វប្បធម៌ ជំនឿ
រឿងរ៉ាវប្រាសាទព្រះវិហារ ដែលកូនខ្មែរគ្រប់គ្នា ត្រូវចងចាំ, អបអរខួប ១៥ឆ្នាំ ចូលបញ្ជីយូណេស្កូ
មកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ គឺមានរយៈពេល ១៥ឆ្នាំហើយ ដែលប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ កាលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីមអបអរខួបទី១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ជាមួយគ្នានេះ កូនខ្មែរគ្រប់រូបមានទឹកចិត្តសោមនស្ស រហូតបង្ហោះលើបណ្ដាញសង្គម អំពីកាអបអរ និងមោទនភាពចំពោះ ប្រាសាទព្រះវិហាររបស់ដូនតាខ្មែរ។ ទន្ទឹមនឹងមោទនភាពនេះ តើកូនខ្មែរ បានដឹង ឬចងចាំអ្វីខ្លះ អំពី ប្រាសាទព្រះវិហារ ពីអតីតកាល រហូតដល់បច្ចុប្បន្ន?

នៅពេលនេះ “កម្ពុជាថ្មី” សូមបង្ហាញជូននូវប្រវត្តិ និងរឿងរ៉ាវខ្លះខ្លះៗ នៃប្រាសាទព្រះវិហារ មកជម្រាបជូនដូចតទៅ៖

ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះ មានអាយុជាងមួយពាន់ឆ្នាំ កំពុងឈរបង្អួតរាងយ៉ាងរឹងមាំនៅលើកំពូលព្រះវិហារ នៃជួរភ្នំដងរែក មានកម្ពស់ប្រមាណ ៦២៥ ម៉ែត្រ ពីនីវ៉ូសមុទ្រ នាំឱ្យមនុស្សម្នាកោតស្ញប់ស្ញែង និងចាត់ទុកជាទីសក្ការៈដ៏ពិសិដ្ឋរបស់ខ្មែរ។

កាលសម័យអង្គរ ប្រាសាទព្រះវិហារ គឺមានឈ្មោះដើមថា “ស្រីសិខារិស្វារៈ” មានន័យថា ម្ចាស់នៃកំពូលភ្នំ ក៏ជាឈ្មោះនៃលិង្គថ្មព្រះឥសូរ ដែលស្តេចជំនាន់មុនយកទៅតម្កល់លើភ្នំនេះ។ តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន ប្រាសាទព្រះវិហារ ចាប់ផ្តើមកសាងឡើងក្នុងរជ្ជកាល ព្រះបាទសូរ្យវរ័្មនទី១ នៃគ្រិស្ករាជ ឆ្នាំ៨៨៩ ធ្វើឡើងអំពីថ្មភក់ នៅលើទីតាំងខ្ពស់មួយនៃជួរភ្នំដងរែក ដែលកាលនោះគឺស្ថិតនៅចំកណ្តាលនៃអតីតទឹកដីមហានគរខ្មែរ ប៉ុន្តែបច្ចុប្បន្នគឺស្ថិតក្នុងទឹកដីខេត្តព្រះវិហារ ជាប់ខេត្តស៊ីសាកេត ប្រទេសថៃ។

ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រ សាងសង់ក្នុងអំឡុងចុងសតវត្សទី៩ បញ្ចប់ទៅនៅដើមសតវត្សរ៍ទី១២ ក្រោមរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ នៃសម័យមហានគរ ដើម្បីឧទ្ទិសដល់ព្រះឥសូរ ដែលជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនា។ តាមរយៈសិលាចារិក មានឆ្លាក់ចារនៅលើប្រាសាទបាពួន ”សិលាចារិក K-៥៨៣” បានចារថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្ទ្រាយុទ្ធ ជាក្សត្រដែលខ្លាំងពូកែអាចច្បាំងយកជ័យជម្នះលើស្តេចចាមបាន ទ្រង់ជាក្សត្រដែលបានយកលិង្គថ្មធម្មជាតិមួយឈ្មោះ ស្រីសិខាវិស្វរៈ មកតាំង និងមកប្រតិស្ឋ នៅប្រាសាទព្រះវិហារ។

បើតាមអត្ថបទសិលាចារឹក នៅប្រាសាទព្រះវិហារ លេខ K-៣៨១ ចារជាភាសាខ្មែរបុរាណ និងភាសាសំស្រ្កឹត ប្រវត្តិប្រាសាទដ៏ពិសិដ្ឋរបស់ខ្មែរមួយនេះ គឺមានទំនាក់ទំនងជាមួយ ព្រាហ្មណ៍ម្នាក់ឈ្មោះថា តៈបៈស្វិន្រ្ទបណ្ឌិត។ ព្រាហ្មណ៍តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមមួយនៅនឹងដែនដី នៃទីតាំងប្រាសាទព្រះវិហារ។ នៅអំឡុងឆ្នាំ១០២៤ នៃគ.ស ព្រាហ្មណ៍នោះ បានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើនពី ព្រះបាទសូរ្យវរ័្មនទី១ ដែលជាការដឹងគុណពីព្រះអង្គ ចំពោះព្រាហ្មណ៍តៈបៈស្វិន្រ្ទៈបណ្ឌិត ក្នុងការថែរក្សាលិង្គព្រះអាទិទេព។ នៅលើសិលាចារឹក មានបញ្ជាក់ទៀតថា ព្រះបាទសូរ្យវរ័្មនទី១ ជាក្សត្រ មានជំនឿខ្លាំងណាស់លើលិង្គអាទិទេពមួយនេះ ហើយកំណត់ត្រាសិលាចារិកបញ្ជាក់ច្បាស់ៗថា សិវលិង្គនេះ តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារ ឱ្យព្រះអង្គបានទត។

ក្នុងបរិវេណប្រាសាទ មានស្រះទឹកបុរាណមួយ មានទីតាំងស្ថិតនៅខាងឆ្វេងនៃព្រះថ្នល់ ចន្លោះគោបុរៈទី៤ និងគោបុរៈទី៥ ទទឹងប្រវែង ១៦,៨០ ម៉ែត្រ និងបណ្តោយ ៣៧,៨០ ម៉ែត្រ។ បើតាមដំណាលតគ្នាមកល្បីថានេះ ជាស្រះទឹកមន្តស័ក្តិសិទ្ធិអស្ចារ្យសម្រាប់យកទៅប្រើប្រាស់ពិធីសក្ការៈផ្សេងៗ ហើយសូម្បីតែអតីតព្រះមហាក្សត្រថៃ ព្រះបាទភូមិបុល អាឌុលយ៉ាដេត ក៏ធ្លាប់បានប្រើទឹកពីស្រះនេះដើម្បីបំពេញពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិ កាលថ្ងៃទី៩ ខែមិថុនា ក្នុងឆ្នាំ ១៩៤៦ ផងដែរ។

ប្រាសាទព្រះវិហារ រងការឈ្លានពានដណ្តើមចង់បានជាច្រើនលើកច្រើនសារ ពីសំណាក់ប្រទេសថៃ ហើយជម្លោះរវាងថៃ និងកម្ពុជា ចាប់ផ្តើមផ្ទុះឡើងខ្លាំងក្នុងឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំង ដោយថៃក៏បានបញ្ជូនកងកម្លាំងប្រដាប់អាវុធចូលមកកាន់កាប់ប្រាសាទព្រះវិហារទាំងគគ្លើន។ រដ្ឋាភិបាលកម្ពុជាពេលនោះ ដែលមានព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាប្រមុខរដ្ឋ បានដឹកនាំកម្ពុជា បើកដំណើរការទាមទារកម្មសិទ្ធតាមរយៈការទូតជាមួយថៃ ប៉ុន្តែត្រូវបរាជ័យ នាំឱ្យកម្ពុជាងាកទៅរកយន្តការតុលាការវិញម្តង ដោយបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ នៅថ្ងៃទី៦ តុលា ឆ្នាំ ១៩៥៩ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធពីតំបន់ប្រាសាទ។

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៥៩ សារណារបស់កម្ពុជា ត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់ តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្តឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិ ក្នុងការជំនុំជម្រះបណ្តឹងរបស់កម្ពុជាទៅវិញ។ សវនាការសាធារណៈដើម្បីជុំនំជម្រះលើបណ្តឹងជំទាស់របស់ភាគីថៃ ត្រូវបានបើកធ្វើ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ ហើយថ្ងៃទី២៦ ឧសភា ឆ្នាំ១៩៦១ តុលាការក្រុងអន្តរជាតិ បានច្រានចោលបណ្តឹងជំទាស់របស់ភាគីថៃ ដោយប្រកាសជាផ្លូវការ តុលាការមានសមត្ថកិច្ចពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្តឹងរបស់កម្ពុជា។ តាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលជាផែនទីធ្វើឡើងរវាងបារាំង-សៀម ក្នុងសន្ធិសញ្ញាឆ្នាំ១៩០៤ បង្ហាញថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងពិតប្រាកដ ដោយថៃ្ង១៥ មិថុនា ឆ្នាំ១៩៦២ ប្រាសាទព្រះវិហារ ត្រូវតុលាការអន្តរជាតិក្រុងទ្បាអេ សម្រេចសាលក្រមប្រគល់ឱ្យភាគីកម្ពុជា ជាអ្នកឈ្នះក្ដីរវាងវិវាទកម្ពុជា-ថៃ លើប្រាសាទព្រះវិហារ។

ប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមួយនេះ ត្រូវចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃ៧ ខែកក្កដា ឆ្នាំ២០០៨ ធ្វើឡើងនៅទីក្រុងកេបិច ប្រទេសកាណាដា។ វិវាទព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ចាប់ផ្តើមផ្ទុះជាថ្មី អំឡុងខែមិថុនា ឆ្នាំ២០០៨ ជាពេលប្រាសាទព្រះវិហារស្ថិតក្នុងការពិចារណាដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ថៃបានបញ្ជូនទាហានរបស់ខ្លួនមកឈរជើងក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ក្បែរតំបន់ប្រាសាទព្រះហារ ចំងាយប្រមាណ ៣០០ ម៉ែត្រពីទឹកដីកម្ពុជា។ វិវាទនេះ បានបង្កឱ្យមានការប៉ះទង្គិចផ្នែកយោធារវាងប្រទេសទាំងពីរ និងបង្កជាក្តីក្តាំជាថ្មីនៅលើតុលាការអន្តរជាតិ ICJ រហូតដល់ខែធ្នូ ឆ្នាំ២០១១ កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីដកកងទ័ពចេញពីតំបន់ជម្លោះ។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទ សាលក្រមឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិ បានប្រគល់ប្រាសាទព្រះវិហារទាំងអស់ឱ្យកម្ពុជា ហើយភាគីថៃមានកាតព្វកិច្ច ត្រូវតែដកទ័ព ប៉ូលីស ឬឆ្មាំថៃ ដែលឈរជើងក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កាសែតថៃ បាងកកប៉ុស្ដិ៍ បានផ្សាយថា ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចង់ឱ្យមានការបើកឡើងវិញនូវព្រំដែនទៅកាន់ប្រាសាទព្រះវិហារដែលជាប់ខេត្តស៊ីសាកេតរបស់ថៃ ដើម្បីដំណើរការវិស័យទេសចរណ៍ បន្ទាប់ពីព្រំដែនតំបន់ប្រាសាទវិហារត្រូវបានបិទអស់រយៈពេល ១៥ឆ្នាំ ចាប់តាំងពីកងទ័ពនៃប្រទេសទាំងពីរបានប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនោះ។ ការផ្សព្វផ្សាយនេះ មិនទាន់មានការឆ្លើយតបពីភាគីកម្ពុជាទេ ចំណែកមហាជនកម្ពុជាបានបញ្ចេញយោបល់តាមបណ្ដាញសង្គមថា មិនគួរបើកព្រំដែនវិញទេ ព្រោះមិនបានផ្ដល់ផលអ្វីមកកម្ពុជា ក៏ដូចជាខាតចំណូលពលរដ្ឋកម្ពុជាដែលភ្ញៀវពីថៃត្រូវធ្វើដំណើរចូលមកកម្ពុជាសិន ខណៈបន្ទាប់ពីថៃបានបិទច្រកព្រំដែនលែងឱ្យភ្ញៀវពីកម្ពុជាឡើងប្រាសាទព្រះវិហារពីទឹកដីថៃបច្ចុប្បន្នដែលមានជម្រាលទាបនោះ កម្ពុជាបានខិតខំកសាងផ្លូវពីប្រទេសខ្លួនបានដោយជោគជ័យរួចមកហើយ៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច