វប្បធម៌ ជំនឿ
រកឃើញ ឡស្លដែកជាង ៥០ កន្លែង និងភូមិបុរាណ ៣ នៅ ឧទ្យានតេជោសែន ឫស្សីត្រឹប
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ហៅខ្លីថា ឧទ្យានឫស្សីត្រឹប មានទាំងធនធានធម្មជាតិ និងធនធានវប្បធម៌ បង្ហាញទំនាក់ទំនងគ្នាប្រកបដោយសក្ដានុពលខាងសេដ្ឋកិច្ច វប្បធម៌ សង្គម និងនយោបាយ ដែលបានបន្សល់ទុកតាំងពីសម័យបុរេប្រវត្តិ។ រយៈពេលជាង ៦០ ឆ្នាំមកនេះ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ បានរកឃើញ ឡស្លដែក ជាង ៥០ កន្លែង និងភូមិបុរាណ ៣ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅឧទ្យាននេះ។

លោក សូត្រ សំណាង ប្រធាន ឧទ្យានតេជោសែន ឫស្សីត្រឹប បានឱ្យ “កម្ពុជាថ្មី” ដឹងថា សក្តានុពលក្នុងឧទ្យាន បានក្លាយជាគោលដៅដ៏សំខាន់ និងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ ដូចជានៅឆ្នាំ១៩៦៣ លោក អេតម៉ុង សូរាំង បានរកឃើញភស្តុតាង ទីតាំងមនុស្សរស់នៅដំបូងៗក្នុង “យុគក្រួសបំបែក” ដែលទីតាំងនោះលោកបានឱ្យឈ្មោះថា “ស្ថានីយឆែប”។

លោក សូត្រ សំណាង បានឱ្យដឹងបន្ថែមថា៖ “នៅឆ្នាំ១៩៤៣ លោក ប៉ូល ឡេវី ក៏បានស្រាវជ្រាវ និងធ្វើកំណាយ នៅស្ថានីយ “ម្លូព្រៃ” ក្នុងតំបន់ស្រុកឆែប ដូចគ្នា បានរកឃើញភស្តុតាង នៃការតាំងទីលំនៅរបស់មនុស្សក្នុងសម័យបុរប្រវត្តិសាស្ត្រ ស្ថិតក្នុង “យុគថ្មរំលីង”។ ហើយការតាំងទីរស់នៅរបស់មនុស្សក្នុងតំបន់នេះ បានបន្តកើតមានរហូតដល់សម័យប្រវត្តិសាស្ត្រ និងបច្ចុប្បន្ន”។

ប្រធាន ឧទ្យានតេជោសែន ឫស្សីត្រឹប ខាងលើ បានឱ្យដឹងបន្តថា ពីឆ្នាំ២០១០ ដល់ ឆ្នាំ២០១២ បណ្ឌិត ធុយ ចាន់ធួន បានស្រាវជ្រាវទីតាំងស្ថានីយ៍ឡស្លដែកបុរាណនៅក្នុងស្រុកឆែប។ បន្តមក នៅឆ្នាំ២០១៧ ក្រុមការងារមន្ត្រី នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំស្រាវជ្រាវដោយ បណ្ឌិត នូ ចាន់សុភី និង បណ្ឌិត ផុស កសិកា សហការជាមួយ ក្រុមការងារមន្ត្រី ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដឹកនាំដោយ បណ្ឌិត ឈឹម សុខាន់ដារ៉ា បានស្រាវជ្រាវ កំណត់អត្តសញ្ញាណ ស្ថានីយ និងធ្វើផែនទីស្ថានីយ រួមមាន៖ ទួលឡស្ល ដែកចំនួន ៥៤ ទីតាំង មាន ៥ បណ្ដុំ, ភូមិបុរាណចំនួន ៣, ត្រពាំងបុរាណចំនួន ៦៥, ផ្លូវបុរាណចំនួន ៣ ខ្សែ។

លោក សូត្រ សំណាង បានឱ្យដឹងបន្តថា៖ “ឆ្នាំ២០១៩ ក្រុមការងារទាំងពីរនេះ បានបន្តស្រាវជ្រាវ និងធ្វើកំណាយបុរាណវត្ថុវិទ្យាទីតាំងឡស្លដែកមួយកន្លែង ដោយបានរកឃើញបុរាណវត្ថុ និងវត្ថុគំហើញបុរាណវិទ្យាជាច្រើន ដូចជា៖ រចនាសម្ព័ន្ធឡស្លដែក ត្រឡែក (បំពង់ខ្យល់) អាចម៍ដែក អាចម៍ស្ពាន់ រ៉ែដែក រ៉ែស្ពាន់ ថ្មកំណល់ និងថ្មវាយបំបែករ៉ែ ពាងទឹក កុលាលភាជន៍សម័យអង្គរ និងធ្យូងឫស្សី”។

ប្រធាន ឧទ្យានតេជោសែន ឫស្សីត្រឹប រូបនេះ បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០១៩ ដដែលនោះ ឧទ្យានឫស្សីត្រឹប បានសាងសារមន្ទីរនៅនឹងស្ថានីយកំណាយចំនួន ២ កន្លែង ដើម្បីរក្សាភស្តុតាង និងវត្ថុគំហើញបុរាណវត្ថុវិទ្យានានា ឱ្យនៅក្នុងរណ្ដៅកំណាយ នៃទីតាំងរបស់វា សម្រាប់បប្រើជូនដល់សាធារណជន និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ងាយទស្សនា និងសិក្សាឈ្វេងយល់។

លោក សូត្រ សំណាង លើកឡើងបន្តថា ឆ្នាំ២០២៣ លោក សាស្ត្រាចារ្យ Uchida នៃសាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន សហការជាមួយ លោកបណ្ឌិត ឈឹម សុខាន់ដារា អនុប្រធានឧទ្យាន បានស្រាវជ្រាវ ផ្ទៃលើស្ថានីយជាថ្មី ដើម្បីប្រមូលសំណាកធ្យូងពីគំនរអាចម៍ដែក និងបានកំណត់អាយុកាលសំណាកចំនួន៤ មានអាយុកាលក្នុងសតវត្សរ៍ទី១០ និងសំណាក់ចំនួន ៣ ផ្សេងទៀត មានអាយុកាលនៅសតវត្សរ៍ទី១៤។ ក្រោយមកទៀត ក៏មានអ្នកជំនាញបារាំង មកពីសាលាបារាំងចុងបូព៌ា (EFEO) និងអ្នកសិក្សាស្រាវជ្រាវជាតិជាច្រើនទៀត ក៏បានមកសិក្សាជាបន្តបន្ទាប់ដែរ។ ជារួមស្ថានីយឧស្សាហ៍កម្មស្លដែកដ៏ធំក្នុងតំបន់នេះ មានអាយុកាល យ៉ាងហោច ណាស់ចាប់តាំងពីសម័យអង្គរមកម៉្លេះ”។

គួរបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើត និង ទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ ដែលមានទំហំផ្ទៃដី ១១៤,៣៥ គីឡូម៉ែត្រទ្វេគុណ (ម៉ែត្រការ៉េ) ដែលមានទីតាំងស្ថិតក្នុង ឃុំឆែបមួយ និងឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះ ត្រូវបានគ្រប់គ្រងផ្ទាល់ ដោយរាជបណ្ឌិត្យសភាកម្ពុជា នៃ ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមាន អគ្គនាយកដ្ឋានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាសេនាធិការដឹកនាំ គ្រប់គ្រង និងអនុវត្ត គម្រោងអភិរក្ស និងអភិវឌ្ឍន៍នានាដើម្បីឱ្យមាននិរន្តរភាព ក្នុងកិច្ចការពារ និងអភិវឌ្ឍន៍៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច