វប្បធម៌ ជំនឿ
បទយកការណ៍៖ សិល្បៈសៀកកម្ពុជាសិក្សានៅបរទេស នឹងបង្ហាញស្នាដៃនៅព្រឹកស្អែក ឥតគិតថ្លៃ
សាលាសៀក នៃសាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំការសម្តែងសៀក នៅថ្ងៃស្អែក ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ចាប់ពីវេលាម៉ោង ៩ព្រឹក នៅសាលមហោស្រពភិមានអាកាស នៃសាលាមធ្យមវិចិត្រសិល្បៈ (បឹងបាយ៉ាប) ដែលមហាជនអាចចូលរួមទស្សនាដោយឥតគិតថ្លៃ។

តើហេតុអ្វីមានការសម្ដែងសៀកដោយមិនគិតថ្លៃបែបនេះ? តើការសម្ដែងសៀកនេះ មានចំណុចពិសេសអ្វីខ្លះ?
ឆ្លើយដោយសម្ដីគួរសម ទន់ភ្លន់តែម៉ឺងម៉ាត់ លោក វង្ស វណ្ណៈ ជាគ្រូបង្គោលបង្រៀនផ្នែកសៀក នៃសាលាមធ្យមវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា ការសម្ដែងសៀកនេះ ជាការបង្ហាញលក្ខណៈផ្ទៃក្នុងរបស់សាលា ប៉ុន្តែក៏បើកឱកាសដល់មហាជនបានចូលទស្សនាកម្សាន្ត ឈ្វេងយល់ពីសមិទ្ធផលរបស់កូនសិស្សសៀកកម្ពុជា ដែលបានបញ្ចប់ហាត់រៀនសៀករយៈពេលខ្លី ពីប្រទេសជាមិត្ត។

លោក វង្ស វណ្ណៈ បានឱ្យដឹងបន្តថា៖ ” ក្រុមសិល្បករ សិល្បការិនី សិស្សសាលាសៀកចំនួន ៦នាក់ បានទៅសិក្សានៅប្រទេសចិន រយៈពេល ៣ខែ ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៣នេះ។ នៅក្នុងការសម្ដែងសៀកនេះ យើងមានឈុតសម្តែងសិល្បៈសៀកមានផ្សេងៗពីគ្នា”។

គ្រូបង្គោលបង្រៀនផ្នែកសៀក វ័យ ៣៥ឆ្នាំរូបនេះ បានឱ្យដឹងបន្ថែមថា សម្រាប់ការបង្កើតឈុតសម្តែងសៀកថ្មី មានផលលំបាក ដូចជា ត្រូវសាវជ្រាវរក អំពីអត្ថន័យខ្លឹមសារ នៃកូនប្រធានបទមួយ ដែលអាចស៊ីជម្រៅជាមួយបច្ចេកទេស ក្រឡា ភ្លេង និងទាមទារពេលវេលា។ល។

លោក វង្ស វណ្ណៈ បញ្ជាក់ថា៖ “រាល់ការបង្កើតទស្សនីយភាពសៀកថ្មី ពេលខ្លះមិនមានភាពងាយស្រួលទេ តែបើកូនសិស្សមានទេពកោសល្យពីកំណើត យើងងាយនឹងបង្កើតនូវអ្វីថ្មីៗ។ យើងរកដំណោះស្រាយដោយពន្យល់សិស្សថា ត្រូវយ៉ាងដូចម្តេច ឬធ្វើបង្ហាញឱ្យគាត់បានយល់នូវអ្វីដែលគ្រូចង់បាន”។

គួរឱ្យដឹងថា នៅពាក់កណ្តាលសតវត្សទី១៨ លោក ហ្វីលីពអាស់គ្លេយ ជាជន ជាអង់គ្លេស បានប្រមូលសិល្បៈប្រភេទនេះមកសម្ដែងនៅរង្គមណ្ឌល។ បន្ទាប់មក នៅចុងសតវត្សទី១៨ លោក ហ្រ្វង់កូនី សញ្ជាតិបារាំងមានដើមកំណើត ជាជនជាតិអ៊ីតាលី បានសង់រោងមួយរៀបឆាករាងរង្វង់មូល ទំហំអង្គត់ផ្ចិត ១៣ម៉ែត្រ សម្រាប់សម្ដែងសិល្បៈនេះជូនទស្សនិកជនទស្សនាជុំវិញ។ ហេតុដូចនេះហើយបានជាហៅ សិស្បៈប្រភេទនេះថា “សៀក” (Cirque មានន័យថា រង្វង់) ដែលមានដើមកំណើតតាំងពីសម័យក្រិចបុរាណមកម្ល៉េះ។ រីឯពាក្យរង្វង់មូលក្នុងភាសាបារាំងថា “Cercle” ចំណែកភាសាអង់គ្លេសថា “Circle”។

ងាកមកជួប អនុប្រធានសាលាសៀក វិញម្ដង លោកស្រី ផុន ចាន់ពិសី បានឱ្យដឹងថា ចំពោះការសម្ដែងសិល្បៈសៀកនេះ ក្រុមសៀក គ្រោងនឹងយកផ្ទាំងទស្សនីយភាពចំនួន ១១ឈុត ទៅបង្ហាញជូនទស្សនិកជនទស្សនា ប៉ុន្តែមិនអាចប្រព្រឹត្តិដូចការគ្រោងទុកនោះទេ។

លោកស្រី ផុន ចាន់ពិសី មានប្រសាសន៍ថា៖ “សម្រាប់ការសម្តែងយើងមាន ១១ឈុត ដោយឡែកពិតជាសោកស្តាយ យើងត្រូវបានកាត់ចោល ២ឈុត ដោយសារឆាកយើងមិនអំណោយផល។ ដូចនេះ យើងសល់តែ ៩ឈុតទេ ចំណែកក្រុមការងារសរុបមានចំនួន ១៧នាក់”។

អនុប្រធានសាលាសៀក រូបនេះបានឱ្យដឹងថា ចំពោះការសម្ដែងសៀកនេះ មានឈុតសម្តែងថ្មីដូចជា ឈុត ដុំស៊ីឡាំង បោកកូនបាល់ ជិះកង លំនឹងដៃគូ ត្រេះជើង ជាដើម។ រាល់ឈុតឆាកសម្តែងពីមួយទៅមួយ គឺចង់បង្ហាញអំពីភាពអស្ចារ្យ ភាពវៃឆ្លាតរបស់សិស្ស និងការប៉ិនប្រសប់ បត់បែនខ្លួនទៅតាមបច្ចេកទេស។ ឈុតខ្លះមានអ្នកសម្តែង ២នាក់ ៣នាក់ និងជាក្រុម។

លោកស្រី ផុន ចាន់ពិសី លើកឡើងថា៖ “ខ្ញុំចង់ជម្រាបថា សិល្បៈសៀកគឺ យើងមាននៅតាមចម្លាក់ប្រាង្គប្រាសាទបាយ័ន ដែលយើងមានតាំងពីបុរាណមក។ នាងខ្ញុំសង្ឃឹមថា ប្រជាជនបងប្អូននឹងជួយគាំទ្រនូវវិស័យសិល្បៈសៀកដែលពួកយើងនឹងសម្តែងនាពេលខាងមុខ នឹងសូមអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ក៏ដូចជាការលើកទឹកចិត្តដល់សិល្បករយើង។ ហើយខ្ញុំជម្រាបថា យើងមានការរើសសិស្សដែលមានបំណងចង់ចូលរៀនផងដែរ”។

ថ្វីដ្បិតតែការសម្ដែងសៀកនេះ ជាស្នាដៃបង្ហាញលទ្ធផល នៃសិស្ស ៦នាក់ ដែលបានចេញទៅសិក្សាសៀកបន្ថែមពីបរទេសក្ដី ក្នុងនោះក៏មានការចូលរួមពីសិស្សសាលាសៀកជាច្រើនរូបទៀតផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការសម្ដែងសៀកជាលើកដំបូង។

កុមារា គីម ឡុង បានឱ្យដឹងថា ខ្លួនជាសិស្សថ្មី និងទើបតែចូលហាត់រៀនសិល្បៈសៀក បានប្រហែលជិតមួយឆ្នាំនេះ។ ចំពោះការសម្ដែងថ្ងៃស្អែកនេះ ជាការសម្ដែងលើកទីមួយរបស់ខ្លួន។ គីម ឡុង បញ្ជាក់ថា៖ “ខ្ញុំបានចេញសម្តែង វាពិតជារំភើប ប៉ុន្តែក៏មានអារម្មណ៍ភ័យខ្លាំងណាស់ដែរ តែទោះជាយ៉ាងណា ក៏ខ្ញុំនៅតែខិតខំសម្តែងឱ្យបានល្អអស់សម្ថតភាព”។

កុមារាវ័យ ១០ឆ្នាំរូបនេះ បានឱ្យដឹងបន្តថា ដោយសារឪពុកម្តាយចេញមកធ្វើការស៊ីឈ្នួលគេ និងដោយសារផ្ទះនៅជិតសាលាមធ្យមវិចិត្រសិល្បៈ ទើបម្ដាយឪពុកឱ្យគេចូលរៀននៅទីនេះ។ គីម ឡុង បានឱ្យដឹងថា គេជួបផលលំបាកជីវភាពខ្វះខាត អត់មានមធ្យោបាយធ្វើដំណើរមកសាលាហាត់រៀន ខណៈមុខវិជ្ជាសៀក ត្រូវការកម្លាំង និងភាពអត់ធ្មត់ខ្លាំងទើបហាត់ទៅមុខ។

គីម ឡុង បានបន្តថា៖ “ប៉ុន្តែដោយក្តីស្រលាញ់ និងចង់ក្លាយជាសិល្បករឆ្នើម ខ្ញុំបានខំប្រឹង តស៊ូហាត់ដោយរីករាយ។ ខ្ញុំពិតជាសប្បាយចិត្ត និងត្រេកអរ ដែលបានការសិក្សា និងបានការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូសាលាសៀក។ ពួកគាត់តែងតែយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន ខិតខំបណ្តុះបណ្តាលដល់កូនសិស្ស។ មិនតែប៉ុណ្ណោះសិល្បៈសៀក ក៏ជាវិស័យមួយដែលជំរុញ និងលើកទឹកចិត្តឱ្យខ្ញុំមានភាពក្លាហាន បញ្ចេញនូវសម្ថតភាពរបស់ខ្លួន”។

គួរបញ្ជាក់ថា សាលមហោស្រពភិមានអាកាស នៃសាលាមធ្យមវិចិត្រសិល្បៈ មានអាសយដ្ឋាននៅ វិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម ០១២ ៦៣៩ ៨៩៣ (តេឡេក្រាម), ០៩៦ ៥៦៨ ៣៤៥២ ឬ ០៨៦ ៣៥៥ ២៦៥។

ប្រទេសកម្ពុជា សម្បូរធនធានមនុស្សប្រកបដោយទេពកោសលសិស្បៈសៀកនេះតាំងពីមុនសម័យអង្គរ។ ជាក់ស្ដែង រូបចំលាក់នៅប្រាសាទបាយ័ន ព្រលានជល់ដំរី និងព្រលានស្តេចគំលង់ ជាភស្តុតាងបញ្ជាក់ថា ខ្មែរមានសិស្បៈសៀកនេះជាយូរយារណាស់មកហើយ។

នៅសតវត្សទី២០ គេបានចែកសិស្បៈសៀកជា ៨ ឯកទេសគឺ ឯកទេសលំនឹង ត្រែះ អត្តពលកម្ម កាយសម្ព័ន្ធ ការបង្ហាត់សត្វ កំប្លែង រហស្សកម្ម និងអាក្រូបាត (ការដើរលើចុងជើង ហក់ឡើងទៅលើ)។ ក្នុងចំណោមឯកទេសទាំងអស់នេះបានស្ថិតស្ថេរ និងរស់នៅជិតស្និតនឹងប្រជារាស្រ្តខ្មែរដូចជាពាក្យសាមញ្ញថា សិស្បៈឆ្ពិនភ្នែកប្រភេទនេះគេចាត់ចូលក្នុងឯកទេសរហស្សកម្ម៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?