វប្បធម៌ ជំនឿ
មុននឹងជឿលើអ្វីមួយ គួរពិចារណាលើកត្តាអ្វីខ្លះ?
ថ្មីៗនេះ ប្រធានបទស្ដីអំពីជំនឿ ជាពិសេស អបិយជំនឿ គឺជាប្រភេទប្រធានបទមួយដែលទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្ដាញសង្គម។ វាជាប្រធានបទរសើបមួយក្នុងចំណោមប្រធានបទរសើបផ្សេងៗទៀត ដូចជា នយោបាយ ជាតិសាសន៍ សាសនា ឯកជនភាព ជាដើម។ ខ្ញុំលើកប្រធានបទនេះមកនិយាយ គ្រាន់តែចង់បង្ហាញទស្សនៈផ្ទាល់ខ្លួនចំពោះសំណួរទូទៅ ការយល់ដឹងទូទៅ ហើយក៏មិនឆ្លើយតប ឬចង់កាត់សេចក្ដីដល់ការខ្វែងគំនិតដែលកំពុងកើតឡើងក្នុងបណ្ដាញសង្គមដែរ។

មុននឹងជឿលើអ្វីមួយពាក់ព័ន្ធនឹងជំនឿ ឬសាសនា តើប្រជាពលរដ្ឋគួរពិនិត្យមើលលើចំណុចអ្វីខ្លះ?
មុននឹងជឿលើអ្វីមួយត្រូវតែគិតឱ្យបានហ្មត់ចត់ ពីព្រោះជំនឿ ឬសាសនា គឺជាមូលដ្ឋាននៃជីវិត និងជោគវាសនារបស់មនុស្សម្នាក់ៗ។ ហេតុនេះ មុននឹងជឿលើជំនឿ ឬសាសនាណាមួយ ត្រូវតែស្វែងយល់អំពីប្រភព អត្ថន័យ ខ្លឹមសារ ភាពសមហេតុផល ភាពត្រឹមត្រូវ ភាពច្បាស់លាស់ គោលបំណង និងផលប្រយោជន៍ដែលទទួលបានពីជំនឿ ឬសាសនានោះ។ ជាពិសេស ត្រូវពិចារណាថា បើគេជឿ គោរព និងប្រតិបត្តិតាមជំនឿ ឬសាសនានោះ តើគេទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន សេចក្ដីថ្លៃថ្នូរ ភាពវាងវៃ គតិបណ្ឌិត និងសុខដុមដែរឬទេ?
នៅពេលមានបុគ្គលមួយចំនួន បង្ហាញខ្លួនថា ពួកគេមានបុណ្យបារមី ជាបុគ្គលអស្ចារ្យ ឬមានមន្តអាគមពូកែស័ក្ដិសិទ្ធិ តើប្រជាពលរដ្ឋ គួរតែជឿដែរ ឬទេ? ហេតុអ្វី?
នៅពេលដែលមានបុគ្គលណាម្នាក់អួតអាងខ្លួនឯង ឬត្រូវបានគេលើកតម្កើងថា ជាបុគ្គលអស្ចារ្យ ឬមានមន្តអាគមពូកែស័ក្ដិសិទ្ធិ យើងត្រូវតែពិចារណាថា តើបុគ្គល ឬក្រុមនោះ មានលក្ខណៈពិសេសអ្វីខ្លះ ដូចជា៖
១. បុគ្គលនោះ កើតមកពីណា? ពីមនុស្ស ឬពីទេវៈ? មានប្រវត្តិយ៉ាងម៉េច?
២. តើគាត់បានធ្វើអ្វីខ្លះ និងឆ្លងកាត់អ្វីខ្លះ ទើបបានក្លាយជាតួអង្គនោះ?
៣. តើគាត់មានអ្វីពិសេសជាងមនុស្សធម្មតា? ធ្វើអ្វីបានខ្លះ? ជួយបានអ្វីខ្លះ? ដល់ខ្លួនយើង និងសង្គម?
៤. តើរបៀបដែលគាត់ធ្វើនោះ មានភាពជាក់ស្ដែងដែរ ឬទេ? ស័ក្ដិសិទ្ធិ ឬទេ? សមហេតុផល ឬទេ? ឬក៏មានភាពលាក់លៀម? មានល្បិចកល? មានការរៀបចំដែរ ឬទេ? មានគោលបំណងដើម្បីបំភាន់ ឬកេងចំណេញដែរ ឬទេ?
៥. តើគាត់អាចព្យាបាល អាចសង្គ្រោះអ្នកជំងឺ ជនរងគ្រោះ ជនងាយរងគ្រោះ បានដែរឬទេ? ចេះជប់សេចក្ដីសុខ សុភមង្គល ឬផលប្រយោជន៍ឱ្យអ្នកជឿ ដោយមិនចាំបាច់ខិតខំស្វែងរកសេចក្ដីសុខ ឬផលប្រយោជន៍ដោយខ្លួនបានដែរ ឬទេ?
៦. តើរបៀបដែលគាត់ធ្វើនោះ ស្រដៀងគ្នា ឬដូចគ្នានឹងអ្វីដែលជនខិលខូចមួយចំនួនបានធ្វើកន្លងមកដែរ ឬទេ? ដូចជា ករណី អតីតព្រះចៅអធិការវត្តស្រះចក, គ្រូសិល្ប៍ព្យាបាលជំងឺនៅកំពង់ធំ, បុគ្គលដែលបានតាំងខ្លួនជាព្រះសិអារ្យមេត្រី, តួអង្គព្រហ្មភ្នំគូលេន និងគ្រូសិល្ប៍ គ្រូវេទមន្ត គ្រូអាបធ្មប់ គ្រូស្ដោះផ្លុំ មួយចំនួនទៀតដែលបានព្យាបាលអ្នកជំងឺដោយបានបៀតបៀនកេរ្ដ៍ខ្មាស់ ឬរំលោភសេពសន្ថវៈអ្នកជំងឺ ជាដើម។
៧. ក្រៅពីនេះ បងប្អូននៅចាំទេ ព្រឹត្តិការណ៍នៅស្តាតអូឡាំពិកក្នុងសម័យអ៊ុនតាក់ ជាច្រើនឆ្នាំកន្លងមក ដែលលោក ម៉ៃអេវិន បានឃោសនា អះអាថា ខ្លួនអាចជួយព្យាបាលជំងឺមនុស្សគថ្លង់ ខ្វាក់ ខ្វិន ឬមនុស្សដែលមានជំងឺរ៉ាំរ៉ៃ ឱ្យជាសះស្បើយ តែទីបផុត គាត់មិនអាចធ្វើទៅបានដូចការសន្យា ហើយក៏មានការតវ៉ាពីអ្នកទៅរកសេវានោះ ដោយផ្ទុះអំពើហិង្សា និងចលាចលនៅពេលនោះ។ ដូចគ្នាដែរ ករណីទឹកលិចលោកនៅភ្នំគូលេន តើបងប្អូននៅចាំបានទេ មានការខាតបង់ពេលវេលា ប្រាក់កាស ទ្រព្យសម្បត្តិរបស់អ្នកជឿជាច្រើននាក់ រហូតដល់មានអន្តរាគមន៍ពីអាជ្ញាធរ។
៨. ប្រសិនបើមានករណីដែលបាន និងកំពុងកើតឡើងថ្មីនេះ ស្រដៀងគ្នាទៅនឹងករណីដូចបានរៀនរាប់ខាងលើ គួរតែប្រុងប្រយ័ត្ន ក្រែងលោរងគ្រោះដូចករណីទាំងនេះ និងដូចករណីមុនៗ ឬក៏ករណីតាថេន ចៅសន ដែរ។

នៅពេលដែលមានប្រជាពលរដ្ឋជឿងប់ងុលនឹងបុគ្គលមួយចំនួនដូចបានលើកឡើងខាងលើ តើពួកគាត់អាចនឹងរងគ្រោះអ្វីខ្លះដែរ?
ជំនឿ ឬសាសនា គឺជាអាវុធមុខពីរ បើជឿត្រូវនាំឱ្យមានសេចក្ដីសុខ សេចក្ដីចម្រើន សេចក្ដីថ្លៃថ្នូរ និងសុខដុម ប៉ុន្តែ បើជឿខុស នាំឱ្យពួកគេអាចវង្វេង យល់ច្រឡំ យល់ខុស សម្រេចចិត្តខុស ខាតបង់ពេលវេលា ប្រាក់កាស ចាញ់បោកគេ ជាដើម។ ទីបំផុត ពួកគេអាច មានភាពជ្រុលនិយម ងាយរងគ្រោះ ងាយត្រូវបានគេយកទៅប្រើប្រាស់ជាមធ្យបាយ ឬឧបរកណ៍សម្រាប់សម្រេចបំណងណាមួយ ដូចជា គោលបំណងខាងនយោបាយ ភេរវកម្ម សេដ្ឋកិច្ច (ផ្សាយលក់ផលិតផល ផ្សព្វផ្សាយផេក) សង្គ្រាម ជាដើម។ ឧទាហរណ៍ ក្នុងអតីតកាល ធ្លាប់មានក្រុមតាលីបង់ អាល់កៃដា ហ៊ូទី ហាម៉ាស ជាដើម ក៏ត្រូវអ្នកនយោបាយយកមកប្រើប្រាស់ ដើម្បីផលប្រយោជន៍របស់ខ្លួនដែរ។ ប៉ុន្តែ បើអ្នកណាម្នាក់ ឬក្រុមណាមួយជឿស៊ុប ជឿមាំ ជឿដាច់ខាត ឬមានភាពជ្រុលនិយមហើយ គ្មានអ្នកណាម្នាក់អាចផ្ដល់យោបល់ដល់គេបានឡើយ។
តាមពិត រឿងមានតួអង្គអស្ចារ្យនេះ មិនមែនជារឿងថ្មីទេ គឺមានតាំងពីយូរមកហើយ ប៉ុន្តែ នៅតែមិនអាចជួយសង្គមបាន ដូចជា ប្រទេសកម្ពុជា ធ្លាប់ជាមហានគរ មានទឹកដីធំធេង ឥឡូវនៅសល់ប៉ិនសព្វថ្ងៃនេះ។ មុនប៉ុលពត សម្បូរណាស់តួអង្គអស្ចារ្យ ពេលប៉ុលពត ឡើងកាន់អំណាចគ្រប់គ្រងបែបផ្ដាច់ការ និងសម្លាប់មនុស្សអស់រាប់លាននាក់ មិនមានតួអង្គអស្ចារ្យ ឬអាទិទេពណាមួយអាចជួយបានទេ។ សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ជាដើម ដែលសុទ្ធតែកើតឡើងនៅបណ្ដាប្រទេសសម្បូរជំនឿលើអាទិទេព ហើយក៏មិនមានតួអង្គអស្ចារ្យណាមួយអាចជួយសាសនិកទាំងនោះបាន ដែលសង្គ្រាមទាំងនោះ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសរាប់ម៉ឺន រាប់សែននាក់ និងខូចខាចទ្រព្យសម្បត្តិអស់ជាច្រើន។

តើជំនឿលើសាសនា មានគោលការណ៍អនុវត្តដែរ ឬទេ? បើមាន តើចំណុចអ្វីខ្លះដែរ?
មុននឹងឆ្លើយសំណួរនេះ សូមញែកសាសនាចេញពីជំនឿមិនសមហេតុផល ឬអបិយជំនឿ។ សាសនា គឺជាសំណុំនៃជំនឿរៀបរយ ការអនុវត្ត និងប្រព័ន្ធនានាដែលភាគច្រើនទាក់ទងនឹងជំនឿ និងការគោរពគម្ពីរ មនោគមវិជ្ជា តួអង្គអស្ចារ្យ ដូចជា ព្រះអាទិទេព ឬតួអង្គអធិធម្មជាតិ ជាដើម។ ចំណែក អបិយជំនឿ គឺជាជំនឿមិនគួរឱ្យស្រឡាញ់, មិនគួរឱ្យពេញចិត្ត។ ក្នុងន័យនេះ អាចសំដៅដល់ជំនឿលើអាប ធ្មប់ ព្រាយបិសាច ព្រលឹងខ្មោច អមនុស្ស ផ្លូវក្នុង ជាដើម។
មាត្រា៤៣ នៃរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ។ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងសាសនា ត្រូវបានរដ្ឋធានា ក្នុងក្របខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
ក្រៅពីរដ្ឋធម្មនុញ នៅមានច្បាប់ និងគោលការណ៍ផ្សេងៗទៀតរបស់ក្រសួងធម្មការ និងសាសនា។ លើសពីនេះ ក៏មានគោលការណ៍នៃសមាគមអន្តរសាសនា និងសាសនានីមួយៗផងដែរ ដើម្បីជួយតម្រង់ទិសការប្រតិបត្តិសាសនានីមួយៗ ដើម្បីកុំឱ្យមានការប៉ះទង្គិចគ្នា និងបញ្ជៀសហានិភ័យដល់សង្គម។

តើបុគ្គល ឬក្រុមដែលធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់សាសនារបស់រដ្ឋ ឬសង្គម អាចមានទោសទណ្ឌដែរឬទេ?
និយាយដល់ទោសទណ្ឌ គឺត្រូវពិនិត្យមើលទិដ្ឋភាពច្បាប់ និងសកម្មភាពប្រតិបត្តិជំនឿ ឬសាសនា ប្រសិនបើវាផ្ទុយនឹងច្បាប់ វាពិតជាមានកំហុស។ ប្រសិនបើមានកំហុស វាពិតជាត្រូវមានការណែនាំ ការតម្រង់ទិស ការអប់រំ ការទប់ស្កាត់ ឬការដាក់ទោស ជាដើម។ ក្នុងរដ្ឋធម្មនុញ្ញមាត្រទី៤៣ ចែងថា សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងសាសនា ត្រូវបានរដ្ឋធានា ក្នុងក្របខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ តែបើប៉ះពាល់ អាជ្ញាធរមានសិទ្ធិគ្រប់គ្រាន់ក្នុងការចាត់វិធានការផ្លូវច្បាប់។
ជារួម ជំនឿដែលមនុស្សម្នាក់ៗប្រកាន់យក អាចត្រូវ ឬខុស, អាចពិត ឬមិនពិត, អាចសមហេតុផល ឬមិនសមហេតុផល ហើយវាក៏អាចធ្វើឱ្យអ្នកជឿ ទទួលបានសេចក្ដីសុខ ឬសេចក្ដីទុក្ខ, ជោគជ័យ ឬបរាជ័យ, សុភមង្គល ឬអពមង្គល និងមានសុខដុមភាព ឬភាពបែកបាក់ផងដែរ។

តាមការពិចារណារបស់ខ្ញុំ ជំនឿ ឬសាសនាទាំងអស់ ត្រូវបានសន្មត ឬបង្កើតឡើងដោយមនុស្ស ដោយបានតាក់តែងជាប្រភព ប្រវត្តិទាក់ទងនឹងដំណើររឿង បែបបទ ពិធី ជំនឿ ដោយមានតួអង្គព្រះ ឬអាទិទេព វត្ថុពិសិដ្ឋ ព្រមទាំងបានចងក្រងជាទ្រឹស្ដី និងគម្ពីរ ជាដើម។ តាមពិត អ្វីៗដែលមានចែង និងអះអាងនៅក្នុងសាសនាទាំងអស់ មិនមែនសុទ្ធតែមានសច្ចភាពដាច់ខាតនោះទេ។ ចំណុចខ្លះ ពិត ឬសមហេតុផល និងចំណុចខ្លះទៀត មិនពិត ឬមិនសមហេតុផលនោះឡើយ។

ហេតុនេះ សូមអ្នកជឿទាំងអស់ កុំជឿដោយខ្វះបញ្ញា ខ្វះការពិចារណា និងខ្វះការគិតហ្មត់ចត់ ហើយកុំមានភាពជ្រុលនិយម និងការរើសអើងដល់អ្នកកាន់សាសនាដទៃ ឬអ្នកមិនជឿលើសាសនា។ ប្រសិនបើមិនដូច្នេះទេ អ្នកនឹងក្លាយជាអ្នករងគ្រោះ និងអ្នកបង្កជម្លោះជាមួយសាសនិកដទៃ ឬមនុស្សដទៃទៀត។
ហេតុនេះ មុននឹងប្រកាន់យកជំនឿណាមួយមកធ្វើជាមគ្គុទ្ទេសក៍ជីវិតរបស់ខ្លួន មនុស្សម្នាក់ៗ ត្រូវតែប្រាកដថា ជំនឿនោះ គឺជាអ្វីមួយដែលមានភាពត្រឹមត្រូវ សមហេតុផល ស្របនឹងសច្ចភាព និងអាចនាំឱ្យខ្លួនទទួលបានផលប្រយោជន៍ពីជំនឿទាំងនោះ។ លើសពីនេះទៀត វានឹងមិននាំឱ្យយើង និងសង្គមរបស់យើងទទួលរងគ្រោះតាមរូបភាពផ្សេងៗដោយសារជំនឿរបស់យើង៕
ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ