វប្បធម៌ ជំនឿ
មកដឹងអារម្មណ៍ពិតរបស់ តួនាងនាគ ពេលយោងឡើងខ្ពស់ ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេម
មកដល់ពេលនេះ ទស្សនិកជនលើពិភពលោក ពិសេសប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស នៅតែរំភើប និងស្ញប់ស្ញែង ចំពោះព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងដែរនោះ គឺឈុតដំបូង បង្ហាញពី “ដើមកំណើតនៃទឹកដីកម្ពុជា” ដោយតួអង្គនាងនាគ ត្រូវហោះអណ្ដែតពីលើអាកាស ចុះមកលើសំពៅរបស់ព្រះថោង។

មតិខ្លះគិតថា តួនាងនាគ ប្រហែលជា សិល្បការិនីផ្នែកសៀក ដែលជំនាញក្នុងការហក់លោត សម្រាលខ្លួន។ ប៉ុន្តែដោយឃើញពី ក្បាច់រាំល្វតល្វន់ ជាមួយតួព្រះថោង ក្នុងទម្រង់របាំក្បាច់បុរាណនោះ ញ៉ាំងឱ្យមានមន្ទិលមួយទៀតកើតឡើងថា តួនាងនាគ មិនមែនជា សិល្បការិនីផ្នែកសៀកទេ។ ប៉ុន្តែបើ ជានាដកា ឬនារីរបាំក្បាច់បុរាណ គឺមានភាពទន់ភ្លន់ គឺមិនហ៊ានរាំលើអាកាសដ៏ខ្ពស់ដោយខ្សែរតតូចបែបនោះទេ។ តើ តួនាងនាគ មានមូលដ្ឋានសិល្បៈពីផ្នែកអ្វី? ហេតុអ្វីនាងអាចរាំដោយទន់ភ្លន់នឹមនួន និងហ៊ានឱ្យគេយោងឡើងខ្ពស់បែបនោះ?

ដើម្បីស្រាយចម្ងល់មន្ទិលទាំងអស់នេះ “កម្ពុជាថ្មី” បានស្វែងរកសម្ភាសជាមួយ តួអង្គនាងនាគ។ នាដកា ច័ន្ទ ស្រីលក្ខណ៍ បានឱ្យដឹងថា នាងជា នាដការបាំក្បាច់បុរាណ។ នាងមានទឹកចិត្តសប្បាយរីករាយ និងគិតថាជាភ័ព្វសំណាង ដែលពេលអ្នកគ្រូ លោកគ្រូ និងថ្នាក់ដឹកនាំ មើលឃើញពីសមត្ថភាព និងទុកចិត្តលើសមត្ថភាពរបស់នាង ហើយបានជ្រើសរើសនាងឱ្យសម្ដែងជាតួអង្គធំ តួនាងនាគ ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។

នាដកា ច័ន្ទ ស្រីលក្ខណ៍ បានឱ្យដឹងបន្ថែមថា៖ “អារម្មណ៍ខ្ញុំពេលដឹងថា ខ្ញុំត្រូវរាំដោយគេទាញខ្សែរតឡើងខ្ពស់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម, ដំបូងខ្ញុំគិតពីសុវត្ថិភាព ព្រោះខ្ញុំអត់ដែលរាំលើខ្សែរតអ៊ីចឹងទេ យើងធ្លាប់តែរាំលើឆាកធម្មតា ដល់តែឱ្យយើងរាំលើខ្សែរតខ្ពស់ គឺប្លែកខ្លាំង ម៉្យាងយើងភ័យពីសុវត្ថិភាព ខ្លាចជួបឧបទ្ទវហេតុចៃដន្យណាមួយ… ប៉ុន្តែខ្ញុំអត់រារែកទេ គឺខ្ញុំអត់ប្រកែក ខ្ញុំនឹងសាកល្បង ខ្ញុំនឹងព្យាយាមធ្វើ ហើយខ្ញុំដាក់ចិត្តថា ខ្ញុំនឹងធ្វើឱ្យបាន ព្រោះព្រឹត្តិការណ៍ហ្នឹងធំ ផ្សព្វផ្សាយទូទាំងពិភពលោក។ អ៊ីចឹង ខ្ញុំចង់ឱ្យពិភពលោកស្គាល់វប្បធម៌ខ្មែរយើង”។

តួអង្គនាងនាគ រូបនេះ បានឱ្យដឹងថា នាងមានទម្ងន់ ៥៧គីឡូក្រាម កម្ពស់ ១,៦៦ ម៉ែត្រ។ នាងមិនដឹងច្បាស់ថា រតនោះទាញនាងដល់កម្ពស់ប៉ុន្មានម៉ែត្រទេ ប៉ុន្តែចំពោះនាង គឺខ្ពស់ខ្លាំង ព្រោះពេលហាតសម គេទាញនាងដល់កម្ពស់ជាន់លើ ជាន់ទី៣ នៃកៅអីទស្សនិកជន។

នាដកា ច័ន្ទ ស្រីលក្ខណ៍ បានឱ្យដឹងបន្ថែមថា៖ “ពេលហាត់សមដំបូង លោកគ្រូប្រាប់ថា តិចទៀតខ្ញុំនឹងហាត់សមជាមួយខ្សែរត, ខ្ញុំរៀងភ័យដែរបង ក្នុងចិត្តខ្ញុំភ័យ តែខ្ញុំអត់បញ្ចេញឱ្យគេឃើញទេ (សើចហួសចិត្ត) សុខចិត្តលួចភ័យក្នុងចិត្ត។ ពេលសាកជាមួយខ្សែរត គេទាញឡើងលើបន្តិច ហើយខ្ញុំក្រឡេកមើលក្រោម ខ្ញុំរៀងភ័យ អ៊ីចឹងខ្ញុំស្ទង់ខ្លួនឯងថា ខ្ញុំអត់អាចមើលក្រោមទេ ដាច់ខាតខ្ញុំអត់ទម្លាក់ភ្នែកមើលមកក្រោមទេ ពេលគេទាញដល់កម្ពស់ណា ខ្ញុំមើលអ្វីៗនៅពីមុខខ្ញុំកម្ពស់ហ្នឹងដែរ ខ្ញុំអត់អាចទម្លាក់ភ្នែកចុះក្រោមទេ គឺខ្ញុំអាចនឹងភ័យ ហើយស្លុត។ ពេលហាត់ដំបូងហ្នឹង ខ្ញុំបន់ស្រន់អស់ហើយ វត្ថុសក្ដិសិទ្ធិ លោកតាមុនីឥសី សម្ដេចព្រះគ្រូខាងរបាំ គឺខ្ញុំបន់ស្រន់អស់ហើយ ឱ្យសុខសប្បាយ…”។

នាដកា ច័ន្ទ ស្រីលក្ខណ៍ បានឱ្យដឹងថា ក្នុងការហ្វឹកហាត់ នាងជួបបញ្ហាមួយចំនួនទាក់ទងទៅនឹងសុខភាព ដោយសារអាកាសធាតុ និងត្រូវហាត់ក្នុងរយៈពេលច្រើនម៉ោង។

នាដកា ច័ន្ទ ស្រីលក្ខណ៍ បញ្ជាក់ថា៖ “បញ្ហាពេលហាត់ គឺពេលខ្លះ ខ្ញុំខ្សោយ អត់សូវស្រួលខ្លួន ដោយសារអាកាសធាតុពេលហាត់សមហ្នឹង ក្ដៅខ្លាំងណាស់ ខែក្ដៅ ហើយពួកខ្ញុំត្រូវហាត់កណ្ដាលថ្ងៃ ពេលខ្លះហាត់ដល់យប់ បើកាលជិតដល់ថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម គឺពួកខ្ញុំហាត់ដល់យប់ជ្រៅខ្លាំង ថ្ងៃខ្លះដល់ម៉ោង ១២ ម៉ោង១យប់ អ៊ីចឹងនាំឱ្យប៉ះពាល់ដល់សុខភាព។ ប៉ុន្មានខែក្នុងការហាត់ត្រៀមបើកស៊ីហ្គេមនេះ ខ្ញុំឈឺ ឧស្សាហ៍ខ្យល់ ដោយសារយើងចំណាយពេលហាត់ច្រើនជាងរាល់ដង ហាត់ព្រឹកល្ងាចៗ តាំងពីព្រលឹម ពេលសម្រាកបាយថ្ងៃហើយ យើងហាត់តទៀត”។

ថ្ងៃសម្ដែងក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេម តើប្អូនមានអារម្មណ៍ដូចម្ដេច ខណៈថ្នាក់ដឹកនាំ និងមហាជនជាច្រើនបានទស្សនាការសម្ដែងរបស់ប្អូន និងស្រែកហ៊ោអបអរ? ប្អូនធ្លាប់រំពឹងថា មានការគាំទ្រ បែបនោះទេ?

នាដកា ច័ន្ទ ស្រីលក្ខណ៍ និយាយទាំងអួលដើមក៖ “អារម្មណ៍ថ្ងៃសម្ដែង ខ្ញុំរំភើបខ្លាំងរកពាក្យអីនិយាយអត់បាន ព្រោះយើងអត់ដែលរំពឹងថា មានការគាំទ្រ មានការស្រែកហ៊ោខ្លាំងដល់ថ្នាក់ហ្នឹងទេ បង។ ថ្ងៃហ្នឹង ខ្ញុំលឺ មហាជនស្រែកហ៊ោខ្លាំងមែនទែន ពេលលឺសំឡេងពួកគាត់ហើយ ខ្ញុំឡើងលែងមានអារម្មណ៍ភ័យ ពេលឡើងខ្សែរត។ ពេលហាត់សម ខ្ញុំតែងភ័យថា ខ្លាចខ្សែរតអត់មាំ ឬរបូតខុសបច្ចេកទេស… យើងចេះតែគិតទៅណា៎ បង។ ប៉ុន្តែថ្ងៃសម្ដែងហ្នឹង ខ្ញុំលឺសំឡេងហ៊ោពួកគាត់ហើយ ខ្ញុំមានកម្លាំងចិត្ត បាត់ភាពភ័យ ខ្ញុំឡើងលែងមានអារម្មណ៍ថា ខ្ញុំសម្ដែងជាមួយខ្សែរតខ្ពស់ខ្លាំងទៀត…”។

នាដកា ច័ន្ទ ស្រីលក្ខណ៍ លើកឡើងថា នាងបានត្រៀមសម្រាប់ការសម្ដែងនៅ ព្រឹត្តិការណ៍បិទស៊ីហ្គេមរួចជាស្រេច ហើយនាងមានអារម្មណ៍សប្បាយចិត្ត រំភើបជាខ្លាំង សំណាងដែលបានកើតជាកូនខ្មែរ និងមានមោទនភាពជាអ្នករបាំបុរាណ ដែលបានផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក និងទៅដល់ប្អូនៗកូនខ្មែរជំនាន់ក្រោយបានសិក្សា ឈ្វេងយល់៕
សូមរង់ចាំអាន អត្ថបទកម្រងជីវិតរបស់ តួនាងនាគ នាដកា ច័ន្ទ ស្រីលក្ខណ៍ បន្តទៀត។
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ