វប្បធម៌ ជំនឿ
ឱកាសថ្មី ក្លាយជាម្ចាស់ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានប្រកាសជូនដំណឹងស្ដីពី ការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង “ពានរង្វាន់ព្រះនាងឥន្ទ្រទេវី” ដែលនេះជាឱកាសមហាជនបញ្ចេញស្នាដៃ និងក្លាយជាម្ចាស់ពានប្រចាំឆ្នាំ ២០២៣។

លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះថា ការប្រឡងមិនមានកំណត់ចំនួនបេក្ខជនដែលត្រូវចូលរួមប្រឡងនោះទេ ដោយលក្ខខណ្ឌទទួលទាំងអស់មិនគិតវ័យ មិនគិតកម្រិតវប្បធម៌ ប៉ុន្តែពេលវេលាទទួលមានកំណត់។

លោក កុក រស់ មានប្រសាសន៍បន្ថែមថា៖ “ប៉ុន្តែយើងកំណត់រយៈពេល នៃការទទួលស្នាដៃ។ ចំពោះការដាក់ពាក្យទៀតសោត មិនប្រាកដថាទទួលទាំងអស់ឡើយ លុះត្រាតែបេក្ខភាពគោរពតាមលក្ខខណ្ឌ នៃសេចក្ដីជូនដំណឹងលេខ៣៣។ ការទទួលស្នាដៃនិពន្ធ គិតចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទី នៅនាយកដ្ឋានសៀវភៅ និងការអាន អគារលេខ៤៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ”។
សម្រាប់ជ័យលាភី និងពានរង្វាន់ ជ័យលាភីលេខ១ ទទួលបាន ពានមាសចំនួន១ ប្រកាសនីយបត្រ១ និងថវិកា, ជ័យលាភីលេខ២៖ ពានប្រាក់ ចំនួន១ ប្រកាសនីយបត្រ១ និងថវិកា, ជ័យលាភីលេខ៣៖ ពានសំរិទ្ធ ចំនួន១ ប្រកាសនីយបត្រ១ និងថវិកា។

លោក កុក រស់ មានប្រសាសន៍បន្តថា ចំនួនថវិកាប្រគល់ជូនម្ចាស់ពានទាំងបី នៅមិនទាន់ដឹងទិន្ន័យនៅឡើយ ដោយខាងក្រសួងវប្បធម៌កំពុងបន្តនីតិវិធីក្នុងការស្នើសុំថវិកាទៅកាន់រដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដូច្នេះទិន្នន័យជាក់ស្ដែងគឺប្រកាសនៅថ្ងៃប្រគល់ពានរង្វាន់តែម្ដង។
លោក កុក រស់ មានប្រសាសន៍បន្ថែមថា៖ “សម្រាប់ការប្រឡងពានរង្វាន់ព្រះនាងឥន្ទ្រទេវីនេះ បើផ្ដោតទៅលើថវិកា គឺមិនមានចំនួនច្រើនទេបើធៀបនឹងវិស័យឯកជន ប៉ុន្តែអ្វីដែលសំខាន់ គឺចង់ជំរុញឱ្យមានការចូលរួម ហើយផលប្រយោជន៍ដែលទទួលបាននោះគឺ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងយកស្នាដៃទាំងនោះទៅចុះក្នុងទស្សនាវដ្ដី និងបង្ហោះក្នុងផេកផ្លូវការរបស់ក្រសួង ក៏ដូចជានាយកដ្ឋានសៀវភៅ និងការអាន ព្រមទាំងបោះពុម្ពផ្សាយស្នាដៃដល់គ្រប់ស្ថាប័ន អង្គភាពដែលពាក់ព័ន្ធ”។
សូមរម្លឹកថា កាលប្រឡងតែងនិពន្ធពានរង្វាន់ “ព្រះនាងឥន្ទ្រទេវី” ឆ្នាំ២០២២ មានបេក្ខជនដាក់ស្នាដៃប្រឡងសរុបចំនួន ១០៤ ស្នាដៃ មានស្នាដៃរបស់បេក្ខនារីចំនួន ៤២ស្នាដៃ។ ក្នុងនោះមានផ្នែករឿងប្រលោមលោកខ្នាតខ្លីចំនួន ៧៦ ស្នាដៃ និងផ្នែកកំណាព្យរឿង មានចំនួន ២៨ ស្នាដៃ។

ក្នុងការប្រកួតប្រជែងពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២២ ជ័យលាភីផ្នែកកំណាព្យលេខ១ បានទៅ លោក ភិរម្យ ដារ៉ា មកពីខេត្តស្ទឹងត្រែង ចំណងជើង “រឿងគុណការងារ”, ជ័យលាភីលេខ២ កវីនិពន្ធ មឿន សំណាង ខេត្តឧត្តរមានជ័យ ចំណងជើង “រឿងអ្នកគ្រូជាយដែន” និងលេខ៣ លោក ជួន ខ្មៅ ខេត្តព្រះសីហនុ ចំណងជើង “រឿងមេស្រុក”។ ឯពានរង្វាន់លួងចិត្ត លេខ៤ លោក ចំរើន សុភ័ក្រ ខេត្តកំពត ចំណងជើង “រឿងព្យុះជីវិតនាងរស្មី” និងជ័យលាភីលេខ៥ បានទៅលើ លោក សាម សុនិត មកពីខេត្តកំពង់ចាម ចំណងជើង “រឿងសន្សើមសន្តិភាព”។

ចំណែកជ័យលាភីសម្រាប់ប្រលោមលោកខ្នាតខ្លី លេខ១ បានទៅលើ លោក ហ៊ុយ សារ៉ាត់ មកពីខេត្តពោធិសាត់ រឿង “បណ្តឹងសហគមន៍”, លេខ២ លោក សុវណ្ណ សិរីវុឌ្ឍ រាជធានីភ្នំពេញ រឿង “សំនៀងប៊ិឡានី” និងលេខ៣ លោក ពៅ មករា រាជធានីភ្នំពេញ រឿង “ថ្ងៃរះហើយពុក”។ ឯពានរង្វាន់លួងចិត្ត លេខ៤ លោក តុន ច័ន្ទរិទ្ធ ខេត្តបាត់ដំបង រឿង “បាសាក់” និងលេខ៥ បានទៅ លោក សៀង ឈុនលី មកពីខេត្តកំពង់ស្ពឺ រឿង “ក្រាំងតាត្រាវ”៕
អត្ថបទ៖ ច័ន្ទ វីរៈ, ហ៊ិន ស៊ីថា


-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច