វប្បធម៌ ជំនឿ
កំហុសអចេតនាខ្លះ ធ្វើឱ្យ មរតកអរូបីប្រទេសខ្លួន មិនអាចបញ្ចូលក្នុងបញ្ជីយូណេស្កូ
ជារៀងរាល់ឆ្នាំ ប្រទេសជារដ្ឋភាគី នៃអនុសញ្ញា ឆ្នាំ២០០៣ នៃអង្គការយូណេស្កូ តែជួបប្រជុំសម្រេច និងស្នើចុះបញ្ជីនូវសម្បត្តិវប្បធម៌អរូបី នៃប្រទេសរបស់ខ្លួន។ ការស្នើសុំទាំងនោះ មិនមែនសុទ្ធតែទទួលបាននោះទេ ពោលគឺ រដ្ឋភាគីត្រូវបំពេញឯកសារត្រឹមត្រូវច្បាស់លាស់ និងត្រូវការចូលរួមពីភាគីពាក់ព័ន្ធជាចាំបាច់។ ជួនកាល កំហុសអចេតនាខ្លះ ក៏រាំងស្ទះដល់ការស្នើសុំចុះបញ្ជីនេះផងដែរ។

អគ្គនាយក អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ីយ៉ុន សុភារិទ្ធ លើកឡើងក្នុងបណ្ដាញសង្គម នៅថ្ងៃទី៦ ខែធ្នូនេះថា តាមបទពិសោធន៍ផ្ទាល់ខ្លួន ការរៀបចំឯកសារមិនជាការងារស្រួលនោះឡើយ គឺត្រូវចំណាយពេលវេលា ជួនកាលដល់រាប់ឆ្នាំ ហើយចំណាយថវិកាក៏ច្រើន និងទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ជាពិសេសគឺម្ចាស់មរតកវប្បធម៌អរូបីនោះតែម្តង (បើម្ចាស់មិនចូលរួមដោយពេញចិត្តនោះទេ ជាគោលការណ៍គឺមិនអាចដាក់ស្នើសុំបានដែរ)។ ទោះជាលំបាកយ៉ាងណាក៏ដោយ ឯកសារដែលដាក់ស្នើទៅហើយនោះ ក៏មិនប្រាកដថា ក្រុមវាយតម្លៃ (Evaluation Body) និងគណកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារមរតកវប្បធម៌អរូបី (Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage) សម្រេចឱ្យបញ្ចូលក្នុងបញ្ជីនោះដែរ។ ឯកសារដែលកម្ពុជាបានដាក់ស្នើកន្លងមក ក៏មានធ្លាក់ដោយអន្លើដែរ ហើយស្រុកដែលជឿនលឿនមានអ្នកចេះដឹងច្រើន ក៏មានធ្លាក់ដែរ។ បើធ្លាក់គឺត្រូវរង់ចាំជិតពីរឆ្នាំទើបមានឱកាសម្តងទៀត។ មានលក្ខខណ្ឌច្រើនណាស់ដែលយើងត្រូវបំពេញ ព្រមជាមួយការងារច្រើនទៀតដែលត្រូវត្រៀម។

បញ្ហានានាដែលនាំឱ្យប៉ះពាល់ដល់ឯកសារសំណើ៖ ការសម្តែងនូវការរើសអើង ការកេងចំណេញខាងពាណិជ្ជកម្មហួសហេតុ ពិសេសដោយអ្នកដទៃមិនជាម្ចាស់ ការប្រកាសថា មរតកមួយនោះពិសេសមានតែមួយ ស្រុកខ្ញុំជាម្ចាស់តែម្នាក់គត់ ជាដើមនោះ ជាហេតុនាំឱ្យធ្លាក់ និងនាំប៉ះពាល់ដល់តម្លៃមរតកវប្បធម៌អរូបី ហើយក៏អាចនឹងត្រូវគណកម្មការអន្តរដ្ឋាភិបាលសម្រេចដកចេញពីបញ្ជីដែរ ដូចជាករណី Aalst Carnival នៃប្រទេសបែលស៊ិក ជាដើម (https://www.unesco.org/…/aalst-carnival-removed…)។
យន្តការស្នើចុះបញ្ជី៖ យូណេស្កូតាមរយៈ គណកម្មការអន្តររដ្ឋាភិបាលអនុញ្ញាតឱ្យរដ្ឋភាគី អាចស្នើសុំចុះបញ្ជី រួមគ្នាជាមួយរដ្ឋភាគីផ្សេងទៀត អាចដកចេញពីបញ្ជី អាចដាក់បញ្ជូលជាមួយរដ្ឋភាគីផ្សេងមួយទៀត ឬក៏ប្តូរពីបញ្ជីមួយទៅបញ្ជីមួយទៀតបាន… ដូច្នេះ កុំបារម្ភ! ចង់ដាក់ក៏បាន ចង់ដកក៏បាន! ដាក់ម្នាក់ឯងក៏បាន ជាមួយគេឯងក៏បាន! ដាក់ឈ្មោះដូចគេក៏បាន ដោយឡែកក៏បាន…

មរតកវប្បធម៌អរូបីដែលចុះក្នុងបញ្ជីយូណេស្កូ៖ គិតមដល់ត្រឹមនេះ មានមរតកវប្បធម៌អរូបីជាង ៧០០ ហើយដែលប្រទេសចំនួន ១៤៣ ជារដ្ឋភាគី នៃអនុសញ្ញា ឆ្នាំ២០០៣ បានចុះបញ្ជីយូណេស្កូ។ ខ្លះចូលក្នុងបញ្ជីមរតកដែលត្រូវការការពារបន្ទាន់ (List of Intangible Cultural Heritage in Need of Urgent Safeguarding) ខ្លះចូលក្នុងបញ្ជីតំណាង នៃមរតកវប្បធម៌អរូបីនៃមនុស្សជាតិ (Representative List of Intangible Cultural Heritage of Humanity) ហើយខ្លះទៀតចុះជាកម្មវិធី ជាគម្រោង ឬជាសកម្មភាពដែលឆ្លុះបញ្ជាំងឧត្តមានុភាព នៃគោលការណ៍ និងគោលបំណង នៃអនុសញ្ញា (programmes, projects and activities that best reflect the principles and objectives of the Convention)។
ភារៈ នៃរដ្ឋភាគី ម្ចាស់មរតក និងអ្នកពាក់ព័ន្ធ៖ ការដែលបានចុះក្នុងបញ្ជីនេះទៀតសោត គឺពុំមែនចប់នោះទេ ទាំងរដ្ឋ ទាំងម្ចាស់មរតកផ្ទាល់ អ្នកពាក់ព័ន្ធនានាផង ត្រូវអនុវត្តគម្រោងផែនការការពារដែលបានលើកក្នុងឯកសារស្នើសុំចុះបញ្ជី។ ជាងនោះទៅទៀត ត្រូវរៀបចំធ្វើរបាយការណ៍វឌ្ឍនភាពជាប្រចាំជូនទៅខាងយូណេស្កូ នេះមិនរាប់ពីការងារដែលជាប់ទាក់ទងផ្សេងទៀតផង។ បើការពារមិនបានទេ យូណេស្កូនឹងដកចេញពីបញ្ជីហើយ។ ដូច្នេះគួររួមគ្នាឈ្វេងយល់ (សាកល្បងស្រឡាញ់) គាំទ្រ ថែរក្សា និងការពារមរតកយើងទាំអស់គ្នា។

“មរតកវប្បធម៌អរូបី” ដែលនិយាយខាងលើនេះ គឺសំដៅទៅលើប្រពៃណី ទំនៀមទម្លាប់ ចំណេះ ជំនាញប្រពៃណី ជំនឿ និងកិច្ចប្រតិបត្តិនានាក្នុងភូមិស្រុក។ ពេលខ្លះយើងឃើញមរតកអរូបី នៃអ្នកភូមិផងរបងជាមួយដែលមើលទៅប្រហាក់ប្រហែលគ្នា។ នេះមកពីវប្បធម៌ឆ្លងគ្នាទៅវិញទៅមកដោយមិនដឹងខ្លួនតាមរយៈមនុស្សក្នុងសង្គម។ “ស្រដៀងគ្នា” តែមិនដូចគ្នាសុទ្ធទេ ដ្បិតមរតកប្រពៃណីទាំងនោះ “រស់”។ ដែលនាំឱ្យខុសគ្នាខ្លះៗនោះ គឺអាស្រ័យលើស្ថានភាពបរិស្ថាន ភាពចាំបាច់ក្នុងសង្គម ការយល់ឃើញ និងការបកស្រាយផ្សេងៗនៃម្ចាស់មរតក។ ពិធីសែន “ក្រុងពាលី” របស់អ្នកនៅខាងភ្នំពេញមានលក្ខណៈខុសប្លែកពី “ប្រុងពាលី” នៃអ្នកសៀមរាប សូម្បីតែឈ្មោះជាដើម។ល។
ឧបករណ៍ នៃជម្លោះ និងការរើសអើង៖ តោងប្រកាន់ថា មរតកវប្បធម៌អរូបីពុំមែនជា “របស់” ឬ”ឧបករណ៍” នៃការរើសអើង ឬនាំឱ្យមានការរើសអើង ឈ្លោះប្រកែកប្រណាំងគ្នានោះទេ។ ជាតិសាសន៍ ក្រុម ឬបុគ្គលណារាប់រកធ្វើជារបស់ខ្លួន ហើយបន្តមរតកនោះពីជំនាន់មួយទៅជំនាន់មួយទៀត ដោយឱ្យតម្លៃ និងចាត់ទុកថាជាអត្តសញ្ញាណរបស់ខ្លួន ជាតិសាសន៍នោះជាម្ចាស់ នៃមរតកនោះហើយ។ ផ្ទុយទៅវិញ គួរកោតសរសើរ និងអបអរសាទរអ្នកភូមិអ្នកស្រុកជាម្ចាស់មរតក និងរដ្ឋាភិបាលទាំងឡាយណាដែលបានខិតខំថែរក្សាការពារ និងប្តេជ្ញាការពារមរតកអរូបីឱ្យបានគង់ ដូចជាតាមរយៈការចុះបញ្ជីយូណេស្កូនេះជាដើម។

ដូចជាមិនមានផលចំណេញកើតចេញពីការរើសអើងអ្វីនោះទេ។ ផ្ទុយទៅវិញ គឺបង្ហាញធ្វើឱ្យគេមើលឃើញថា យើងអន់ យើងទាបទៅវិញ។ តាមការសង្កេត មិនមែនអ្នកម្ចាស់មរតកនោះទេដែលជ្រួលច្របល់ ឬនាំឲ្យជ្រួលច្របល់។ ប៉ុន្តែអ្នកផ្សេងដែលមិនជាម្ចាស់ ហើយជួនកាលពុំទាំងយល់ ឬស្គាល់មរតកនោះច្បាស់ផង ដែលជ្រួល និងនាំជ្រួល។ ដើម្បីមរតកយើង សូមខិតខំឈ្វេងយល់ (សាកល្បងស្រឡាញ់) ថែរក្សា ការពារ និងគាំទ្រសិល្បៈវប្បធម៌ជាតិយើងទាំងអស់គ្នា ទើបសិល្បៈវប្បធម៌ពណ្ណរាយ ហើយជាតិក៏ថ្កើងថ្កាន ថ្លៃថ្នូរទៅតាមនោះដែរ។
លោក ស៊ីយ៉ុន សុភារិទ្ធ បានលើកឡើងថា កាលពីម្សិលមិញ (ទី៥ ខែធ្នូ ឆ្នាំ២០២៣) និងថ្ងៃនេះ អ្នកស្រុកអ្នកភូមិដែលជាម្ចាស់មរតកវប្បធម៌អរូបី សហគមន៍ពាក់ព័ន្ធ ព្រមទាំងរដ្ឋភាគីផង បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរចំពោះការទទួលស្គាល់ និងបានកត់ត្រាមរតកវប្បធម៌អរូបីរបស់ខ្លួនក្នុងបញ្ជីរបស់អង្គការយូណេស្កូ។

លោក ស៊ីយ៉ុន សុភារិទ្ធ បានលើកឡើងបន្តថា៖ “ខ្ញុំក៏មានសេចក្តីរីករាយ និងសូមចូលរួមអបអរសាទរដោយស្មោះចំពោះរដ្ឋភាគី នៃអនុសញ្ញា ឆ្នាំ២០០៣ នៃអង្គការយូណេស្កូ ជាពិសេសចំពោះអ្នកភូមិអ្នកស្រុកដែលជាម្ចាស់មរតកវប្បធម៌អរូបីទាំងនោះ ដែលបានខិតខំរួមគ្នាថែរក្សាការពារ និងបានចូលរួមរៀបចំឯកសារស្នើសុំចុះមរតកវប្បធម៌អរូបីរបស់ខ្លួនក្នុងបញ្ជីយូណេស្កូដោយជោគជ័យ។ ការស្នើសុំចុះ និងការចុះបញ្ជីនេះ ម្យ៉ាងគឺបង្ហាញពីការតាំងចិត្តប្តេជ្ញារបស់រដ្ឋភាគីម្ចាស់មរតក និងអ្នកពាក់ព័ន្ធក្នុងការថែរក្សាការពារមរតកវប្បធម៌អរូបីរបស់ខ្លួន ហើយនេះគឺជាគោលការណ៍សំខាន់ នៃអនុសញ្ញា២០០៣ ស្តីអំពី “ការការពារបេតិកភណ្ឌវប្បធម៌អរូបី”។ ម្យ៉ាងទៀតក៏បង្ហាញពីតម្លៃ និងការទទួលស្គាល់ជាអន្តរជាតិ នៃមរតកទាំងនោះដែរ។ ចំណែកកិត្យានុភាព នៃប្រទេសដែលមានមរតកវប្បធម៌អរូបីចុះក្នុងបញ្ជីយូណេស្កូ ក៏ថ្កើងទៅជាមួយផង”។
អ្នកស្រុកនៅម្តុំៗខាងយើងក៏ទទួលបានជោគជ័យ និងមោទនភាពនោះដែរ ដូចជានៅ ហ្វីលីពីន បានស្នើសុំដាក់បញ្ជូល “តម្បាញសរសៃម្នាស់ដោយប្រើកីដៃ នៃសហគមន៍នៅ Aklan” (Aklan piña handloom weaving) នៅឥណ្ឌូណេស៊ី ដាក់បញ្ជូល “វប្បធម៌ នៃការរក្សាសុខភាព និងព្យាបាល Jamu” (Jamu wellness culture) ម៉ាឡេស៊ី បានដាក់ Mek Mulung (ដែលជាទម្រង់ល្ខោនមួយកំពុងប្រឈមនឹងការបាត់បង់) នៅថៃដាក់ “សង្ក្រាន្តក្នុងប្រទេសថៃ” (Songkran in Thailand, traditional Thai New Year festival) និងឡាវបានដាក់ “សិប្បកម្មតម្បាញប្រពៃណីរូបនាគក្នុងសហគមន៍ឡាវ” (Traditional craft of Naga motif weaving in Lao communities)។

ទន្ទឹមនេះក៏មានរដ្ឋភាគីមួយចំនួនបានរួមគ្នាស្នើសុំចុះមរតកវប្បធម៌អរូបីដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាចូលក្នុងបញ្ជីយូណេស្កូដែរ ដូចជា អាល់បានី អង់ដូរ៉ា អូទ្រីស ក្រូអាត បារាំង ក្រិច អ៊ីតាលី ឡុចសំបួរ រ៉ូម៉ានី និងអេស្បាញ បានដាក់ប្រពៃណីនៃ “ការផ្លាស់ប្តូរទីកន្លែងរបស់មនុស្សតាមរយៈការបរសត្វទៅទីផ្សេងៗតាមរដូវ” (Transhumance, the seasonal droving of livestock)” ជាដើម។ ការចុះបញ្ជីរួមគ្នា នៃមរតកដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានេះ បង្ហាញពីការយល់ដឹង និងផ្តល់តម្លៃចំពោះមរតកវប្បធម៌អរូបី ហើយក៏ជាបង្ហាញពីការគោរពភាពផ្សេងគ្នាៗ នៃវប្បធម៌ដែរ។ យូណេស្កូលើកទឹកចិត្តរដ្ឋភាគីខ្លាំងណាស់ ឱ្យខិតខំធ្វើការជាមួយគ្នាដើម្បីរៀបចំឯកសារស្នើសុំចុះបញ្ជីមរតកទាំងនោះ។
គួរបញ្ជាក់ថា កម្ពុជា មានសម្បត្តិបេតិកភណ្ឌពិភពលោក ជាបន្តបន្ទាប់ រួមមាន៖ តំបន់អង្គរវត្ត របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ប្រាសាទព្រះវិហារ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ប្រាសាទសំបូរព្រៃគុក ល្ខោនខោលវត្តស្វាយអណ្ដែត ប្រាសាទកោះកេរ ជាដើម។ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់ អង្គការយូណេស្កូ បានអនុម័តចុះ គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1។ កម្ពុជាមានបញ្ជីបេតិកភណ្ឌអរូបីត្រៀមចុះបញ្ជី ហើយនាពេលខាងមុខ យើងត្រៀមចុះបញ្ជី ក្រមា នំបញ្ចុកជាដើម រីឯ សង្ក្រាន្តនៅកម្ពុជា អាចនឹងត្រូវបានចុះបញ្ជីនៅ ឆ្នាំ២០២៦ បើយើងរៀបចំដាក់សំណុំឯកសារនាឆ្នាំក្រោយ ដោយសារនីតិវិធីយូណេស្កូ តម្រូវឱ្យគ្រប់ប្រទេសអាចចុះបញ្ជីបេតិកភណ្ឌអរូបី ២ឆ្នាំម្តង៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ