វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ ឆ្លើយតបមតិរិះគន់ថា ក្រសួងមិនអើពើការស្នើសុំចុះបញ្ជីក្រមា ចូលយូណេស្កូ ដូចថៃ
អគ្គនាយក អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ីយ៉ុន សុភារិទ្ធ មានប្រសាសន៍ ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី៣ មីនានេះថា មានការផ្សព្វផ្សាយថា ថៃ បានស្នើដាក់ ក្រមា ចូលក្នុងបញ្ជីបេតិកភណ្ឌរបស់ អង្គការ យូណេស្កូ និងបណ្ដាលឱ្យសាធារណជនរិះគន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា មិនអើពើធ្វើការ ខណៈប្រទេសដទៃ ពិសេសថៃ ដែលមានវប្បធម៌ប្រហាក់ប្រហែលគ្នា។

លោក ស៊ីយ៉ុន សុភារិទ្ធ មានប្រសាសន៍បន្តថា៖ “ពាក់ព័ន្ធ ការស្នើសុំដាក់ ក្រមា ចូលបញ្ជីបេតិកភណ្ឌពិភពលោក មិនមែនក្រសួងវប្បធម៌មិនអើពើទេ គឺបានធ្វើការជាង ២ឆ្នាំមកហើយ មានទាំងការងារស្នើបញ្ចូលមរតកអរូបីផ្សេងៗ ដោយក្រសួងបានបោះពុម្ពជាសៀវភៅ ចុះបញ្ជីសារពើភណ្ឌ និងព្យាយាមធ្វើបច្ចុប្បន្នភាពមរតកអរូបីទាំងនោះបន្តទៀត។ ព្រោះបើយើងមាន ក្នុងបញ្ជីសារពើភណ្ឌរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយ យើងអាចរៀបចំយន្តការដើម្បីស្នើសុំទៅយូណេស្កូបាន”។

អគ្គនាយក អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ រូបនេះលើកឡើងថា ដើម្បីស្នើដាក់ ក្រមាខ្មែរ ទៅយូណេស្កូបាន មិនមែនក្រសួងអ្នកស្នើទេ គឺសហគមន៍ ឬអ្នកភូមិដែលជាម្ចាស់មរតក។ លោកបញ្ជាក់ថា ចំពោះមរតករូបី គឺរដ្ឋាភិបាល ជាអ្នកគ្រប់គ្រង និងមានភារកិច្ចរៀបចំឯកសារស្នើសុំ ដូចជា ប្រាសាទសំបូរព្រៃគុក ប្រាសាទព្រះវិហារ ជាដើម។ ចំណែក មរតកវប្បធម៌អរូបី គឺម្ចាស់មរតកអរូបីដែលជាអ្នកស្រុកអ្នកភូមិ ឬយើងទាំងអស់គ្នា ស្រឡាញ់ចង់ការពារ ជាអ្នកស្នើសុំ ហើយក្រសួងរៀបចំតាមសំណើបន្ត។

លោក ស៊ីយ៉ុន សុភារិទ្ធ បញ្ជាក់ថា៖ “អ្នកតម្បាញជាច្រើនសហគមន៍ បានរួមគ្នាស្នើឱ្យដាក់ ក្រមាខ្មែរ ចូលបញ្ជី បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ ហើយក្រសួងវប្បធម៌បានចូលសម្របសម្រួលជួយកិច្ចការសំណើហ្នឹង។ ធម្មតា ក្រសួងមិនសូវបានប្រកាសថាធ្វើនេះនោះទេ គឺក្រសួងធ្វើតែម្ដង តាមអនុសាសន៍ ជំទាវបណ្ឌិតសភាចារ្យថា ឱ្យខំធ្វើទៅ មិនបាច់មាត់អីទេ។ ពួកខ្ញុំក្រុមការងារខំជួយសម្របសម្រួល ចុះទៅពិនិត្យស្រាវជ្រាវ សង្កេតផ្ទាល់ ប្រមូលទិន្នន័យ ជួយប្រែសម្រួលអត្ថបទស្នើសុំជាភាសាអង់គ្លេស ព្រមទាំងរៀបចំសិក្ខាសាលា”។

លោកមានប្រសាសន៍បន្តថា៖ “ជាក់ស្ដែង ថ្មីៗនេះ កាលថ្ងៃទី២០ ២១ ខែកុម្ភៈនេះ យើងទើបធ្វើសិក្ខាសាលា ដែលមានគ្រប់ភាគីមានទាំង អ្នកតម្បាញ វិស័យឯកជន ក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ចូលរួមនៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យឯកសារដែលធ្វើហើយ គួរកែសម្រួល បន្ថែមបន្ថយ អ្វីខ្លះ។ ឯកសារនេះ យើងសម្រេចបាន ជាង ៧០ភាគរយហើយ ដោយថ្ងៃទី១៧ ខែមីនា យើងរៀបចំសិក្ខាសាលាមួយទៀត ដើម្បីកែសម្រួលបញ្ចប់ឯកសារស្នើសុំ ដែលនឹងត្រូវដាក់ស្នើទៅ យូណេស្កូ នៅថ្ងៃទី៣១ ខែមីនានេះ”។

លោក ស៊ីយ៉ុន សុភារិទ្ធ មានប្រសាសន៍ថា ខាង យូណេស្កូ លើកទឹកចិត្ត ឱ្យដាក់សម្បត្តិវប្បធម៌អរូបីរួមគ្នា ព្រោះមរតកវប្បធម៌អរូបីមានការឆ្លងឥទ្ធពលគ្នាទៅវិញទៅមក ដែលយើងមិនគួរយក មរតកវប្បធម៌អរូបីជាអាវុធ ជាភ្លើងដើម្បីដុតគ្នានោះទេ ដោយមរតកវប្បធម៌អរូបីទាំងនោះមានភាពប្លែកគ្នាតាមប្រទេសនីមួយៗ ដែលគួរលើកទឹកចិត្តគ្នាឱ្យថែរក្សា លើកស្ទួយ ព្រោះមរតកវប្បធម៌ប្រឈមការបាត់បង់ខ្លាំង។ លោកបញ្ជាក់ថា បើ កម្ពុជា ឬប្រទេសណា ស្នើដាក់ក្រមា ក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់យូណេស្កូ ជាប់ មិនមែនមានន័យថា ប្រទេសផ្សេងៗទៀតមិនអាចដាក់បានទៀតទេ គឺយូណេស្កូអាចបន្ថែមបាន។

គួរបញ្ជាក់ថា ក្នុងវប្បធម៌ប្រពៃណីខ្មែរ ក្រមាមានអត្ថប្រយោជន៍ បង្ហាញពីអត្តសញ្ញាណជនជាតិខ្មែរ។ ក្រមាខ្មែរក៏បង្ហាញអំពីប្រពៃណីទំនៀមទម្លាប់ក្នុងការប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃដូចជាបាំងថ្ងៃ ជួតក្បាល ជូតមុខ បង់ក និងបញ្ជាក់ពីវីរភាពស្ត្រីខ្មែរក្នុងការអត់ធ្មត់ត្បាញកប្បាសមួយសរសៃៗ។ នៅសម័យហ្វូណន ឬសម័យអាណាចក្រភ្នំ គេរកឃើញរឿងដំណាលមួយថា ក្រមាគឺជាស្បៃរបស់នាងនាគដែលទុកសម្រាប់ឱ្យព្រះថោងតោងចូលទៅក្នុងទឹកដើម្បីរកសេចក្ដីសុខ។

ក្រមារបស់ខ្មែរប្រវែង ១០០០ ម៉ែត្រ ដែលត្បាញរួមគ្នាដោយប្រជាពលរដ្ឋខ្មែរ និងមានជនបរទេសផងដែរនោះ បានជាប់កំណត់ត្រាពិភពលោកជាក្រមាមានប្រវែងជាងគេ ពីគណៈកម្មការ Guinness World Record នាថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨។ សមិទ្ធផលជាទីមោទនភាពកើតចេញពីរួមគ្នាត្បាញ់របស់ប្រជាពលរដ្ឋខ្មែរអស់រយៈពេលជិត ៥ខែ អ្នកចូលរួមត្បាញក្រមា ចំនួន ១៩ ៧៧១ នាក់។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ អ្នកនាង Traisulee Traisoranakul អ្នកនាំពាក្យ ការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ថៃមានគម្រោងស្នើដាក់ក្រមា ដែលជាក្រណាត់ចម្រុះពណ៌របស់ថៃ (Multifunctional cloths in Thai life) ទៅក្នុងបញ្ជីឈ្មោះតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិរបស់អង្គការយូណេស្កូ ហើយឱ្យអគ្គនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ ក្នុងឋានៈជាលេខាធិការនៃគណៈកម្មាធិការផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌវប្បធម៌ ជាអ្នកចុះឈ្មោះក្នុងឯកសារសម្រាប់បញ្ជូនទៅកាន់យូណេស្កូ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?