វប្បធម៌ ជំនឿ
កំណាយស្រាវជ្រាវក្នុងកំពែងអង្គរវត្ត សិក្សាពី ការរស់នៅ និងការផ្លាស់ប្ដូរសាសនា
អាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក បានសហការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវរួមគ្នាមួយ នៅទីទួលវិហារបុរាណ ស្ថិតនៅទិសនិរតីមិនឆ្ងាយប៉ុន្មានពីប្រាង្គប្រាសាទអង្គរវត្ត។ ការស្រាវជ្រាវនេះ ធ្វើឡើងដើម្បីសិក្សាអំពីទួលមនុស្សរស់នៅក្នុងទីក្រុងអង្គរផង ព្រមទាំង ស្វែងរកការផ្លាស់ប្ដូរនៅក្នុងសហគមន៍ទីក្រុង នៅពេលមានការផ្លាស់ប្ដូរសាសនា និងការប្តូរទីក្រុងពីតំបន់អង្គរទៅភាគខាងត្បូងផង។

លោកបណ្ឌិត ហេង ពិភាល់ បុរាណវិទូ នៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវ បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវពេលនេះ គឺធ្វើឡើងនៅលើរចនាសម្ពន្ធ នៃខឿនព្រះវិហារបុរាណ។ រចនាបថសន្លឹកសីមាអាចឱ្យយេីងកំណត់អាយុកាលទួលវិហារនេះ នៅអំឡុងសតវត្សរ៍ទី១៤ ដល់ទី១៦ ដូច្នេះ ព្រះវិហារពុទ្ធសាសនាថេរវាទបុរាណនេះ គេកសាងនៅក្នុងបរិវេណប្រាសាទ ដែលឧទ្ទិសទៅដល់អាទិទេពធំ នៃព្រហ្មញ្ញសានា គឺព្រះវិស្ណុ ឬព្រះនារាយណ៍។

បណ្ឌិតរូបនេះបញ្ជាក់ទៀតថា តាមការស្រាវជ្រាវពីមុនបង្ហាញថា នៅក្នុងបរិវេណប្រាសាទអង្គរវត្ត គឺជាកូនក្រុងមួយរបស់រាជធានីអង្គរ ដូច្នេះហើយទើបខ្មែរយើងអ្នកសៀមរាបហៅថា “អង្គរតូច”។ កូនក្រុងនេះ មានប្រព័ន្ធទួល ស្រះ និងផ្លូវខ្វាត់ខ្វែងជាក្រឡាចត្រង្គនៅក្នុងបរិវេណប្រាសាទអង្គរវត្ត។ ប្រសិនជាមើលតាមស្នាមក្រឡាចត្រង្គរបស់ក្រុងនេះ យើងឃើញថា ទួលព្រះវិហារធ្វើនៅលើទួលដែលធ្លាប់ជាទួលផ្ទះ មានមនុស្សរស់នៅតាំងពីសតវត្សរ៍ទី១២ មកម៉្លេះ។ ដូច្នេះហើយ អ្នកស្រាវជ្រាវចម្រុះស្ថាប័នចង់ដឹងថា តើទីតាំងមនុស្សរស់នៅកន្លែងនេះ អាចបន្សល់នូវភស្តុតាងអ្វីខ្លះទាក់ទងនឹងការផ្លាស់ប្តូរសាសនាពីព្រហ្មញ្ញ និងពុទ្ធសាសនាមហាយាន ទៅជាពុទ្ធសាសនាថេរវាទនៅចុងសម័យអង្គរ ដែលស្រុកខ្មែរកំពុងតែប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ?

គេដឹងថា ជាយូរមកហើយ អ្នកភូមិ អ្នកក្រុងអង្គរ ធ្លាប់គោរពបូជាលទ្ធិព្រហ្មញ្ញសាសនា ដូច្នេះ សំណួរពីក្រុមអ្នកស្រាវជ្រាវគឺថា តើខឿនព្រះវិហារព្រះពុទ្ធសាសនានៅក្នុងបរិវេណប្រាសាទអង្គរវត្តនេះ គេធ្វើឡើងដើម្បីអ្វី? សម្រាប់អ្នកណា? ឬមួយក៏នៅអំឡុងសតវត្សរ៍ទី១៣-១៤ ទីក្រុងអង្គរបានដូរពីការគោរព ព្រហ្មញ្ញសាសនា មកកាន់ ពុទ្ធសាសនាថេរវាទ នៅក្នុងពេលដែលទីក្រុងអង្គរនៅមានប្រជាជនរស់នៅច្រើននៅឡើយនោះ? ឬព្រះវិហារនេះគេកសាងនៅសម័យក្រោយនាសតវត្សរ៍ទី១៦ នៅពេលដែលព្រះអង្គច័ន្ទយាងមកក្រុងអង្គរវិញ?

លោកបណ្ឌិត ហេង ពិភាល ឱ្យដឹងទៀតថា តាមការស្រាវជ្រាវ ព្រះវិហារបុរាណ នៃពុទ្ធសាសនាថេរវាទដែលនៅជិតប្រាង្គប្រាសាទអង្គរវត្តនេះ ត្រូវគេទុកចោលយូរធ្វើឱ្យមានខូចខាតនូវរចនាសម្ពន្ធអស់ ព្រមទាំងមានដីចាក់បង្គរដែលលប់ពីលើវិហារនេះស្ទើរទាំងស្រុង ទើបយើងពុំដឹងថា តើព្រះវិហារនោះគេសាងសង់ពីអ្វីខ្លះ? រូបរាងយ៉ាងម៉េច? តើមានកម្រាលថ្ម ឬអត់? តើធ្លាប់មានអ្វីខ្លះនៅទីតាំងនេះ?

ក្រុមអ្នកស្រាវជ្រាវមានគោលបំណងធំ គឺប្រមូលយកសំណាកធ្យូង និងសំណាកអរហ្គានិកផ្សេងៗនៅបាតរណ្តៅកំណាយយកទៅវិភាគកំណត់អាយុកាលទៅតាមកាបូន១៤។ កាលណាគេរកឃើញធ្យូង ឬឆ្អឹងសត្វយកទៅវិភាគ នោះ គេនឹងអាចដឹងថា តើព្រះវិហារបុរាណ នៃពុទ្ធសាសនាថេរវាទដែលសាងសង់នៅលើទួលបុរាណនោះ កើតមានតាំងពីជំនាន់ណា?

ក្រុមអ្នកស្រាវជ្រាវ ឱ្យដឹងថា នៅបរិវេណនៃប្រាសាទអង្គរវត្ត គេឃើញមានស្លាកស្នាមខឿនព្រះវិហារ នៃពុទ្ធសាសនាថេរវាទសម័យបុរាណចំនួន២ គឺទី១ នៅទិសនិរតី និងមួយទៀតនៅទិសពាយ័ព្យ ដែលបច្ចុប្បន្ននៅមានសំណង់បុស្បុកតម្កល់ព្រះពុទ្ធមួយអង្គ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់