វប្បធម៌ ជំនឿ
អ្នកគ្រូ វុធ ច័ន្ទម៉ូលី៖ រៀបចំបើកស៊ីហ្គេមលំបាកពេក ចង់បោះបង់ តែដើម្បីជាតិ ទើបប្រឹងបន្ត
ថ្វីដ្បិតតែ ព្រឹត្តិការណ៍បើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានកន្លងផុតទៅមួយសប្ដាហ៍ក៏ពិតមែន ប៉ុន្តែហាក់នៅដិតដាមជាប់ដួងចិត្តមហាជនទាំងអ្នកបានទស្សនាផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់ ឬការផ្សាយឡើងវិញក្ដី។ ជាក់ស្ដែងនៅតាមបណ្ដាញសង្គមមកដល់ថ្ងៃនេះ នៅតែមានការបង្ហោះ ការចែករំលែក រូបភាព និងវីដេអូខ្លីនានា ពីព្រឹត្តិការណ៍នោះ ដោយដាក់ចំណងជើងបង្ហាញក្ដីរំភើប និងមានមោទនភាព។ ទម្រាំចេញផ្លែផ្កាបែបនេះ អ្នកចូលរួមសាងព្រឹត្តិការណ៍ ស្ទើរតែបោះបង់តួនាទីជាច្រើនលើក ប៉ុន្តែដោយសារដើម្បីជាតិ ទើបខំប្រឹងរហូតបានជោគជ័យ។

លោកស្រី វុធ ច័ន្ទម៉ូលី គ្រូបង្ហាត់របាំនៅសាលាមធ្យមវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមនេះ អ្នកគ្រូមានតួនាទី ជាអ្នកទទួលខុសត្រូវសិល្បករក្រៅប្រព័ន្ធ ប៉ុន្តែភាពជាក់ស្ដែងគឺជួយថែម លើការងារលេខាធិការដ្ឋាន និងជួយសម្របសម្រួលផ្នែកផែនទាំងអស់។ អ្នកគ្រូបានឱ្យដឹងបន្តថា ចំពោះផ្ទាំងទស្សនីយភាពក្នុងថ្ងៃបើកស៊ីហ្គេម ត្រូវបានចំណាយពេលយូរ គឺមុនចាប់ផ្ដើម បានប្រជុំមុនជិត ១ឆ្នាំ ហើយរកមនុស្ស ឬសិល្បករសម្ដែង និងចាប់ផ្ដើមហាត់សមបណ្ដើរៗតាំងពីចុងខែធ្នូ ឆ្នាំ២០២២ និងចាប់សម្រុកហាត់ចាប់ពីខែមករា ២០២៣ រហូតមក។

លោកស្រី វុធ ច័ន្ទម៉ូលី បានបញ្ជាក់ថា៖ “យើងធ្វើការជាមួយមនុស្សច្រើន យើងជួបបញ្ហាច្រើនមែនទែន ប៉ុន្តែអ្វីដែលមិនធ្វើឱ្យខ្ញុំនឿយហត់គឺ ខ្ញុំមានឆន្ទៈដើម្បីតែជាតិយើង។ បើតាមលំបាកម្ដងៗ ខ្ញុំចង់តែបោះបង់ចោល ប៉ុន្តែក៏បានកម្លាំងចិត្តពីគ្រួសារ ពិសេសដើម្បីជាតិ, ថាយើងត្រូវធ្វើដើម្បីជាតិ, យើងជាកូនខ្មែរ យើងកើតមក ត្រូវធ្វើដើម្បីជាតិ, ទោះជាលំបាកយ៉ាងណាក៏ដោយ។ យើងលំបាកប៉ុណ្ណឹង ចុះថ្នាក់ដឹកនាំយើង? អ្នកដឹកនាំយើងលំបាកប៉ុនណាទៅ?”។

លោកស្រី វុធ ច័ន្ទម៉ូលី បានឱ្យដឹងបន្តថា ក្នុងរយៈពេលហ្វឹកហាត់ ម្នាក់ៗអត់ធ្វើអីផ្សេងទៀតទេ សូម្បីទៅផ្ទះក៏អត់ដែលទៅឆាប់ដែរ មានម៉ោង ១ ម៉ោង ២យប់ ទើបទៅដល់ផ្ទះក៏មាន ព្រោះត្រូវហាត់ទម្រាំចប់ប្រហែលម៉ោង ១១ជាង។ ខណៈសិល្បករអាចទៅផ្ទះបាន ប៉ុន្តែក្រុមដឹកនាំត្រូវមើលការបន្ថែម ក្រែងខ្វះនេះខ្វះនោះ និងត្រូវនៅចាំរហូតពួកគាត់ចេញអស់។

លោកស្រី វុធ ច័ន្ទម៉ូលី បញ្ជាក់ថា៖ “ប៉ុន្តែខ្ញុំអត់ចង់លើកអ្វីដែលលំបាកហ្នឹងទេ ព្រោះយើងធ្វើបានជោគជ័យហើយ និងធ្វើឱ្យរំភើប។ រំភើបទី១ ជាមួយការលះបង់របស់យើង បានធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់ខ្មែរ យើងរំភើបឡើងយំ។ បើបញ្ហា គឺយើងជួបពេកហើយ អាកាសធាតុក្ដៅខ្លាំង ជួនកាលអ្នកនេះសន្លប់ អ្នកនោះឈឺ ត្រូវរត់ទៅលិចទៅកើតគ្រប់ច្រកល្ហក ត្រូវដឹកជូនទៅពេទ្យ អ្នកខ្លះទៅពេទ្យហើយអត់មានអ្នកមើលកំដរ។ បើនិស្សិតស្ម័គ្រចិត្តពីខាងក្រៅវិញ ពេលគាត់មកហាត់ដល់យប់អ៊ីចឹង ម្ដាយឪពុកគាត់អត់យល់ គាត់រករឿងកូនចៅ អត់ចង់ឱ្យមកហាត់។ រឿងលំបាកអីក៏ដោយ ក៏ថ្នាក់ដឹកនាំជួយសម្រួលជួយដោះស្រាយ…”។

លោកស្រី វុធ ច័ន្ទម៉ូលី មានប្រសាសន៍ថា ជួបការលំបាកតាំងពីដំបូង គឺត្រូវរកសិល្បករក្នុងចំនួនច្រើន ប៉ុន្តែសិល្បករជំនាញមិនគ្រប់ គឺត្រូវរើសសិស្សតាមសាលា ហើយមិនមែនរើសសម្រេចតែម្ដង។ ឯពេលហ្វឹកហាត់ ក៏ជួបបញ្ហាបន្តបន្ទាប់ទៀត។

អ្នកគ្រូ វុធ ច័ន្ទម៉ូលី មានប្រសាសន៍បន្ថែមថា៖ “ឯពេលកំពុងហាត់ គឺឈឺក្បាលមែនទែន។ ពួកគាត់សុទ្ធតែជាអ្នកស្ម័គ្រចិត្ត, រាប់រយរាប់ពាន់នាក់ ហើយមិនមែនធ្វើតែ ២ ៣ថ្ងៃ គឺដល់ជាង ៣ខែ។ ពេលខ្លះ ខ្វះមនុស្ស ហាត់សមអត់គ្រប់គ្នា ធ្វើឱ្យអ្នកដឹកនាំហាត់តឹងចិត្តសម្ពាធមែនទែន ព្រោះចំពោះស្នាដៃខ្នាតធំ បើបាត់គ្នាតែម្នាក់ ២ ក៏ពិបាកហាត់ចូលក្រឡាដែរ។ ពេលខ្លះអ្នកស្ម័គ្រចិត្តត្រូវការរកចំណូលចិញ្ចឹមខ្លួនឯងជួយគ្រួសារ បើតារាភាពយន្តពួកគាត់ត្រូវការថតខាងក្រៅ។ យើងក៏មិនអាចស្ដីបន្ទោសបាន ពួកគាត់ស្ម័គ្រចិត្ត អត់មានយកលុយយកកាក់ទេ គឺជាង ៣ខែ តើគាត់លះបង់ប៉ុនណា?”។

លោកស្រី វុធ ច័ន្ទម៉ូលី មិនបានសង្ឃឹមឱ្យមហាជនពេញចិត្តខ្លាំងនោះទេ គឺគិតថាធ្វើម៉េចឱ្យត្រូវតាមគម្រោង ព្រោះពេលហាត់លំបាកណាស់ ដ្បិតបើជាអ្នកសិល្បៈតែម្ដងមិនអីទេ ប៉ុន្តែពួកគាត់ខ្លះជាកងទ័ព ជាអ្នកសិល្បៈក្រៅប្រព័ន្ធ ដែលលោកគ្រូអ្នកគ្រូត្រូវកាច់ពត់រយៈពេល ៣ខែ ឱ្យដូចអ្នកសិល្បៈហាត់រាប់ឆ្នាំ។ សូម្បីមិត្តភក្ដិបរទេសនៅអាមេរិក បារាំង កាណាដា ជាដើម ក៏ប្រាប់លោកស្រីថា ការរៀបចំបើកព្រឹត្តិការណ៍បើកស៊ីហ្គេមរបស់កម្ពុជានេះ មិនមែនស្ដង់ដាស៊ីហ្គេមទេ គឺស្ដង់ដា អូឡាំពិក។

លោកស្រី វុធ ច័ន្ទម៉ូលី បញ្ជាក់ថា៖ “ថ្ងៃព្រឹត្តិការណ៍ អ្វីដែលដក់ចិត្តខ្លាំង គឺឈុត កកើតទឹកដីខ្មែរ អរិយធម៌អង្គររុងរឿង និងឈុតស្នាមញញឹម ដែលធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ បន្ទាប់ពីកម្ពុជាបានឆ្លងកាត់ក្រោយសង្គ្រាមរ៉ាំរ៉ៃ។ អ្វីដែលខ្ញុំរំភើបមួយទៀតគឺ បេះដូងខ្មែរ ទោះបីជួបរឿងលំបាកគ្រប់បែបយ៉ាង ប៉ុន្តែគាត់ខំសហការគ្នាធ្វើឱ្យផ្ទាំងទស្សនីភាពកើតឡើងដោយជោគជ័យ គ្មានពាក្យរិះគន់ គឺរំភើបមិនដឹងប្រើពាក្យអ្វីនិយាយឱ្យត្រូវ ទោះបីខ្ញុំហត់ច្រើនខែហើយក៏ដោយ ក៏លែងហត់អស់រលីង។ ទស្សនិកជនទះដៃស្រែកហ៊ោដោយឯកឯងមិនបាច់ស្នើសុំ។ ទាំងខ្ញុំខ្លួនឯងធ្វើការក្នុងហ្នឹង បានមើលរាល់ពេលហើយ ក៏នៅតែរំភើប ព្រឺសម្បុរ ខ្ញុំមានមោទនភាព ចេញមកមួយឆាកមួយឆាក ខ្ញុំស្រក់ទឹកភ្នែក សូម្បីតែផ្ដល់សម្ភាសពេលនេះ ក៏ខ្ញុំនៅតែរលីងរលោងទឹកភ្នែក”។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ រៀបចំឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមនេះ មានទស្សនីយភាពជាច្រើន ក្នុងនោះមានទស្សនីយភាពឈុតធំមួយនិយាយពីដំណើរជាតិកម្ពុជា ដែលសម្ដែងដោយសិល្បករប្រមាណ ៣ ២៩២ នាក់ ចែកចេញជា ៥វគ្គ វគ្គទី១ និយាយពីកំណើត នៃការកកើតទឹកដី មនុស្ស បុព្វបុរសកម្ពុជា។

វគ្គទី២ និយាយពី ភាពរុងរឿងនៃអរិយអង្គរ និយាយពីភាពអស្ចារ្យ ភាពល្បីល្បាញបុព្វបុរសខ្មែរជំនាន់ដើម ព្រមទាំងបង្ហាញសំលៀកបំពាក់បុរាណខ្មែរ វប្បធម៌ សិល្បៈខ្មែរច្រើនទម្រង់ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក។ វគ្គទី៣ គឺស្នាមញញឹមខ្មែរ និយាយពីភាពរីកលូតលាស់គ្រប់វិស័យនៃសង្គមខ្មែរ។ វគ្គ៤ អនាគតកម្ពុជា បង្ហាញពីសិល្បៈនៃការវាយស្គរ និងបង្ហាញឈុតសម្ដែងដែលមានស្គរចំនួនជាង ៤០០ស្គរ។ វគ្គ៥ គឺសហគមន៍ជោគវាសនាតែមួយនៃអាស៊ាន៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ