វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា បិទវគ្គបណ្តុះបណ្តាល រយៈពេល ១១ ខែ ស្ដីពី ការអប់រំបេតិកភណ្ឌ
បន្ទាប់ពីបានចាប់ផ្តើមកម្មវិធីសិក្សា អស់រយៈពេល ១១ខែ កន្លងមក នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាបរិវេណសាលាបឋមសិក្សាក្របី ក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី៖ ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស ថ្នាក់ទី៥ និងទី៦ ចំនួន ៤០០ នាក់ នៃសាលាបឋមសិក្សា ក្របីរៀល សម្រាប់ឆ្នាំសិក្សា២០២៣ នេះ។

អញ្ជើញចូលរួមក្នុងឱកាសនោះ មាន លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងជាសមាជិកក្រុមការងារអប់រំបេតិកភណ្ឌ លោក អ៊ុន មណីនីតា ប្រធានអង្គការមរតកវប្បធម៌ខ្មែរ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងតំណាងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

លោក ឡុង កុសល មានប្រសាសន៍ ក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ដែលបានបញ្ចប់កម្មវិធីសិក្សាអប់រំបេតិកភណ្ឌ ថា កិច្ចខិតខំប្រឹងប្រែងរៀនសូត្រ មិនថាកម្មវិធីរបស់សាលារៀន ឬកម្មវិធីអប់រំអំពីបេតិកភណ្ឌ ផ្សារភ្ជាប់ការទំនាក់ទំនង និងភាពស្មោះត្រង់ គឺជាស្ពាន នៃការកសាងអនាគតដ៏ប្រសើរក្នុងថ្ងៃខាងមុខរបស់ក្មួយៗទាំងអស់គ្នា ដើម្បីក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេន មរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក។ លោក បន្តថា អ្វីៗដែលអាជ្ញាធរជាតិអប្សរា បានបំពេញក្នុងពេលនេះ គ្រាន់តែជាការចូលរួមមួយផ្នែកប៉ុណ្ណោះ ដើម្បីជំរុញឱ្យក្មួយៗទទួលបានចំណេះដឹង អំពីការចូលរួមការពារ ថែរក្សា និងអភិរក្ស សម្បត្តិបេតិកភណ្ឌរបស់ជាតិ។

លោក ផយ សារូ នាយកសាលាបឋមសិក្សាក្របីរៀល បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ នៃការបង្រៀនកម្មវិធីអប់រំបេតិកភណ្ឌ និងកម្មវិធីចុះកម្មសិក្សា របស់ក្មួយៗសិស្សានុសិស្ស ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះទាំងនេះជាមូលដ្ឋានគ្រឹះដ៏ល្អប្រសើរ សម្រាប់ពួកគាត់ស្វែងយល់ក្នុងពេលអនាគត ក្នុងនាមជាអ្នកបន្តវេនប្រពៃណី មរតកវប្បធម៌ខ្មែរ។ លោកបានថ្លែងអំណរគុណដល់ អាជ្ញាធរជាតិអប្សរា អង្គការមរតកវប្បធម៌ខ្មែរ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ដែលបានគាំទ្រក្នុងដំណើរការបង្រៀនកម្មវិធីអប់រំបេតិកភណ្ឌនេះ តាំងពីចាប់ផ្តើម រហូតដល់ បិទបញ្ចប់វគ្គបណ្តុះបណ្តាល។

គួរបញ្ជាក់ថា កម្មវិធីអប់រំបេតិកភណ្ឌ ពិតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ