វប្បធម៌ ជំនឿ
អ្នកទៅលេងខេត្តសៀមរាប មិនគួររំលងប្រាសាទទាំង៥នេះឡើយ!
បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កំពុងតែខិតចូលមកដល់ហើយ ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប ដើម្បីអបអរពិធីបុណ្យប្រពៃណីជាតិនេះ។ នៅសៀមរាប ក្រៅពីប្រាសាទអង្គរវត្ត តើភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ប្រាសាទណាខ្លះទៀត?

នៅខេត្តសៀមរាប សម្បូរដោយប្រាសាទបុរាណរាប់រយប្រាសាទ ដែលបន្សល់ទុកពីសម័យបុរាណកាលមកសម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានសិក្សា និងឈ្វេងយល់ពីប្រាសាទទាំងអស់នោះ។ “កម្ពុជាថ្មី” សូមលើកយកប្រាសាទចំនួន ៥ ដែលលោកអ្នកមិនគួរមើលរំលងឡើយ នៅពេលដែលទៅលេងខេត្តសៀមរាបក្រៅពីប្រាសាទអង្គរវត្ត នោះ គឺប្រាសាទបាគង ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី ប្រាសាទភិមានអាកាស និងប្រាសាទភ្នំក្រោម។
ទី១.ប្រាសាទបាគង
ប្រាសាទបាគង ត្រូវបានសាងសង់ឡើងដោយព្រះបាទឥន្រ្ទវរ្ម័នទី១ នៅឆ្នាំ៨៨១ នៅរាជធានី ហរិហរាល័យ ឬទីក្រុងរលួស។ ប្រាសាទនេះ សង់ឡើងសម្រាប់ឧទ្ទិសថ្វាយដល់ព្រះឥសូរ និងអំណាចព្រះរាជា ដែលមានទីតាំងខាងត្បូងប្រាសាទព្រះគោ ស្ថិតនៅភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប មានចម្ងាយប្រហែល ១២គីឡូម៉ែត្រ ពីទីរួមខេត្តបច្ចុប្បន្ន។ ដើមឡើយ ប្រាសាទមួយនេះ មានឈ្មោះថា ឥន្ទ្រេស្វរ ជាប្រាសាទដំបូងគេដែលត្រូវបានសាងសង់ឡើងដោយថ្មភក់ដ៏អស្ចារ្យ។ លុះនៅក្នុងសម័យកណ្តាល ទើបប្រាសាទមួយនេះបានប្តូរឈ្មោះមកជា ប្រាសាទបាគងវិញ។


តាមការស្រាវជ្រាវបង្ហាញថា ប្រាសាទមួយនេះមានកំពែង ២ ជាន់ គឺកំពែងខាងក្រៅ និងកំពែងខាងក្នុង។ កំពែងខាងក្រៅមានទំហំ ៩០០x៧០០ ម៉ែត្រ ហ៊ុមព័ទ្ធដោយទឹក ដែលតំណាងឲ្យមហាសមុទ្រនៃលោកធាតុវិទ្យាឥណ្ឌា។ ផ្លូវចូលកាន់ប្រាសាទ មានពីរ គឺខាងកើត និងខាងលិច ដែលលំអដោយនាគញីឈ្មោលមួយគូរលូនអមសងខាងផ្លូវ។ ប៉ុន្តែ ដោយសារតែកម្ពុជាឆ្លងកាត់សង្គ្រាមជាច្រើន បានធ្វើឱ្យប្រាសាទបាគងបច្ចុប្បន្នបាក់បែកច្រើន។ នៅជុំវិញប្រាសាទមានដើមឈើធំៗ និងមានស្រះទឹកព័ទ្ធជុំវិញ ជាម្លប់ដ៏ត្រជាក់សម្រាប់ភ្ញៀវទេសចរទៅកម្សាន្តផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់សោយព្រះទិវង្គត ប្រាសាទនេះត្រូវបានធ្វើជាផ្នូររបស់ព្រះអង្គ។
ទី២.ប្រាសាទបាយ័ន
ប្រាសាទបាយ័ន មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីក្រុងអង្គរតែម្តង ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ មានទីតាំងស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ចម្ងាយប្រហែល ១១គីឡូម៉ែត្រពីរង្វង់មូលនាគព័ន្ធ។

ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរទាំង៥៤ នៅសម័យកាលនោះ។ សាធារណជនមួយចំនួនធំ ស្គាល់ប្រសាទបាយ័នតាមរយៈព្រះព្រហ្មមុខ៤ ដែលមតិមួយចំនួនយល់ថា តំណាងឱ្យអ្នកថែរក្សាទិសទាំង៤ ដែលគេហៅថា ចតុលោកបាល គឺអ្នកដែលការពារទិសពិភពលោកមុខ៤។ ឯខ្លះទៀត យល់ថា រូបព្រះព្រហ្មមុខ៤ តំណាងឱ្យមេត្តា ករុណា ឧបេក្ខា និងមុទិតា ដែលមនុស្សគ្រប់រូបត្រូវប្រកាន់យកក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ប្រាសាទបាយ័ន គឺជាទីកន្លែងគោរពបូជា និងជាកន្លែងប្រវត្តិសាស្ត្រយ៉ាងស្រស់ស្អាត ភ្ជាប់ជាមួយនឹងវប្បធម៌ខ្មែរ ចម្លាក់ក្បួរក្បាច់រចនាប្រណីតមិនចាញ់ប្រាសាទអង្គរវត្តទេ។ នៅពេលដែលអ្នកទេសចរទៅទស្សនានៅទីនោះ ច្បាស់ណាស់នឹងទទួលបានអារម្មណ៍មួយប្លែកជាមួយនឹងប្រាសាទយ៉ាងធំ ហាក់បីដូចជាអ្នកកំពុងស្ថិតនៅក្នុងសម័យបុរាណអ៉ីចឹងដែរ។
ទី៣.ប្រាសាទបន្ទាយស្រី
ប្រាសាទប្រវត្តិសាស្ត្រមួយទៀត គឺប្រាសាទបន្ទាយស្រី ដែលមានទីតាំងស្ថិតនៅភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយប្រហែល ៣៩គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ប្រាសាទនេះ មានចម្ងាយ ៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវទៅភ្នំគូលែន។ ប្រាសាទបន្ទាយស្រី បានកសាងឡើងឆ្នាំ៩៦៧ ដោយព្រហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។

ប្រាសាទបន្ទាយស្រី ត្រូវបានសាងសង់ឡើងពីថ្មផ្កាឈូកជាមួយនឹងក្បាច់ចម្លាក់យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ប្រាសាទនេះ សង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និងឥដ្ឋរាង៤ជ្រុងទ្រវែង ហើយមានទឹកព័ទ្ធជុំវិញប្រាង្គទាំងបី។

៤.ប្រាសាទភិមានអាកាស
ប្រាសាទភិមានអាកាស ត្រូវកសាងដំបូងនៅដើមសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ បច្ចុប្បន្ន ស្ថិតនៅ ភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប មានចម្ងាយប្រហែល ១១គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។ ប្រាសាទនេះ ត្រូវបានកសាងឡើងដោយព្រះមហាក្សត្រ៣អង្គផ្សេងគ្នា គឺព្រះបាទរាជេន្រ្ទវរ្ម័នទី២ ព្រះបាទជ័យវរ្ម័នទី៥ និងព្រះបាទសូរ្យវរ្ម័នទី១។

ប្រាសាទភិមានអាកាស កសាងពីថ្មភក់ មានទម្រង់ជាប្រាសាទភ្នំ នៅលើគ្រឹះថ្មបាយក្រៀមបីជាន់។ គ្រឹះថ្មបាយក្រៀមទាំងបីជាន់ មានរាងបួនជ្រុងទ្រវែង ហើយមួយជាន់ៗ មានកម្ពស់៤ម៉ែត្រ និងមានជណ្ដើរគ្រប់ទិសទាំងបួន។ ប្រាសាទបុរាណមួយនេះ មានទីតាំងភូមិសាស្រ្តក្បែរប្រាសាទល្បីៗផ្សេងទៀតដូចជា ប្រាសាទបាយ័ន ប្រាសាទបាពួន ប្រាសាទបាលិលេយ្យ និងលានជល់ដំរីផងដែរ។

ទី៥.ប្រាសាទភ្នំក្រោម
ខុសប្លែកពីប្រាសាទផ្សេងៗ ប្រាសាទភ្នំក្រោមស្ថិតនៅលើកំពូលភ្នំក្រោម មានចម្ងាយប្រហែល ១២គីឡូម៉ែត្រពីទីក្រុងសៀមរាប និងបឹងទន្លេសាប និង២២គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត។ ប្រាសាទនេះ ត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ នៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០។ ប្រាសាទនេះ ត្រូវបានសាងសង់ឡើង ដើម្បីឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនា គឺ ព្រះឥសូរ ព្រះវិស្ណុ និងព្រះព្រហ្ម ។

ប្រាសាទភ្នំក្រោម មានប្រាង្គបីធ្វើអំពីថ្មភក់ ស្ថិតនៅជាជួរលើខៀនមួយពីខាងជើងទៅត្បូង។ ភ្ញៀវទេសចរដែលបានទៅទស្សនាប្រាសាទនោះ ប្រាកដជាបានឃើញទិដ្ឋភាពស្រស់ស្អាតពីលើភ្នំក្រោម ឃើញទាំងវាលស្រែធំល្វឹងល្វើយ បឹងទន្លេសាប និងផ្ទះប្រជាជនជាដើម។


យ៉ាងណាមិញ ក្រៅពីប្រាសាទ ខេត្តសៀមរាបក៏មានកន្លែងដើរលេងជាច្រើនទៀតដូចជារមណីយដ្ឋានបែបខ្មែរ កន្លែងបាញ់ធ្នូរបុរាណ និងតំបន់ទេសចរណ៍ជាច្រើនទៀត៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ