វប្បធម៌ ជំនឿ
ល្ខោននិយាយរឿង “ថៅកែចិត្តចោរ” ទទួលការគាំទ្រហួសការស្មាន នៅសម្ដែង ១យប់នេះទៀត
ការសម្ដែងល្ខោននិយាយ រឿង “តៃកុងហំ ថៅកែចិត្តចោរ” កាលពីយប់មិញ ទទួលការគាំទ្រ ទិញសំបុត្រលើសការរំពឹងទុក រហូតត្រូវថែមកៅអីទស្សនា មូយ គុណ នឹង ពីរ នៅតែមានមហាជនចង់ទិញសំបុត្រទស្សនាបន្តទៀត។ ចំណែកនៅម៉ោង ៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ជាថ្ងៃសម្ដែងចុងក្រោយ ក៏មានការទិញសំបុត្រអស់លើសគម្រោងផងដែរ រហូតក្រុមការងារត្រូវថែមកៅអីបន្តទៀត និងនៅសល់តិចតួចទៀតប៉ុណ្ណោះ។

ឆ្លៀតពេលដ៏មមាញឹក ខណៈត្រូវត្រៀមសម្ដែងថ្ងៃចុងក្រោយនៅវេលាម៉ោង ៧ រាត្រីនេះទៀត លោក សួង សុភ័ក្រ ជាអ្នកដឹកនាំរឿងល្ខោន បានឱ្យ “កម្ពុជាថ្មី” ដឹងមុននេះថា ការសម្ដែងល្ខោននិយាយរឿង តែកុងហំ ចៅកែចិត្តចោរ កាលពីយប់ម្សិលមិញ គឺគ្រោងលក់តែ ១០០ សំបុត្រទេ ប៉ុន្តែមានមហាជនមកទិញច្រើន ក៏បន្ថែមលក់ ១០០សំបុត្រទៀត។ លោកបញ្ជាក់បន្ថែមថា បើនៅបើកលក់សំបុត្រតាម App បន្តទៀត នឹងមានអ្នកទិញទៀត ប៉ុន្តែក្រុមការងារបានបិទត្រឹម ២០០ សំបុត្រ នៅពេលរសៀលម្សិលមិញ។

លោក សួង សុភ័ក្រ បញ្ជាក់បន្ថែមថា៖ “មានទស្សនិកជនមកមើលច្រើន យើងសប្បាយចិត្តដែលមានអ្នកមកគាំទ្រល្ខោននិយាយច្រើនបែបនេះ។ នេះជាការសម្ដែងលើកទី៦ ដែលខ្ញុំធ្លាប់ធ្វើកន្លងមក។ ការសម្ដែងលើកនេះ ទទួលការគាំទ្រច្រើនជាងលើកមុនៗ ព្រោះការផ្សព្វផ្សាយខ្លី ហើយអត់បានផ្សាយអីច្រើនទេ។ ឃើញថា សំទុះអ្នកគាំទ្រការសម្ដែងលើកនេះច្រើនជាងលើកមុន ហើយសុទ្ធតែជាអ្នកស្រឡាញ់ល្ខោន ស្រឡាញ់សិល្បៈ”។

អ្នកដឹកនាំរឿងល្ខោន រូបនេះ បានឱ្យដឹងថា សម្រាប់សំបុត្រទស្សនការសម្ដែងចុងក្រោយ នៅយប់នេះ មកដល់ពេលនេះ លក់សំបុត្រអស់ ៨០% ឬជាង ១៦០ សន្លឹកហើយ គឺលើសគម្រោង ដែលគ្រោងលក់តែសម្រាប់ ១០០ កន្លែង។ លោកបានឱ្យដឹងបន្ថែមថា ក្រុមការងារនឹងថែមសំបុត្រទៀត គឺត្រឹមសរុប ២០០ កន្លែង ដូចម្សិលមិញដែរ ដែលអាចនឹងលក់អស់មុនសម្ដែង ពេលល្ងាចនេះ។

ចំពោះមូលហេតុការជ្រើសរើស ល្ខោននិយាយរឿង “តៃកុងហំ ថៅកែចិត្តចោរ” មកសម្ដែង ខណៈរឿងនេះ ធ្លាប់សម្ដែងកន្លងមកហើយនោះ លោក សួង សុភ័ក្រ បញ្ជាក់ថា៖ “ខ្ញុំស្រឡាញ់រឿងហ្នឹង ព្រោះបានឆ្លុះបញ្ចាំងបង្ហាញពីតថភាពសង្គម និយាយពីបញ្ហាអ្នកមាន អ្នកក្រ។ កន្លងមកយើងដំឡើងល្ខោននិយាយ ហ្វឹកហាត់យូរថ្ងៃ តែសម្ដែងបានតែម្ដងៗ ប៉ុន្តែជាទូទៅ ល្ខោន បើនៅស្រុកគេវិញ គេហាត់ម្ដង គេលេង ២០ ដង ឬ ១ឆ្នាំឯណោះ គេលេងជាប់តែម្ដង។ ប៉ុន្តែសម្រាប់ស្រុកយើង ដំឡើងរឿងម្ដង សម្ដែងម្ដង។ អ៊ីចឹង សម្រាប់អ្នកទស្សនា នៅតែចង់ទស្សនា ប៉ុន្តែយើងខ្វះកន្លែងសម្ដែង យើងខ្វះថវិកាក្នុងការសម្ដែងឱ្យបានយូរ”។

អ្នកដឹកនាំរឿងល្ខោននិយាយខាងលើ ហើយក៏ជាអ្នកដឹកនាំភាពយន្តរឿង “ភិក្ខុពនេរចរ” ផងនោះ បានឱ្យដឹងបន្ថែមថា បន្ទាប់ពីបញ្ចប់ការសម្ដែងល្ខោននិយាយនេះទៅ លោកនឹងមានគម្រោងច្រើនទៀត ក្នុងនោះមានកិច្ចសហការជាមួយ វិទ្យាស្ថានបារាំង ធ្វើការសម្ដែងបន្តទៀត។

លោក សួង សុភ័ក្រ បញ្ជាក់ថា៖ “ការសម្ដែងល្ខោននិយាយលើកនេះ ជាការសាកល្បងជាមួយគ្នា។ ប៉ុន្តែបន្ទាប់ពីខាងសាលាបារាំងឃើញការគាំទ្រច្រើនពីម្សិលមិញបែបនេះ ធ្វើឱ្យគាត់ភ្ញាក់ផ្អើល គាត់សប្បាយចិត្ត គាត់ថា មិនដែលឃើញមានទស្សនិកជនមកមើលល្ខោនសុទ្ធតែខ្មែរទេ កន្លងមកកន្លែងគាត់សម្បូរតែបរទេស។

ចំពោះ ការសម្ដែងល្ខោននិយាយរឿង ថៅកែចិត្តចោរ ឬ តៃកុងហំ ថ្ងៃទី១ បានបញ្ចប់ដោយជោគជ័យនេះ អង្គការសកម្មភាពសិល្បៈខ្មែរ ដែលជួយការងារផ្សព្វផ្សាយ បានលើកឡើងថា ក្រុមការងារ ក៏ដូចជាសិល្បៈករ សិល្បៈការិនីគ្រប់រូប សូមលំឱនកាយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការមកចូលរួមទស្សនារបស់លោកលោកស្រីដ៏ច្រើនកុះករលើសពីការរំពឹងទុក។ ការគាំទ្ររបស់លោក លោស្រី គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ក្រុមការងារបន្តជំហានទៅមុខ ដើម្បីនាំយកនូវផ្ទាំងទស្សនីយភាពអក្សរសិល្ប៍ខ្មែរល្អៗដ៏ទៃទៀតមកសម្ដែងជូននាពេលខាងមុខ។

គួរបញ្ជាក់ថា រឿង តៃកុងហំ ថៅកែចិត្តចោរ ជាប្រលោមលោក ស្នាដៃនិពន្ធដោយ លោកសាស្រ្តាចារ្យ ពៅ យូឡេង និង អុំឈឺន តែងក្នុងឆ្នាំ ១៩៥៦។ រឿងនេះ ត្រូវបានដាក់ក្នុងកម្មវិធីសិក្សាមធ្យមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។
គួររំលឹកថា ល្ខោននិយាយមានលំហូរចូលមកពីប្រទេសបារាំងនៅសម័យអាណានិគមបារាំងនៅចន្លោះឆ្នាំ១៩៤០ តាមរយៈជនជាតិបារាំងម្នាក់ ដោយជនជាតិបារាំងនោះបានបង្រៀននៅក្នុងសាលាគរុកោសល្យរបស់គ្រូដើម្បីជួយសម្ដែងរឿងខ្លីពាក់ព័ន្ធនឹងប្រទេសបារាំង។ បន្ទាប់មកបន្តិចម្ដងៗល្ខោននិយាយក៏បានអភិវឌ្ឍន៍ទៅមុខល្អប្រសើរ ទទួលការចាប់អារម្មណ៍ខ្លាំងពីប្រជាជននៅក្នុងសម័យសង្គមរាស្ត្រនិយម។ ល្ខោននិយាយមានការអភិវឌ្ឍជាខ្លាំង ដោយសារមានព្រឹទ្ធាចារ្យល្បីដូចជា ព្រឹទ្ធាចារ្យ ហុង គឹមហាក់ បានធ្វើការជាខ្លាំងទៅលើល្ខោននិយាយនេះ និងសម្ដេច សីហនុ ជាប្រមុខក៏បានគាំទ្រល្ខោននិយាយនេះខ្លាំងដែរ។

នៅក្នុងសម័យសារណៈរដ្ឋកម្ពុជាឆ្នាំ១៩៨០ និងឆ្នាំ១៩៨១ ក៏បានចាប់ផ្ដើមប្រមូលអ្នកចេះដឹងផ្នែកល្ខោននិយាយនេះ មកជុំគ្នាវិញ បន្ទាប់ពីសម័យខ្មែរក្រហមបានដួលរលំ ដោយក្នុងពេលនោះមានគ្នាតែ ៣ទៅ ៤នាក់ប៉ុណ្ណោះ។ ដូច្នោះនៅឆ្នាំ១៩៨១ ក៏ចាប់ផ្ដើមបើកសាលាថ្នាក់ល្ខោននៅក្នុងប្រទេសកម្ពុជាឡើងវិញ ដោយជ្រើសរើសសិស្សចូលរៀន ដែលមានលោកគ្រូ ហួត ស៊ីថន ជាសិស្សជំនាន់ទី១ ក្នុងសាលាល្ខោនប្រទេសកម្ពុជា។ ល្ខោននិយាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានសាលាមធ្យមវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទទួលសិស្សរៀនជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?