វប្បធម៌ ជំនឿ
សាស្ត្រាចារ្យ ព្រឿង ឈៀង៖ យើងត្រៀមទស្សនីយភាពបើកស៊ីហ្គេមកម្ពុជា តាំងពីឆ្នាំ២០២០
កម្ពុជា បានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ គឺធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជាបានបង្ហាញពីប្រវត្តិ និងអត្តសញ្ញាណជាតិខ្លួនដល់សាកលលោកបានជ្រួតជ្រាប និងបន្សល់ភាពដិតដាមមោទនភាពជាតិ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ផ្ទាំងមហាទស្សនីយភាពរយៈពេលជាង ១ម៉ោងនេះ ត្រូវបានត្រៀម រៀបគម្រោង និងហ្វឹកហាត់ ពុះពារឆ្លងកាត់ជម្នះឧបសគ្គនានាអស់រយៈពេលជាង ៣ឆ្នាំ។

សាស្រ្តាចារ្យ ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខណៈទើបមានសុខភាពធូរស្រាលឡើងវិញ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា កាលពី៣ ៤ឆ្នាំមុន ពេលលឺថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេម ក្នុងនាមលោកជាសមាជិករៀបចំព្រឹត្តិការណ៍បើកបិទកីឡាស៊ីហ្គេម លោកបានចូលរួមប្រជុំ ដោយលើកគំនិតដាក់ ផ្ទាំងទស្សនីយភាពដំណើរជាតិកម្ពុជា។

សាស្ត្រាចារ្យ ព្រឿង ឈៀង មានប្រសាសន៍បន្តថា៖ “នៅពេលនោះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានឱ្យខ្ញុំសរសេរសាច់រឿង ចាប់ពីការកកើតទឹកដីខ្មែរ រហូតដល់អរិយធម៌អង្គរ និងសរសេរជាគោល ទស្សនីយភាពនយោបាយឈ្នះ ដែលសរសេរចប់នៅថ្ងៃទី២៤ តុលា ២០២០។ ហើយបានយកទៅឆ្លងថ្នាក់ដឹកនាំក្រសួងវប្បធម៌ ដើម្បីជួយពិនិត្យ ដោយយកសាស្ត្រាចារ្យជំនាញគ្រប់ផ្នែកដើម្បីកែសម្រួលអត្ថបទ ហើយយកជូន CAMSOC យកឆ្លងទៅថ្នាក់លើ ទើបបានសម្រេចយកបង្ហាញ ទស្សនីយភាពដំណើរជាតិកម្ពុជានេះឡើង”។

សាស្ត្រាចារ្យ បានឱ្យដឹងបន្តថា ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបែងចែកការងារ ព្រោះរឿងនេះ ជារឿងធំ ត្រូវការមនុស្សរាប់រយ ពាន់នាក់។ យើងបានបែងចែកផែន ដើម្បីឱ្យសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូទាំងអស់ទទួលខុសត្រូវ និងជួយរកសមាជិកសម្ដែង មានសិល្បៈចម្រុះ មានឈុតខ្លះលេងជាល្ខោន ឈុតខ្លះលេងជារបាំ។ នៅពេលនោះ រដ្ឋាភិបាល បានឱ្យដឹងថា ខាងមិត្តចិន នឹងជួយខាងផ្នែកបច្ចេកវិទ្យា ហើយយើងបានសហការគ្នា។

សាស្ត្រាចារ្យ ព្រឿង ឈៀង មានប្រសាសន៍ថា៖ “ខ្ញុំបានទទួលផ្ដាច់មុខ នូវឈុតទេវកថា ព្រះថោងនាងនាគ, កំណើតជនជាតិខ្មែរដើម និងឈុត អង្គររុងរឿង។ ចំណែកផែន នយោបាយឈ្នះ ស្នាមញញឹម មាន លោកគ្រូ អ៊ុក សារ៉ាន់ អ្នកគ្រូ ឃីម វណ្ណធី ទទួលផែន កសិកម្ម ឧស្សាហកម្ម នេសាទ ។ល។ លោកគ្រូ ម៉ៅ កេង ទទួលផែនស្គរ, អ្នកគ្រូប៊ែល និងលោកគ្រូ អ្នកគ្រូផ្សេងទៀត ជួយផែន របាំមិត្តភាពអាស៊ាន”។

សាស្ត្រាចារ្យ ព្រឿង ឈៀង បានឱ្យដឹងថា ក្រុមការងារប្រជុំរៀបគម្រោងជិត ១ខែ និងហាត់ជាង ៣ខែ ហាត់ទាំងកណ្ដាលថ្ងៃ។ ការលំបាក ១ទៀត គឺទស្សនីយភាពត្រូវការមនុស្សច្រើន ប៉ុន្តែសិល្បករនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ មិនគ្រប់ចំនួន ដូចនេះជួបការលំបាក និងបានខិតខំរកនិស្សិតសិស្សសិល្បៈក្រៅប្រព័ន្ធមកចូលរួម។

សាស្រាចារ្យ ព្រឿង ឈៀង មានប្រសាសន៍ថា៖ “ក្នុងនោះកម្លាំងស្នូលរបស់យើង យើងមានកងទ័ព និងអង្គរក្សដែលជាប្រភពចាំបាច់ ដែលយើងទទួលការអនុញ្ញាតសហការពី សម្ដេចពិជ័យសេនា ទៀ បាញ់។ បើក្រៅពីកងទ័ព និងអង្គរក្ស គឺយើងពិបាករកកម្លាំងមកតស៊ូហាត់ណាស់ ការហាត់រៀននេះពិបាកណាស់។ ទោះបីចំនួនអ្នកសម្ដែងយើងមានកម្រិត ក៏យើងខិតខំប្រឹងប្រែងទាំងអស់គ្នា ទាំងភាគីមិត្តចិន ទាំងប្អូនៗកងទ័ព សិល្បករសិល្បការិនី និងសិស្សនិស្សិតក្រៅប្រព័ន្ធ ខំហាត់ទាំងកណ្ដាលថ្ងៃ ដោយមិនគិតនឿយហត់ ពេលខ្លះមានដួលសន្លប់ គ្រុនក្ដៅចូលពេទ្យ មានគ្រោះថ្នាក់បន្តិចបន្តួច ប៉ុន្តែយើងចេះតែតស៊ូរហូតបានបញ្ចប់ហ្នឹង”។

សាស្ត្រាចារ្យ ព្រឿង ឈៀង បានឱ្យដឹងបន្តថា បន្ទាប់ពីថ្នាក់ដឹកនាំមានប្រសាសន៍ថា រយៈពេល ៦៤ឆ្នាំហើយ ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា លោកមានចិត្តរំភើបជាខ្លាំង និងបានរៀបចំសរសេរសាច់រឿង ដោយបានស្រាវជ្រាវឯកសារ និងឆ្លងពិភាក្សាពីសាស្ត្រាចារ្យជំនាញជាច្រើន ដើម្បីឱ្យអន្តរជាតិស្គាល់កម្ពុជា ស្គាល់តម្លៃប្រជាជាតិ និងកេរតំណែលដូនតា ដែលកម្ពុជា ជាព្រះរាជាណាចក្រវប្បធម៌។

លោក ព្រឿង ឈៀន មានប្រសាសន៍ថា៖ “នៅពេលហាត់ម្ដងៗ យើងខ្ញុំតែងពិនិត្យ ហាត់ពីមួយថ្ងៃទៅមួយថ្ងៃ បានកែសម្រួលចុះឡើងៗឱ្យកាន់តែល្អ។ ខ្ញុំរំភើបនៅឈុតដំបូង ដែលខ្ញុំចង់ឱ្យប្រទេសជាមិត្ត និងសាកលលោកដឹងថា កម្ពុជាមកពីណា គឺយើងមានដូនតាពូជសាសន៍ច្បាស់លាល់។ ទី២ ខ្ញុំបានបង្ហាញ អរិយធម៌អង្គរដ៏រុងរឿង ហើយមានសិល្បៈវប្បធម៌ដែលបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រមទាំងបង្ហាញសម្លៀកបំពាក់ ឧបករណ៍ប្រើប្រាស់ ការសម្ដែងសិល្បៈ របាំអប្សរ ល្ខោនស្បែកធំ ល្បុក្កតោ ល្ខោនខោល ជាដើម…”។

សាស្ត្រាចារ្យ ព្រឿង ឈៀង បានឱ្យដឹងថា ក្នុងឈុតឆាកដើមកំណើតជាតិខ្មែរ និងអរិយធម៌អង្គរដ៏រុងរឿង ព្រមទាំងមានសំឡេងភ្លេង ការតុបតែង មានការបញ្ចាំងរូបប្រាសាទ ធ្វើឱ្យលោករំភើបទប់ទឹកភ្នែកមិនបាន ទោះបីលោកបានពិនិត្យមើលច្រើនដងក្ដី។

សាស្ត្រាចារ្យ ព្រឿង ឈៀង មានប្រសាសន៍ថា៖ “ខ្ញុំរំភើប ខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ដោយការសប្បាយដែលយើងជាអ្នកបន្តវេន បានបង្ហាញឱ្យពិភពលោកបានស្គាល់ដូនតា និងប្រទេសកម្ពុជាយើង។ នៅឈុតអង្គររុងរឿង មហាជនគាំទ្រស្រែកហ៊ោពេញស្តាត ពេលនោះក្ដីរំភើបបុកច្រាលមកធ្វើឱ្យខ្ញុំឆួលហូរទឹកភ្នែកមក។ ថ្ងៃបើកព្រឹត្តិការណ៍នោះ គឺខ្ញុំឈឺគ្រុន តែទៅទាំងគ្រុន តែមានកម្លាំងព្រឺសវិញ”។

សាស្ត្រាចារ្យ ព្រឿង ឈៀង បានឱ្យដឹងបន្ថែមថា ចំពោះព្រឹត្តិការណ៍បិទស៊ីហ្គេម កម្ពុជាមានត្រៀមផ្ទាំងទស្សនីភាព និងការសម្ដែងសិល្បៈមួយចំនួនទៀតដែរ ដែល CAMSOC បានរៀបចំ ដើម្បីបិទ និងលាគណៈប្រតិភូ កីឡាករមិត្តអន្តរជាតិដែលបានចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនេះ។

សាស្ត្រាចារ្យ ព្រឿង ឈៀង មានប្រសាសន៍ថា៖ “ខ្ញុំសូមអរគុណថ្នាក់ដឹកនាំគ្រប់ផ្នែក ដែលផ្ដល់ឱកាសដល់យើងខ្ញុំបានបញ្ចេញស្នាដៃសិល្បៈវប្បធម៌កេរពីដូនតា និងស្នើសូមឱ្យប្រជាពលរដ្ឋកម្ពុជាយើងមើលហើយ ចងចាំដំណើរជាតិបានវិវឌ្ឍពីពេលកកើត រហូតដល់បច្ចុប្បន្ន ទម្រាំបានសុខសន្តិភាពពេញលេញ។ បើយើងគ្មានសន្តិភាពទេ យើងមិនអាចរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមពេលនេះបានទេ ហើយយើងនៅមានព្រឹត្តិការណ៍ផ្សេងៗតទៅមុខទៀត។ ដូចនេះ ពេលឈុតមួយ ដែលគេរុញឆាកព្រះបាទជ័យវរ្ម័នទី៧ មកដល់មុខវេទិកា ខ្ញុំឱ្យតួព្រះបាទជ័យវរ្ម័នតើនឈរ ហើយលើកព្រះហត្តឡើងគឺ មានន័យថា យើងត្រូវនាំគ្នាទៅមុខបន្តទៀត”។

ព្រឹត្តិការណ៍ស៉ីហ្គេមនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលពលរដ្ឋកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពិតជាមានមោទនភាព និងក្ដីរំភើបបំផុត នៅពេលឃើញទិដ្ឋភាពដ៏អស្ចារ្យជាប្រវត្តិសាស្ត្រពុំធ្លាប់មានពីមុនមកនេះ។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះសូមចូលរួមទាំងអស់ដើម្បីគាំទ្រ ដោយស្នាមញញឹម មោទនភាព និង រក្សាភាពថ្លៃថ្នូររបស់ជាតិយើង៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ