វប្បធម៌ ជំនឿ
ព្រឺសម្បុរក្រោយដឹង ការត្រៀមបង្ហាញកម្ពុជា ក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម
ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ រហូតដល់កម្ពុជាមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ ក្រោមមូលបទ “កីឡារស់ក្នុងសន្ដិភាព”។
ចំពោះ ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងប្រារព្ធនៅ ២ថ្ងៃខាងមុខ ពោលគឺនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ លោក ទិត្យ ថាវរិទ្ធិ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះថា ជាមួយការដង្ហែក្បួនតំណាងកីឡាករទាំង ១១ប្រទេស ក្រសួងវប្បធម៌ទទួលបន្ទុកពិនិត្យខ្លឹមសារ ការរៀបចំផ្សេងៗដែលពាក់ព័ន្ធនឹងវប្បធម៌ និងសិល្បៈ ជាពិសេសរៀបចំទស្សនីយភាពឈុតធំមួយនិយាយពីដំណើរជាតិកម្ពុជា ដែលសម្ដែងដោយសិល្បករប្រមាណ ៣ ២៩២ នាក់ ដោយមានការចូលរួមពីកម្លាំងរួមគ្នាជាច្រើន។
លោក ទិត្យ ថាវរិទ្ធិ មានប្រសាសន៍បញ្ជាក់ថា៖ “ទស្សនីយភាពមានរយៈពេលចន្លោះ ៥៥នាទី ចែកចេញជា ៥វគ្គ ដោយវគ្គទី១ និយាយពីកំណើត នៃការកកើតទឹកដី មនុស្ស បុព្វបុរសកម្ពុជា។ វគ្គនេះ យើងប្រើសិល្បករសរុបទាំងអស់ប្រមាណ ៤០០នាក់។ វគ្គទី២ និយាយពី “ភាពរុងរឿងនៃអរិយអង្គរ” យើងនិយាយពីភាពអស្ចារ្យ ភាពល្បីល្បាញ នៃព្រះមហាក្សត្រជំនាន់ដើមរបស់យើង គឺព្រះបាទជ័យវរ្ម័នទី៧ ដែលសម័យនោះបានកសាងប្រាសាទ អរិយធម៌ដ៏រុងរឿង បង្ហាញសំលៀកបំពាក់បុរាណខ្មែរ វប្បធម៌ សិល្បៈខ្មែរច្រើនទម្រង់ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ដោយយើងប្រើសិល្បករ ៩៨០នាក់”។
អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងបន្ថែមថា វគ្គទី៣ មានឈ្មោះ “ស្នាមញញឹមខ្មែរ” និយាយពីភាពរីកលូតលាស់គ្រប់វិស័យ នៃសង្គមខ្មែរក្រោមម្លប់សន្តិភាពដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសយើងមានសន្តិភាព មានឱកាសកសាងប្រទេសបានរុងរឿង បានសុខសប្បាយដល់សព្វថ្ងៃ។
លោក ទិត្យ ថាវរិទ្ធិ បញ្ជាក់បន្ថែមថា៖ “ចំពោះវគ្គនេះ យើងប្រើសិល្បករសរុប ៩៣៥ នាក់។ វគ្គ៤ ឈ្មោះ “អនាគតកម្ពុជា” គឺយើងបង្ហាញពីសិល្បៈនៃការវាយស្គរ និងបង្ហាញឈុតសម្ដែងដែលមានស្គរចំនួនជាង ៤០០ស្គរ។ វគ្គនេះ យើងមានសិល្បករសម្ដែង ៧២៨ នាក់។ វគ្គ៥ “សហគមន៍ជោគវាសនាតែមួយ” ដែលយើងប្រើកម្លាំងសិល្បករសរុប ១៥៩នាក់”។
លោក ទិត្យ ថាវរិទ្ធិ មានប្រសាសន៍បន្តថា កម្លាំងចូលរួមសម្ដែងធំទី១ បានពីខាងកងទ័ពមានចំនួន ២ ០៩៦ នាក់ មាន ៧អង្គភាពធំ, សិល្បករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានចំនួន ៦៤៦ នាក់ ព្រមទាំងមានកម្លាំងសិល្បករស្ម័គ្រចិត្តផ្សេងៗមកពីអង្គភាពក្រៅ ក្រុមតារាក្រៅប្រព័ន្ធ និស្សិតពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សរុបចំនួន ៣៤៦នាក់ថែមទៀត។ ចំពោះសិល្បករសរុបទាំងជាង ៣០០០នាក់ បានធ្វើការហ្វឹកហាត់រយៈពេលជាង ២ខែ ដោយមានគ្រូបង្ហាត់ ចំនួន ១១០នាក់ ជំនួយការគ្រូ ២៥នាក់ ព្រមទាំងសិល្បករបម្រុងផ្សេងទៀត។
អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងថា មកដល់ពេលនេះ យើងសម្រេចបាន ៩៩% ដោយមិនមានបារម្ភថា មានបញ្ហានៅពេលវេលានៅសល់ខ្លីនេះទេ។ ចំណុចកំពុងបន្ត គឺការបន្ស៊ីការហ្វឹកហាត់រវាងការសម្ដែងជាមួយបច្ចេកទេសមានឆាក ក្រាហ្វិក ពណ៌ រូបភាព ខ្លឹមសារអត្ថបទ បទចម្រៀង។
លោក ទិត្យ ថាវរិទ្ធិ បានឱ្យដឹងបន្តថា៖ “យើងនឹងបង្ហាញវប្បធម៌ និងភាពអស្ចារ្យរបស់កម្ពុជាតាំងពីបុរាណមានការរីកចម្រើន រហូតមកដល់បច្ចុប្បន្ននេះ យើងនាំយកសន្តិភាព និងភាពអស្ចារ្យ ដែលធ្វើឱ្យបរទេសស្គាល់កម្ពុជា ស្គាល់ពីបេះដូងកម្ពុជា អាចមកកម្សាន្តនៅកម្ពុជា។ កម្ពុជាអាចធ្វើអ្វីៗដោយខ្លួនឯង កម្ពុជាមានលទ្ធភាពជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនានា និងជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ដែលបង្ហាញថា កម្ពុជាមានសមត្ថភាព មានសន្តិភាព ទើបអាចដឹកនាំរៀបចំព្រឹត្តិការណ៍ខ្នាតអន្តរជាតិធំនេះ ព្រមទាំងមិនយកថ្លៃអ្វីទាំងអស់ពីប្រិតភូកីឡា និងកីឡាករទាំងអស់ ដែលនេះជារឿងមិនធ្លាប់កើតមានប្រទេសណាហ៊ានចំណាយទាំងស្រុងបែបនេះ”។
អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះផ្ដាំផ្ញើសូមទស្សនិកជនដែលចូលរួមទស្សនាស៊ីហ្គេម ទាំងផ្ទាល់ តាមទូរទស្សន៍ តាមបណ្ដាញសង្គមផ្សេងៗក្ដី សូមចូលរួមធ្វើយ៉ាងណាឱ្យបរទេសបានស្គាល់តម្លៃ និងភាពអស្ចារ្យរបស់កម្ពុជា ដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់ ស្វាគមន៍មិត្តភក្ដិ និងភ្ញៀវទេសចរណ៍បរទេសទាំងឡាយ មានអនាម័យគ្រប់ទីកន្លែង រួមគ្នាថែរក្សាសន្តិភាពដើម្បីកម្ពុជាយើងមានឱកាសកសាងប្រទេសកាន់តែសម្បូររុងរឿងថែមទៀត។
គួរបញ្ជាក់ថា តាមការគ្រោងទុក ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងរៀបចំឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ គួររំលឹកថា នៅក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាព នៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានបញ្ជាក់ថា កម្ពុជានឹងចំណាយថវិកាចំនួន ១២៤លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នេះមិនទាន់រាប់បញ្ចូលព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមផង ដែលការប្រកួតកីឡាជនពិការអាស៊ានភ្ជាប់គ្នានេះ ទាមទារឱ្យមានការចំណាយពី ៣០ ទៅ៤០លានដុល្លារបន្ថែមទៀត។ ដោយបដិសេធការលើកឡើងមិនច្បាស់លាស់ពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនស្តីពីថវិកាចំណាយសម្រាប់ការរៀបចំនេះ លោក វ៉ាត់ ចំរើន បន្ថែមថា ការចំណាយថវិការបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះ គឺជាចំណាយប្រកបដោយការសន្សំសំចៃ ហើយជាការចំណាយទាបជាងគេ ក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ាន៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ