វប្បធម៌ ជំនឿ
ស្ពានហាលប្រាសាទអង្គរវត្ត ប្រើពេលជួសជុល ១៩ឆ្នាំ មាន ២ដំណាក់កាល
បន្ទាប់ពីជួសជុល ១៩ឆ្នាំ ស្ពានហាល នៃប្រាសាទអង្គរវត្តប៉ែកខាងលិច ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការជួសជុលស្ពានហាលប្រាសាទអង្គរវត្តបានបញ្ចប់ជាស្ថាពរ ដោយប្រើប្រាស់រយៈ ពេលសរុប ចំនួន ១៩ឆ្នាំ ចែកចេញជា ២ដំណាក់កាល៖ ដំណាក់កាលទី១ ប្រើប្រាស់រយៈពេលអស់ ១២ឆ្នាំ (១៩៩៦-២០០៧) ដោយ សម្រេចជួសជុលបានប្រវែង ៩៣ម៉ែត្រ ជួសជុលដោយក្រុមជំនាញផ្នែកស្ថាបត្យ កម្មដឹកនាំដោយលោកសាស្ត្រាចារ្យ Masao Katagiri នៃសាកលវិទ្យាល័យ Nihon និងសាស្ត្រាចារ្យយ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា។
ដំណាក់កាលទី២ ប្រើប្រាស់អស់រយៈពេល ៧ឆ្នាំ (២០១៦-២០២៣) ដោយ សម្រេចជួសជុលបាន ៩៩ម៉ែត្រ ដឹកនាំសហការជួសជុសជាមួយអ្នកជំនាញការខ្មែរ ដោយលោកសាស្ត្រាចារ្យ សាតូរុ មីវ៉ា (Satoru MIWA) និងសាស្ត្រាចារ្យ យ៉ូស៊ី អាគី ម៉ីស៊ីហ្សាវ៉ា នៃមជ្ឈមណ្ឌលអាស៊ីដើម្បីការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្តាល ធនធានមនុស្ស។
នៅក្នុងដំណើរការជួសជុលទាំង ២ដំណាក់កាលនេះ ថ្មភក់ និងថ្មបាយក្រៀម ជាច្រើនពាន់ដុំ ត្រូវបានរៀបចំឡើងវិញ ដោយចំណាយថវិកាជាច្រើនរយលានយ៉េន និងជួយបណ្តុះបណ្តាល ផ្នែកអភិរក្សជូនអ្នកជំនាញកម្ពុជាបានលើសពី ៣០នាក់ ក្នុងគោលដៅដើម្បីឱ្យជនជាតិខ្មែរអាចរៀបចំជួសជុលប្រាសាទ និងស្រាវជ្រាវដោយខ្លួនឯង។ ដោយឡែកសម្រាប់ដំណាក់កាលទី២ កន្លងមកនេះ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថាន អប់រំសូហ្វីយ៉ា បានព្រមព្រៀងគ្នា បំពេញកាតព្វកិច្ចរៀងៗខ្លួន ក្នុងគោលដៅសម្រេចឱ្យបានការ ជួសជុលប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។
ព្រះករុណាជាអម្ចាស់ បានមានព្រះរាជបន្ទូលថា ការប្រារព្ធព្រះរាជពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច” នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ នៃមហាវីរក្សត្រ សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ។ ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុង ឆ្នាំ១៩៥៣។ កិច្ចដំណើរ ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាពេលកន្លងមក ពិតណាស់ ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេស ប្រទេសជប៉ុន។
ព្រះករុណា ជាអម្ចាស់ បានមានព្រះរាជបន្ទូលបន្តថា ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយកព្រះទ័យទុកដាក់ណាស់ ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិ ជាពិសេសប្រាសាទអង្គរវត្ត ដែលព្រះអង្គតែងតែនាំភ្ញៀវជាថ្នាក់ដឹកនាំប្រទេសជាច្រើនមាន ព្រះមហាក្សត្រ ប្រមុខរដ្ឋប្រធានាធិបតី យាង និងអញ្ជើញមក ទស្សនាប្រាសាទអង្គរវត្ត។ ក្នុងពេលដែលព្រះអង្គនៅគង់ប្រថាប់ជាប្រធានក្រុមប្រឹក្សា ជាតិជាន់ខ្ពស់ នៃកម្ពុជា (SNC) និងក្រោយៗមកទៀត ព្រះអង្គនៅតែបន្តនាំភ្ញៀវទៅទស្សនា ប្រាសាទអង្គរវត្តដែរ។
នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានាពេលនេះ ព្រះករុណាជាអម្ចាស់ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តរបស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំគ្រប់លំដាប់ថ្នាក់ នៃអាជ្ញាធរជាតិអប្សរា ជាពិសេស សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើន ផ្សេងទៀត ដែលយើងមិនអាចបំភ្លេចបាន ចំពោះការលះបង់ពេលវេលា ប្រាជ្ញា ស្មារតី បំពេញភារកិច្ចដឹកនាំដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរមណីយដ្ឋានអង្គរល្បីល្បាញនៅ លើពិភពលោក។ ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ។
ព្រះករុណាជាអម្ចាស់ក៏បានងថ្លែងអំណរគុណផងដែរចំពោះប្រទេសជប៉ុន ដែលក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ក្នុងនាមជាសហប្រធាន បានដឹកនាំកិច្ចប្រជុំពេញអង្គ និង់កិច្ចប្រជុំបច្ចេកទេសអាយស៊ីស៊ី (ICC) អង្គរ-សំបូរព្រៃគុក ដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យនៃអាយស៊ីស៊ី (ICC) អង្គរ។
ជាមួយគ្នានេះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-JICA សាកល វិទ្យាល័យសូហ្វីយ៉ា ជាពិសេសលោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ដែលផ្តល់នូវការ គាំទ្រដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលក្នុង រមណីយដ្ឋានអង្គរឱ្យប្រព្រឹត្តទៅដោយចីរភាព និងជាពិសេសដោយឡែកសម្រាប់ការឧបត្ថម្ភគាំទ្រ រហូតដល់បញ្ចប់ការងារជួសជុលជាស្ថាពរនូវស្ពានហាលប្រាសាទអង្គរវត្ត និងជារួម សម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេងទៀត អមដោយការបណ្តុះបណ្តាលធនធាន មនុស្សកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរឱ្យសាធារណជនលើពិភពលោកបានជ្រួតជ្រាប៕
អត្ថបទ៖ ជុន កុសល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ