វប្បធម៌ ជំនឿ
តើយើងគួរបន្តផ្ញើវាសនារបស់យើងលើហោរាសាស្ត្រ ឬ យ៉ាងណា?
យោងតាមទ្រឹស្ដី «ហោរាសាស្រ្ត» ទាក់ទងទៅនឹងលោកធាតុវិទ្យាបុរាណ និងតារាសាស្ត្រ ប៉ុន្តែ វាត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាសិល្បៈទស្សន៍ទាយ ដែលអាចទាយអំពីអនាគតនៃជីវិតរបស់មនុស្សណាម្នាក់តាមលំនាំនៃវត្ថុដែលមានអត្ថិភាពដូចជា លំហ ភព តារានានានៅពេលដែលមនុស្សចាប់កំណើត។

ហោរាសាស្រ្ត សន្មតថា ជោគវាសនារបស់មនុស្ស ត្រូវបានកំណត់ និងសរសេរនៅលើផ្កាយ ឬភពនានា ហើយមនុស្សមិនមានសេរីភាពកំណត់ជោគវាសនារបស់ខ្លួនឡើយ។ ហោរាសាស្រ្ត បានក្លាយជាគោលដៅនៃការរិះគន់នៅក្នុងប្រពៃណីរបស់ពួកវិចារណញ្ញាណនិយមបស្ចិមប្រទេស។
ម្យ៉ាងទៀត គេអាចនិយាយថា ហោរាសាស្រ្ត គឺជា រហស្សវិទ្យាសាស្ត្រ ឬ វិទ្យាសាស្ត្រអាថ៌កំបាំង ឬ វិទ្យាសាស្ត្រមិនពិត (Pseudoscience) ដែលអះអាងអំពីការស្វែងយល់នូវព័ត៌មានអំពីកិច្ចការរបស់មនុស្ស និងព្រឹត្តិការណ៍នៅលើផែនដីតាមរយៈការសិក្សាពីចលនា និងទីតាំងនៃភពនានា។ ហោរាសាស្រ្ត ត្រូវបានចុះកាលបរិច្ឆេទយ៉ាងហោចណាស់នៅសហស្សវត្សរ៍ទី២ មុនគ្រិស្តសករាជ ហើយមានឫសគល់របស់វានៅក្នុងប្រព័ន្ធប្រតិទិន ដែលត្រូវបានគេប្រើ ដើម្បីទាយ ការផ្លាស់ប្តូរតាមរដូវ និងដើម្បីបកស្រាយវដ្តនានានៃភពផ្សេងៗ ដែលជាសញ្ញានៃការទាក់ទងខាងទេវភាព។
វប្បធម៌ជាច្រើន បានភ្ជាប់សារៈសំខាន់ទៅនឹងព្រឹត្តិការណ៍ខាងតារាសាស្ត្រ ហើយវប្បធម៌មួយចំនួន ដូចជា វប្បធម៌ហិណ្ឌូ ចិន និងម៉ាយ៉ា (Maya) បានបង្កើតប្រព័ន្ធល្អិតល្អន់សម្រាប់ទស្សន៍ទាយព្រឹត្តិការណ៍នៅលើផែនដី ដោយផ្ដើមចេញពីការសង្កេតលើភពផ្សេងៗ។ ហោរាសាស្រ្តលោកខាងលិច គឺជាប្រព័ន្ធហោរាសាស្រ្តដែលមានវ័យចំណាស់ជាងគេបំផុតមួយ និងនៅតែត្រូវបានគេប្រើប្រាស់រហូតមកទល់នឹងសព្វថ្ងៃនេះ ហើយវាបានរីករាលដាលដល់ក្រិកបុរាណ រ៉ូម ពិភពអារ៉ាប់ និងនៅទីបំផុតអឺរ៉ុបកណ្តាល និងខាងលិច។

ហោរាសាស្រ្តបស្ចិមប្រទេសសហសម័យ ជារឿយៗ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធនៃនក្ខត្តយោគព្យាករណ៍ (ការទាយជោគជតារាសីផ្អែកលើតារាសាស្ត្រ) ដែលសន្មតពន្យល់អំពីទិដ្ឋភាពនានានៃបុគ្គលិកលក្ខណៈរបស់មនុស្ស និងទាយព្រឹត្តិការណ៍សំខាន់ៗនៅក្នុងជីវិតរបស់ពួកគេដោយផ្អែកលើទីតាំងនៃភពផ្សេងៗ ហើយភាគច្រើននៃអ្នកហោរាសាស្ត្រអាជីព ពឹងផ្អែកលើប្រព័ន្ធបែបនេះ។
ក្នុងប្រវត្តិសាស្រ្តភាគច្រើនរបស់ខ្លួន ហោរាសាស្រ្តត្រូវបានគេចាត់ទុកថាជាប្រពៃណីដែលត្រូវគេបានស្គាល់ ហើយជាទូទៅ នៅក្នុងវិស័យសិក្សា ជារឿយៗ ទាក់ទងយ៉ាងជិតស្និទ្ធជាមួយតារាសាស្ត្រ, មែកធាងនៃទស្សនវិជ្ជាធម្មជាតិ ឧតុនិយម និងឱសថសាស្ត្រ។ វាមានវត្តមាននៅក្នុងវិស័យនយោបាយ ហើយត្រូវបានលើកឡើងនៅក្នុងស្នាដៃអក្សរសិល្ប៍ផ្សេងៗ។

ក្រោយមក នៅចុងបញ្ចប់នៃសតវត្សទី១៩ និងក្រោយពេលដែលមានការទទួលយកយ៉ាងទូលំទូលាយនូវវិធីវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវបានបដិសេធដោយជោគជ័យនូវហោរាសាស្រ្ត ទាំងមូលដ្ឋានទ្រឹស្តី ទាំងមូលដ្ឋានពិសោធន៍ ហើយបានបង្ហាញថា វាមិនមានសុពលភាពខាងវិទ្យាសាស្ត្រឬអំណាចខាងការពន្យល់ទេ។ ដូច្នេះ ហោរាសាស្រ្ត បានបាត់បង់ជំហរសិក្សានិងជំហរខាងទ្រឹស្តីរបស់ខ្លួន ហើយជំនឿទូទៅលើហោរាសាស្រ្តក៏បានធ្លាក់ចុះយ៉ាងខ្លាំង។
បើទោះបីជាយ៉ាងនេះក៏ដោយ ក៏មនុស្សមួយចំនួននៅលើពិភពលោក រួមទាំងប្រជាជនខ្មែរមួយចំនួនផងដែរ នៅតែបន្តជឿលើការទាយ ឬ ហោរាសាស្ត្រនេះ។ ជាទូទៅ ការជឿនេះដោយសារតែពួកគេមិនសូវយល់ច្បាស់ថាតើអ្វីទៅជាហោរាសាស្ត្រ មិនយល់ច្បាស់អំពីជីវិតរបស់ខ្លួន ដំណើរធម្មជាតិ បាតុភូតសង្គម អន្តរកម្មសង្គម ឥទ្ធិពល និងការប្រែប្រួល និងទំនាក់ទំនងរវាងហេតុនិងផល ពោលគឺ ពួកគេមិនស្គាល់ខ្លួនឯងច្បាស់ និងមិនស្គាល់តថភាពនិងសច្ចភាពក្នុងធម្មជាតិនិងសង្គម។

ការជឿលើការទស្សទាយ ឬ ហោរាសាស្ត្រ គឺជាការយកវាសនារបស់ខ្លួនដែលជារបស់សំខាន់បំផុតនៃជីវិតរបស់យើងទៅផ្ញើលើភាពមិនច្បាស់លាស់ ការប្រថុយប្រថាន ជំនឿបែបអធិធម្មជាតិ និងបានបង្ហាញពីការបាត់បង់ជំនឿលើខ្លួនឯង។ ជាយថាហេតុ វាអាចនាំយើងឱ្យធ្វើការសម្រេចចិត្តនិងការប្រព្រឹត្តមួយដែលមិនត្រឹមត្រូវ មិនសមហេតុផល ខកខានឱកាសល្អៗ ចាញ់បោកគេ ក្លាយជាជនរងគ្រោះ និងមានវិប្បដិសារីក្នុងជីវិត។ ហេតុនេះ យើងមិនគួរបន្តជឿលើការទស្សទាយឬហោរាសាស្ត្រ ឬជឿអ្វីដែលមិនមានភាពច្បាស់លាស់ ដូចជា អបិយជំនឿ ជាដើម បើមិនដូច្នោះទេ យើងនៅតែបន្តខកខានឱកាសល្អៗ ចាញ់បោកគេ ក្លាយជាជនរងគ្រោះ និងមានវិប្បដិសារីក្នុងជីវិតមិនចេះចប់។ លើសពីនេះទៀត បើយើងជំនាន់នេះនៅតែបន្តជឿ វាក៏នឹងតែជះឥទ្ធិពលមិនល្អទៅដល់មនុស្សជំនាន់ក្រោយៗទៀត៕
ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ