វប្បធម៌ ជំនឿ
មិនធម្មតា ជនមានពិការភាព បង្កើតរបាំសហសម័យ សម្ដែងរាត្រីថ្ងៃសុក្រ-សៅរ៍នេះ នៅភ្នំពេញ
“គោលបំណងយើង គឺចង់ឃើញសង្គមកម្ពុជាមានលក្ខណៈបរិយាបន្នកាន់តែប្រសើរ និងទូលំទូលាយ មហាជនមានឥរិយាបទកាន់តែប្រសើរប្រកបដោយភាពយល់ដឹងចំពោះពិការភាព ជនមានពិការភាព ហើយជនមានពិការភាពខ្លួនឯងអាចកសាងបានទំនុកចិត្ត យល់ពីតម្លៃខ្លួនឯង និងចំពោះយុវជនមិនពិការដែលកំពុងយល់ថា ខ្លួនឯងលំបាក សូមឱ្យមើលជនមានពិការភាពជាគំរូ ក្នុងការជំរុញខ្លួនឯង អភិវឌ្ឍខ្លួនឯង មិនបោះបង់ខ្លួនឯង…”។ នេះជាការលើកឡើងរបស់ លោក អ៊ូ ប៊ុនថេង ជាអ្នកគ្រប់គ្រង ក្រុមរបាំអឹនខោនថឺ នៃអង្គការអេពិកអាត ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។

និយាយដោយសម្ដីគួរសម និងច្បាស់ៗ លោក អ៊ូ ប៊ុនថេង មានប្រសាសន៍ថា មូលហេតុ ដែលក្រុមរបាំជនមានពិការភាពរបស់លោក បង្កើតស្នាដៃទស្សនីយភាពរបាំសហសម័យ “ដូចគ្នា ដូចគ្នា” នេះឡើង ដោយសារ រដូវវប្បធម៌ របស់អង្គការសិល្បៈខ្មែរអមតៈ ឆ្នាំ២០២៣នេះ មានប្រធានបទ “តែឯង តែយើង” ដែលស៊ីច្រវាក់គ្នាឥតខ្ចោះទៅនឹងការងាររបស់អង្គការ ព្រមទាំងសម្លឹងឃើញថា ជាឱកាសដ៏ល្អដែលក្រុមរបាំបង្ហាញស្នាដៃទៅដល់ទស្សនិកជន មហាជនទូទៅនៅរាជធានីភ្នំពេញដែលពួកគាត់ស្រឡាញ់គាំទ្រសិល្បៈវប្បធម៌ខ្មែរ ពិសេសគាំទ្រសិល្បករការិនី ជាជនមានពិការភាព។

លោក អ៊ូ ប៊ុនថេង បានឱ្យដឹងបន្ថែមថា ក្រុមសម្ដែង “អឹនខោនថឺ” គឺជាក្រុមសម្ដែងរបាំសហសម័យបែបរួមបញ្ចូលគ្នាមួយ ឬ ហៅថា បរិយាបន្នដែលស្ថិតនៅក្នុងអង្គការអេពិកអាត។ ក្រុមសម្ដែងមានសិល្បករ ការិនីចំនួន ៧នាក់ សុទ្ធសឹងជាជនមានពិការភាព។ ការងារស្នូលរបស់ “អេពិកអាត” ក៏ដូចជាក្រុមសម្ដែង អឹនខោនថឺ គឺព្យាយាមស្វែងរកការគាំទ្រទៅលើពិការភាព ផ្លាស់ប្ដូរផ្នត់គំនិតអវិជ្ជាមានផ្សេងៗទៅលើជនមានពិការភាព សំដៅលើកម្ពស់សិទ្ធិ និង តំលៃរបស់ពួកគាត់។

លោក អ៊ូ ប៊ុនថេង មានប្រសាសន៍បន្តថា៖ “ក្នុងការសម្ដែងនេះ សិល្បករ ការិនីទាំង ៧នាក់របស់យើង ចង់បង្ហាញនូវសមត្ថភាព ទេពកោសល្យរបស់គាត់ បើទោះជាពួកគាត់មានពិការភាពក៏ពិតមែន តែពួកគាត់ គឺចង់បញ្ជាក់ថា ពួកគាត់ជាមនុស្សជាតិដូចគេដូចឯងដែរ មានសិទ្ធិ មានសមត្ថភាព ជំនាញ អាចធ្វើអ្វីៗបាន ចូលរួមក្នុងសកម្មភាពសង្គមនានាបាន។ ហើយសំខាន់គឺមិនត្រូវបានគេចាត់ទុកថា ខុសគេ មិនអាចធ្វើនេះ មិនអាចធ្វើនោះបានដោយសារពិការភាពរបស់ពួកគាត់នោះទេ”។

លោក អ៊ូ ប៊ុនថេង បានឱ្យដឹងបន្ថែមថា បន្ទាប់ពីទទួលបានមូលនិធិដំឡើងស្នាដៃពី សិល្បៈខ្មែរអមតៈ ក្រុមសម្ដែងបានចាប់ផ្ដើមការងារនៅអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយមាន កញ្ញា ជុំ វណ្ណសូដាជីវី (ប៊ែល) ជាទីប្រឹក្សាដំឡើងស្នាដៃ ហើយបានបញ្ចប់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣។ គំនិតនៃការបង្កើតស្នាដៃនេះ គឺកើតឡើងតាមរយៈបទពិសោធន៍នៃជីវិតជាជនមានពិការភាពផ្ទាល់ខ្លួនរបស់ពួកគាត់ម្នាក់ៗ ជាមួយការជួយសម្របសម្រួលពី កញ្ញា ប៊ែល។

លោក អ៊ូ ប៊ុនថេង មានប្រសាសន៍បន្តថា៖ “គិតមកដល់ពេលនេះ ក្រុមមានស្នាដៃជារបាំសហសម័យ និង លាយដ្រាម៉ា សរុប ៩ ស្នាដៃរាប់ទាំងស្នាដៃ “ដូចៗគ្នា” នេះ។ វាមានភាពខុសគ្នាពីស្នាដៃមុនមួយចំនួនដូចជា ១. វាមានទម្រង់ជាខ្មែរច្រើន មានន័យថា ចលនារាំជាច្រើនបានដាក់កាយវិការាំដ៏ស្រស់ស្អាតជារបៀបខ្មែរច្រើន ហើយទី២ ស្នាដៃនេះគឺធ្វើឡើងដោយទីប្រឹក្សាដំឡើងជានាដការីរបាំងបុរាណខ្មែរ និងសហសម័យ គឺកញ្ញា ជុំ វណ្ណសូដាជីវី ដោយស្នាដៃជាច្រើនកន្លងមក គឺយើងបានយកគ្រូដំឡើងមកពីអង់គ្លេស”។

លោក អ៊ូ ប៊ុនថេង បានឱ្យដឹងថា ក្នុងរយៈកាលនៃការដំឡើងស្នាដៃនេះ មានផលលំបាកមួយចំនួន ដោយក្រុមសម្ដែងមានទីតាំងនៅក្នុងក្រុងកំពត ខេត្តកំពត រីឯ កញ្ញា ប៊ែល នៅភ្នំពេញ ទើបមិនមានពេលច្រើនធ្វើការផ្ទាល់ជាមួយគ្នា ដោយភាគច្រើនគឺធ្វើតាមអនឡាញ ដែលត្រូវចំណាយពេលច្រើនជាងគ្រោងទុក។

លោក អ៊ូ ប៊ុនថេង មានប្រសាសន៍បន្តថា៖ “ផលលំបាកមួយទៀត គឺការទំនាក់ទំនង ឬការប្រើភាសា។ ដូចជម្រាបជូនខាងដើម សិល្បករ ការិនីទាំង ៧ គឺមានពិការភាព គឺ ២នាក់គាត់ពិការជើងប្រើរទេះរុញ ៣នាក់គាត់ពិការថ្លង់គ ហើយ ១នាក់ទៀតគឺពិបាកនិយាយ ឬនិយាយមិនច្បាស់ និង ស្រីម្នាក់ពិការឆ្អឹងក គឺឆ្អឹងករបស់គាត់វៀច។ អ៊ីចឹងការពិភាក្សាគ្នា សួរនាំ និង ពន្យល់អីនោះ គឺទាមទារការនិយាយផង និង ប្រើភាសាសញ្ញាផង វាស៊ីពេល ហើយ ប៊ែល ទីប្រឹក្សារបស់យើងអត់ចេះសញ្ញាទេ ហើយភាសាសញ្ញាកម្ពុជារបស់យើងនាពេលបច្ចុប្បន្ន មិនទាន់ពេញលេញក្នុងវិស័យសិល្បៈ របាំសហសម័យទេ។ យើងមានអ្នកបកប្រែភាសាសញ្ញាប្រចាំក្រុមដែរ វាជួយសម្រួលក្រុមបាន ហើយ ប៊ែល ធ្វើបានល្អណាស់ជាមួយការពន្យល់ និងបង្ហាញរបស់គាត់”។

លោក អ៊ូ ប៊ុនថេង មានប្រសាសន៍បន្តថា៖ “ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងខ្លាំងដល់សិល្បៈខ្មែរអមតៈសម្រាប់ការផ្ដល់មូលនិធិ ផ្ដល់ឱកាសដោយស្មើភាពជូនក្រុម។ ជាការពិតណាស់ ខ្ញុំឃើញថា សិល្បៈខ្មែរអមតៈ គឺជាស្ថាប័នឯកជនមួយនៅក្នុងប្រទេសដែលកំពុងតែបានជួយជ្រោមជ្រែងដល់វិស័យសិល្បៈ និង វប្បធម៌ខ្មែរ នេះជាគំរូដ៏ល្អមួយដល់អ្នកធ្វើការលើវិស័យសិល្បៈ វប្បធម៌នេះ”។

លោកសង្ឃឹម និងសំណូមពរមហាជនចូលរួមគាំទ្រដល់សិល្បៈវប្បធម៌ខ្មែរ និងសូមសិក្សាឈ្វេងយល់បន្ថែមពីពិការភាព ជនមានពិការភាព សំដៅនាំឱ្យមានបរិយាប័ន្នក្នុងសង្គមយើងកាន់តែប្រសើរឡើង “ជួយជនមានពិការភាពដោយកសាងសង្គមបរិយាបន្នពេញលេញ ល្អជាជាងការអាណិត និងឱ្យទានត្រឹមលុយកាក់ សម្ភារតិចតួចម្ដងម្កាល”។

គួរបញ្ជាក់ថា របាំសហសម័យរហសម័យ “ដូចគ្នា ដូចគ្នា” នឹងសម្ដែងជូនទស្សនា នៅថ្ងៃទី៣ ៤ ខែមីនា ឆ្នាំ២០២៣នេះ ចាប់ពីវេលាម៉ោង ៦:៣០ យប់ នៅ វិទ្យាស្ថានបារាំង IFC។ ទស្សនីយភាពនេះ ធ្វើនៅក្នុងកម្មវិធី រដូវវប្បធម៌ ឆ្នាំ២០២៣ ក្រោមប្រធានបទ “តែឯង តែយើង” ដោយមានការសម្តែងស្នាដៃថ្មីៗ កិច្ចពិភាក្សា បាឋកថា និងកម្មវិធីជាច្រើនទៀត។ ទស្សនិកជនអាចចូលរួមវិភាគទានជាវសំបុត្រទស្សនាដោយរីករាយ តម្លៃ ២ ម៉ឺនរៀល៕

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?