វប្បធម៌ ជំនឿ
ក្រសួងធម្មការ កំពុងអនុវត្តភារកិច្ច លើ អ្នកលក់តាមអនឡាញ ថាស្នងរូប ព្រះនាងឥន្ទ្រទេវី
ក្រសួងធម្មការ និងសាសនា កំពុងអនុវត្តភារកិច្ច បន្ទាប់ពីមានការចែករំលែកតៗគ្នាតាមបណ្ដាញសង្គម ចំពោះការបង្ហោះហ្វេសប៊ុក មានឈ្មោះ “កំពូលម៉ូត” ដែលមាន បុរសស្ត្រីប្ដីប្រពន្ធ ២នាក់ ជាអ្នកលក់ថ្នាំបុរាណតាមអនឡាន ដោយពួកគេបង្ហាញសកម្មភាព ជាអ្នកស្នងរូប ព្រះនាងឥន្ទ្រទេវី នៅកន្លែងសក្ការៈឯកជនមួយ។

តាមរយៈវីដេអូបង្ហោះលើហ្វេសបុកឃើញថា ស្រ្តីជាប្រពន្ធតែងខ្លួនជាព្រះនាងឥន្ទ្រទេវី បានរាំពត់ពេននូវក្បាច់រាំដែលគេមិនដែលឃើញ និងបានថ្វាយបង្គំ បុរសជាប្ដីកាន់កាំបិតខ្លី ឈរស្ងៀម ហាក់ដូចជា ព្រះបាទជ័យវរ្ម័នទី៧ ចូលសណ្ឋិតដែរ។

បន្ថែមពីនេះ ប្ដីប្រពន្ធទាំង ២រូប ក៏បានទៅថ្វាយបង្គំ នៅទីតាំងសក្ការៈលោកតារាជ នៅប្រាសាទអង្គរវត្ត ក៏ដូចជានៅមុខចម្លាក់នានា និងព្រះបរមរូបព្រះនាងឥន្ទ្រទេវី នាប្រាសាទព្រះខ័ន ខេត្តសៀមរាបជាដើម ក្នុងអាការៈយំខ្សឹកខ្សួលស្ដាយស្រណោះ។


ជុំវិញ ករណីនេះ អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅ ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះថា ក្រសួងបាន និងកំពុងអនុវត្តភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងរួមសហការគ្រប់តួអង្គពាក់ព័ន្ធ។

ជាមួយគ្នានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងក្នុងហ្វេសបុកថា តាមការឆាតជាមួយអ្នកនាង ម្ចាស់បង្ហោះរូបភាពនោះ កំពុងតាំងខ្លួនជា ព្រះនាងឥន្ទ្រទេវី យាងមកជួយជាតិ។

គួររម្លឹកថា កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ឱ្យ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោះស្រាយបញ្ហាដែលបុគ្គលមួយចំនួនយកសាសនាធ្វើជាខែល ក្នុងគោលបំណងណាមួយ ឬក្នុងគោលបំណងធ្វើអាជីវកម្ម។

ទោះជាយ៉ាងណា សម្ដេចធិបតី បានបញ្ជាក់ថា នេះមិនមែនរដ្ឋាភិបាលបិទសិទ្ធិ នៃជំនឿសាសនានៅកម្ពុជាឡើយ។ តាមរដ្ឋធម្មនុញ្ញកម្ពុជា ការមានជំនឿ ឬជឿទៅលើសាសនាអ្វីមួយ ជាសិទ្ធិរបស់ពលរដ្ឋ ប៉ុន្តែរាល់ជំនឿទាំងអស់នោះគប្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់អ្នកដទៃដែលធ្វើឱ្យកើតជាជម្លោះរវាងអ្នកជឿ និងអ្នកមិនជឿ។

គួរបញ្ជាក់ថា តាមរយៈការស្រាវជ្រាវប្រវត្ដិសាស្ដ្របានបង្ហាញថា ព្រះនាងឥន្ទ្រទេវី ជាព្រះរាជអគ្គមហេសីទី២ នៃព្រះបាទជយវម៌្មទី៧ ពីព្រោះព្រះនាងបានទទួលព្រះរាជាភិសេកជាមួយព្រះចៅអធិរាជ ក្រោយពេលដែលព្រះមហេសីដើមដែលត្រូវជាព្រះរាជកន្និដ្ឋា ព្រះនាង ជ័យរាជាទេវី សោយទិវង្គត។

ព្រះនាងឥន្ទ្រទេវី គឺជាវីរក្សត្រីយ៍ខ្មែរមួយអង្គនាសម័យអង្គរ ដែលមិនត្រឹមតែមានព្រះរូបឆោមលោមពណ៌ល្អឥតមាននរណាផ្ទឹមបានប៉ុណ្ណោះទេ ព្រះនាងថែមទាំងមានវិជ្ជាសម្បត្ដិខ្ពង់ខ្ពស់ឈ្លាសវៃក្នុងការសិក្សា និងចេះដឹងនូវក្បួនច្បាប់ទាំងឡាយយ៉ាងជ្រៅជ្រះ។ ដោយមានសេចក្ដីដំណាលនៅក្នុងសិលាចារឹកថា ព្រះនាងឥន្ទ្រទេវី គឺជាក្សត្រីយ៍ខ្មែរដ៏ពូកែលើសលប់ ឥតមាននរណាប្រៀបផ្ទឹមបាននៅសម័យអង្គរ ក្នុងផ្នែកភាសាសំស្ក្រឹត និងបរមត្ថវិជ្ជា៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ