វប្បធម៌ ជំនឿ
តើ ប្រាសាទកោះកេរ មានសង្ឃឹម បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឆ្នាំ២០២៣ នេះ ឬទេ?
ខណៈ កិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោក ឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅនៅ ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ចន្លោះថ្ងៃទី១០ ដល់ទី២៥ ខែកញ្ញា នេះ ប្រតិភូកម្ពុជាក៏បានចូលរួម និងកំពុងរង់ចាំដឹង និងទទួលលទ្ធផល នៃការស្នើសុំ ប្រាសាទកោះកេរ ចុះបញ្ជីទៅកាន់គណៈកម្មការបេតិកភណ្ឌពិភពលោក ផងដែរ។ តើ ប្រាសាទកោះកេរកម្ពុជា មានសង្ឃឹម បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ២០២៣ នេះ ឬយ៉ាងណា?

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា នៅពេលនេះយើងមិនទាន់អាចសន្និដ្ឋានថា ប្រាសាទកោះកេរនឹងត្រូវប្រកាសថា នឹងបានចុះបញ្ជីបេតិកភណ្ឌពិភពលោកក្នុងប្រជុំខាងមុខ ឬយ៉ាងម៉េចទេ ព្រោះលទ្ធផលស្ថិតនៅលើការសម្រេចរបស់គណៈកម្មការបេតិកភណ្ឌពិភពលោកតតាមរយៈអ្នកជំនាញការ ត្រួតពិនិត្យ និងវាយតម្លៃ និងប្រជុំសម្រេច ចំណែកលទ្ធផលអាចនឹងបានដឹងនៅក្រោយថ្ងៃទី២៥ ខែកញ្ញានេះ។

លោក គង់ ពុទ្ធិការ បានឱ្យដឹងបន្ថែមថា៖ “តាមយោបល់របស់អ្នកជំនាញឯករាជ្យរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក ដែលបានចុះពិនិត្យ ប្រាសាទកោះកេរផ្ទាល់ គេបានវាយតម្លៃល្អសម្រាប់ប្រាសាទកោះកេរក្នុងការស្នើសុំ។ ប៉ុន្តែគាត់គ្រាន់តែជាសំឡេងមួយ ក្នុងនាមជាអ្នកវាយតម្លៃឯករាជ្យ នៅមានគណៈកម្មការគេជាអ្នកវាយតម្លៃសម្រេចទៀត អ៊ីចឹងយើងអត់ហ៊ាននិយាយថា យោបល់គាត់អាចទុកចិត្ត ១០០ ភាគរយដែរ”។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារខាងលើ បានបញ្ជាក់បន្ថែមថា ចន្លោះពេលនេះ កម្ពុជាត្រៀមឯកសារដែលបានដាក់ស្នើសុំទៅគណៈកម្មការ និងត្រៀមចម្លើយមួយចំនួន ប្រសិនខាងគណៈកម្មការមានសំណួរអីពាក់ព័ន្ធនឹងរមណីយដ្ឋានកោះកេរ នោះប្រតិភូកម្ពុជានឹងឆ្លើយបំភ្លឺនៅពេលប្រជុំនោះ។

លោក គង់ ពុទ្ធិការ មានប្រសាសន៍បន្តថា៖ “ការពិតទៅ យើងមិនអាចទាយទុកមុនយ៉ាងម៉េចបាន ប៉ុន្តែជាបច្ចេកទេសយើងបានខិតខំប្រឹងប្រែងអស់ហើយ ប៉ុន្តែការសម្រេចស្ថិតលើគណៈកម្មការ ដូចនេះយើងរង់ចាំការវិនិច្ឆ័យរបស់គណៈកម្មការទាំងអស់គ្នា។ យើងសង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នានឹងទទួលលទ្ធផលវិជ្ជមានជាមោទកភាពរបស់ប្រជាជនកម្ពុជាផង និងរបស់ជាតិយើងទាំងមូលផង”។

លោក គង់ ពុទ្ធិការ បានឱ្យដឹងថា ការសម្រេច ដាក់បញ្ចូលអ្វីមួយ ចុះបញ្ជីបេតិកភណ្ឌពិភពលោក របស់ គណៈកម្មការបេតិកភណ្ឌពិភពលោក មាន ៣កម្រិត៖ ទី១ កម្រិតអាក្រក់បំផុត គឺសម្រេចមិនឱ្យចុះបញ្ជីតែម្ដង។ កម្រិតទី២ សម្រេចឱ្យកែសម្រួលឯកសារបន្តិចបន្តួចណាមួយតាមការណែនាំរបស់គណៈកម្មការ និងអ្នកជំនាញ ហើយផ្ញើទៅវិញ រង់ចាំការសម្រេចម្ដងទៀត និងទី៣ បើបេតិកភណ្ឌដែលស្នើទៅនោះគ្រប់លក្ខខណ្ឌហើយ គឺគណៈកម្មការសម្រេចចុះបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតែម្ដង។

គួរបញ្ជាក់ថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុង ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។

កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។

ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះ ក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ