូលហេតុលោកស្រីជ្រើសរើសទស្សនីយភាពល្ខោននិយាយ ហើយលើកយកចំណោទបញ្ហាតាមរយៈសាច់រឿង “ជម្រើសខ្ញុំ” ព្រោះបញ្ហានេះ ជាបញ្ហារសើបដែលកំពុងតែកើតមានឡើងរវាងការគិតរបស់នារីសម័យថ្មី និងការគិតបែបមនុស្សចាស់ដែលជាអាណាព្យាបាល។

លោកស្រី ពុំធារ៉ា ចិន្តា បញ្ជាក់បន្ថែមថា៖ “តាមរយៈស្នាដៃនេះគឺជាសារមួយទៅកាន់ទស្សនិកជន ជាពិសេសគឺឪពុកម្តាយដែលចូលចិត្តដាក់សម្ពាធលើកូនរឿងគូស្រករ ឱ្យគាត់ផ្តល់សិទ្ធិសេរីភាពដល់កូនគ្រប់គ្រាន់ក្នុងការជ្រើសរើសដៃគូជីវិត ទុកឱកាសឱ្យពួកគេរៀនទទួលខុសត្រូវលើជីវិតខ្លួនឯង ម្យ៉ាងរវាងកូន និងឪពុកម្តាយ ការនិយាយគ្នាដោយត្រង់ទៅត្រង់មក ការពិភាក្សាគ្នាដោយបើកចំហររវាងអ្នកផ្ទះ ការព្រមទទួលយកព្រមស្តាប់គំនិតកូនៗគឺជាទង្វើដែលគ្រួសារសម័យថ្មីគួរមាន ហើយវារឹតតែធ្វើឱ្យគ្រួសារមានសុភមង្គល”។

ប្រធានការិយាល័យបណ្តុះបណ្តាលរបាំបុរាណ នៃនាយកដ្ឋានសិល្បៈទស្សនីយភាព រូបនេះ បានឱ្យដឹងថា ល្ខោននិយាយនេះជាស្នាដៃដឹកនាំសម្ដែង លើកទី១ ដោយក្រុមសម្ដែងបានប្រើរយៈពេលហាត់សមជិត ២សប្តាហ៍។ ចំពោះការដំឡើងស្នាដៃថ្មីនេះ បានជួបបញ្ហាប្រឈម គឺការជ្រើសរើសតួអង្គឱ្យស៊ីនឹងសាច់រឿង ការរៀបចំកាលវិភាគហាត់ និងការសិក្សាឱ្យស៊ីជម្រៅទៅលើចរិតតួអង្គនីមួយៗនៅក្នុងសាច់រឿង។

លោកស្រី ពុំធារ៉ា ចិន្តា លើកឡើង បន្តថា៖ “អ្វីដែលជាដំណោះស្រាយ គឺខ្ញុំព្យាយាមអានសាច់រឿងច្រើនសារ រហូតអាចស្រូបអត្ថន័យទាំងស្រុងដែលអ្នកនិពន្ធចង់បាន បន្ទាប់មកខ្ញុំក៏ចាប់ផ្តើមបង្វឹកតួទៅតាមចរិតតួអង្គក្នុងសាច់រឿង ខ្ញុំតែងតែពន្យល់លម្អិតទាំងចរិត ការដាក់អារម្មណ៍ និងសាច់រឿងពីមួយដំណាក់កាលទៅមួយដំណាក់កាលក្នុងកំឡុងពេលហាត់សម”។

អ្នកដឹកនាំរឿងល្ខោននិយាយរូបនេះ បានឱ្យដឹងថា កន្លងមក លោកស្រីធ្លាប់សម្ដែងល្ខោននិយាយ ដូចជា ១. រឿង ស្រុកខ្មែរ នេះហើយខ្ញុំ, ២. រឿង L’Avare រឿង “ជនកំណាញ់ក្រៅតម្រា”, ៣. រឿង សត្វទទាញីទទាឈ្មោល, ៤. រឿង កុមារី បិសាច និងរោងកិនស្រូវ, ៥. រឿង ជនដាច់និស្ស័យ និង៦. រឿង គ្រូទាយ។

លោកស្រី ពុំធារ៉ា ចិន្តា បញ្ជាក់ថា៖ “តាមពិត ជំនាញពិតប្រាកដរបស់លោកស្រីគឺជាអ្នករបាំក្បាច់បុរាណ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកដឹកនាំរឿងរបាំបុរាណ ប៉ុន្តែដោយការស្រឡាញ់ចូលចិត្តការលេងល្ខោននិយាយ និងតាមរយៈបទពិសោធន៍ធ្លាប់សម្តែងល្ខោននិយាយជាច្រើនស្នាដៃផងនោះ ទើបជំរុញឱ្យលោកស្រីសម្រេចចិត្តសាកល្បងដឹកនាំរឿងល្ខោននិយាយនេះដោយផ្ទាល់ជាលើកទី១។

លោកស្រី លើកឡើងបន្ថែមថា៖ “នាងខ្ញុំសង្ឃឹមថា ស្នាដៃល្ខោននិយាយរឿង “ជម្រើសខ្ញុំ” នេះជាចំណែកមួយជួយជំរុញឱ្យទម្រង់ល្ខោននិយាយកាន់តែទទួលបានការចាប់អារម្មណ៍ និងគាំទ្រ។ ការចូលរួមរបស់ទស្សនិកជនគឺជាកម្លាំងចិត្តដ៏សំខាន់របស់សិល្បករ។ បើសិនជាស្នាដៃនេះទទួលបានការគាំទ្រ យើងមានម្រោងយកទៅសម្តែងនៅតាមបណ្តាខេត្ត នាដើមខែ៣នេះ”។

គួរបញ្ជាក់ថា ល្ខោននិយាយរឿង “ជម្រើសខ្ញុំ” ជាស្នាដៃ អ្នកនិពន្ធ ពៅ ញាតតា នឹងសម្ដែងជូនទស្សនា នៅថ្ងៃទី២៤ ២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវេលាម៉ោង ៦:៣០ ដល់ ៧:៣០ យប់ នៅ វិទ្យាស្ថានបារាំង IFC។ ទស្សនីយភាពនេះ ធ្វើនៅក្នុងកម្មវិធី រដូវវប្បធម៌ ឆ្នាំ២០២៣ ក្រោមប្រធានបទ “តែឯង តែយើង” ដោយមានការសម្តែងស្នាដៃថ្មីៗ កិច្ចពិភាក្សា បាឋកថា និងកម្មវិធីជាច្រើនទៀតចាប់ពីខែកុម្ភៈ រហូតដល់ខែមីនា។ ទស្សនិកជនអាចចូលរួមវិភាគទានជាវសំបុត្រទស្សនាដោយរីករាយ តម្លៃ ២ ម៉ឺនរៀល។

សង្ខេបរឿង៖ រ៉ាដា មានអាយុ ២៧ឆ្នាំ សប្បាយចិត្តនឹងបែបរស់នៅរបស់ខ្លួន និងមិនដែលចង់កសាងគ្រួសារផ្ទាល់ខ្លួននោះឡើយ ហើយនាងរស់នៅដោយសេរីភាព និងអាចពឹងលើខ្លួនឯងបាន។ ដោយសារបែបនេះ ទើបមានជម្លោះឥតឈប់ឈរជាមួយម្តាយរបស់ខ្លួន ដែលតែងតែបារម្ភពីអនាគតរបស់កូនស្រី ហើយព្យាយាមរៀបចំល្បិចឱ្យនាងបានជួបជាមួយបុរសម្នាក់។ តើនៅទីបញ្ចប់ រ៉ាដា នឹងដោះស្រាយដូចម្ដេច?
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ