វប្បធម៌ ជំនឿ
ធ្វើដូចម្ដេចទើបដឹងថា សិលាចារឹកក្លែងបន្លំ ខណៈមានការបន្លំច្រើន?
បន្ទាប់ពីវត្ថុបុរាណខ្មែរបានល្បីសុះសាយនៅលើពិភពលោក តាមរយៈការតាំងបង្ហាញ និងការសិក្សាស្រាវជ្រាវជាដើម វត្ថុបុរាណខ្មែរក៏បានក្លាយជាកម្មវត្ថុក្នុងការជួញដូរខុសច្បាប់ ដែលនាំឱ្យមានសកម្មភាពលួច និងចម្លងដូចដើម្បីបន្លំជាវត្ថុបុរាណ។ ក្នុងនោះ ក៏មានការក្លែងបន្លំ និងប្រឌិតសិលាចារឹកផងដែរ។ ការចម្លង និងការប្រឌិតសិលាចារឹកមួយចំនួន បានបង្កើតជាបញ្ហាកង្វល់ចំពោះអ្នកជំនាញបច្ចេកទេស និងការស្រាវជ្រាវ។

តាមរយៈបាឋកថាសាធារណៈស្ដីពី “ការសង្កេតលើសិលាចារឹកក្លែងបន្លំ និងប្រឌិតថ្មី” រៀបចំដោយសារមន្ទីរជាតិ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហ៊ុន ឈុនតេង គ្រូបង្រៀននៅដេប៉ាតឺម៉ង់ភាសាវិទ្យា និងជានិស្សិតថ្នាក់បណ្ឌិតខេមរសិក្សា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឆ្លើយតបឱ្យ “កម្ពុជាថ្មី” ដឹងថា យើងអាចសង្កេតលើលក្ខណៈនៃសិលាចារឹកក្លែងបន្លំ និងប្រឌិតថ្មី ដោយប្រើប្រាស់វិធីសាស្ត្របុរាណលេខន៍ ការប្រៀបធៀប និងការពិនិត្យលើភាសា។ ការពិនិត្យនេះ ជាធាតុចូលមួយ ក្នុងចំណោមវិធីសាស្ត្រដទៃទៀត ដែលអាចបញ្ជាក់ពីភាពក្លែងបន្លំ និងប្រឌិតថ្មីរបស់សិលាចារឹក។

លោក ហ៊ុន ឈុនតេង មានប្រសាសន៍ថា៖ “មានវិធីសាស្ត្រផ្សេងៗទៅតាមប្រភេទនៃវត្ថុបុរាណ ដែលបានប្រើប្រាស់ដើម្បីបញ្ជាក់ថា វត្ថុមួយជាវត្ថុសិល្បៈបុរាណ ឬចម្លងថ្មី។ ឧទាហរណ៍ផ្នែកសំរឹទ្ធ គេមានវិធីសាស្ត្រពិនិត្យទៅលើសារធាតុផ្សំ គេថត អ៊ីចសារ៉េ ជាដើមដើម្បីវិនិច្ឆ័យថា របស់នោះពិត ឬមិនពិត។ ចំណែកផ្នែកសិលាចារឹក ខ្ញុំយកវិធីសាស្ត្របុរាណលេខន៍ (អក្សរបុរាណតាមសម័យកាល) ការប្រៀបធៀប និងការពិនិត្យលើភាសា ដើម្បីបង្ហាញបញ្ជាក់អំពីភាពក្លែងក្លាយ ឬប្រឌិតថ្មី នៃសិលាចារឹកមួយចំនួន”។

លោក ហ៊ុន ឈុនតេង បានឱ្យដឹងបន្ថែមថា សិលាចារឹកខ្លះធ្វើថ្មី ហើយប្រើបច្ចេកទេសឱ្យមើលទៅដូចវត្ថុបុរាណ ហើយសិលាចារឹកខ្លះ គឺទើបចារថ្មីនៅបុរាណស្ថាន ឬចម្លាក់បុរាណ។ តាមការអង្កេតលើលក្ខណៈ និងគោលបំណងអត្ថបទចារឹក នៃសិលាចារឹកក្លែងក្លាយទាំងនោះ លោកឃើញថា ចំពោះលក្ខណៈអត្ថបទ គឺមានការចម្លងអត្ថបទចារឹក ចម្លងតាមសិលាចារឹកដែលមានកន្លងមក, ប្រឌិតអត្ថបទ ដោយប្រើអក្សរបុរាណ, ប្រឌិតរូបរាងមិនច្បាស់លាស់…។ ចំពោះស្ថានភាពដែលជួបប្រទះ គឺនៅលើទីផ្សារជួញដូរវត្ថុបុរាណ, ការប្រគល់ត្រឡប់មកវិញ, ទីតាំងបុរាណស្ថានមួយចំនួន…។ ចំណែកគោលបំណងនៃការចារឹកថ្មីនេះ៖ អាជីវកម្មក្លែងបន្លំថាជារបស់បុរាណដែលអាចលក់បានតម្លៃថ្លៃរាប់ពាន់ ដល់ម៉ឺនដុល្លារ និងក៏អាចជា ជំនឿរបស់បុគ្គលដែលធ្លាប់រៀនមុខវិជ្ជាសិលាចារឹកខ្មែរ។

ជាមួយគ្នានេះ លោក ហ៊ុន ឈុនតេង បានសំណូមពរ៖ “ពង្រឹងយន្តការ សហប្រតិបត្តិការ កសាង និងអនុវត្តលិខិតបទដ្ឋានគតិយុត្តនានា សំដៅធានាបាននូវការគ្រប់គ្រងលើអាជីវកម្មចម្លងដូច។ ចំណែកសិប្បករចម្លាក់ ត្រូវអនុវត្តតាមលិខិតបទដ្ឋាគតិយុត្តិនានា សំដៅធានាវត្ថុចម្លង ដូចមានលក្ខណៈសម្គាល់ខុសពីវត្ថុបុរាណ។ បញ្ឈប់សកម្មភាពដាប់ចារអក្សរបុរាណ នៅលើវត្ថុបុរាណ តំបន់បុរាណដ្ឋាន និងទីតាំងធម្មជាតិដទៃទៀត ដែលអាចនាំឱ្យមានការភ័ន្តច្រឡំ”។

គួរបញ្ជាក់ថា វត្ថុសិល្បៈបុរាណខ្មែរ បានក្លាយទីចាប់អារម្មណ៍របស់ពួករដ្ឋការ និងអ្នកស្រាវជ្រាវរបស់ អាណាព្យាបាល និងអាណានិគមបារាំង។ មានសកម្មភាពជាច្រើន ដែលនាំឱ្យពិភពលោក ស្គាល់ពីវត្ថុសិល្បៈខ្មែរ ដូចជាការបោះពុម្ពផ្សាយ និងការតាំងបង្ហាញវត្ថុសិល្បៈទាំងនោះ។ វត្ថុបុរាណខ្មែរ ក៏បានក្លាយជាកម្មវត្ថុក្នុងការជួញដូរ ដែលនាំឱ្យមានសកម្មភាពលួច និង ចម្លងដូច ដើម្បីបន្លំជាវត្ថុបុរាណ ក្នុងនោះក៏មានការចម្លង និងប្រឌិតសិលាចារឹកផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ