វប្បធម៌ ជំនឿ
រដ្ឋមន្ត្រីវប្បធម៌ ស្នើទប់ស្កាត់ការធ្វើឱ្យខូចទ្រង់ទ្រាយដើមលើបេតិកភណ្ឌ
បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យមន្ទីររាជធានី-ខេត្តបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវសកម្មភាពទាំងឡាយដែលបំផ្លាញ ឬធ្វើឱ្យខូចទ្រង់ទ្រាយដើម ឬដែលមានផលប៉ះពាល់ដោយប្រយោលមកលើបេតិកភណ្ឌ ឬវត្តអារាម ដែលមានអាយុកាលយូរមកហើយ និងទីតាំងប្រវត្តិសាស្ត្រ ព្រមទាំងសំណង់បេតិកភណ្ឌក្រុងនានាដែលមាននៅតាមបណ្តារាជធានី-ខេត្ត។ នេះបើតាមការផ្ដល់ព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ។

ថ្លែងក្នុង ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នៅព្រឹកនេះ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា អង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសអាជ្ញាធរជាតិទាំង៣ អគ្គនាយកដ្ឋានបេតិកភណ្ឌ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ និងគ្រប់មន្ទីររាជធានី-ខេត្ត ត្រូវបន្តពង្រឹងភារកិច្ចអាទិភាពបន្ទាន់មួយចំនួនដោយបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវសកម្មភាពទាំងឡាយដែលបំផ្លាញ ឬធ្វើឱ្យខូចទ្រង់ទ្រាយដើម ឬដែលមានផលប៉ះពាល់ដោយប្រយោល មកលើបេតិកភណ្ឌ ដែលអាចជាបុរាណដ្ឋាន (ប្រាសាទ ទូលបុរាណ ត្រពាំងបុរាណ) ឬវត្តអារាម ដែលមានអាយុកាលយូរមកហើយ និងដែលមានតម្លៃពិតប្រាកដត្រូវអភិរក្ស ព្រមទាំងសំណង់ បេតិកភណ្ឌក្រុងនានាដែលមាននៅតាមបណ្តារាជធានី-ខេត្ត។

លោកស្រីរដ្ឋមន្ត្រីបានណែនាំថា វិធានការផ្ទាល់នៅនឹងទីតាំងបេតិកភណ្ឌ គឺជាមធ្យោបាយចាំបាច់ក្នុងការការពារ ជាអាទិ៍ ការកំណត់ និយាមការតំបន់ត្រូវការពារ ការបោះបង្គោលព្រំ ការលើកស្លាកសញ្ញាដើម្បីឱ្យសាធារណជនជ្រាបថា ជាបុរាណដ្ឋាន និងការចុះបញ្ជីប្លង់កម្មសិទ្ធិរដ្ឋ គឺសុទ្ធតែជាភារកិច្ចបន្ទាន់ដែលត្រូវអនុវត្ត។ គ្រប់អង្គភាពពាក់ព័ន្ធត្រូវរៀបចំឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ និងដោះស្រាយនូវផលប៉ះពាល់នានាជាយថាហេតុ ដោយរួមសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញបណ្ណកម្មសិទ្ធិជូនរដ្ឋ។

លោកស្រីរដ្ឋមន្ត្រី បានបន្តថា ដោយឡែកសម្រាប់រមណីយដ្ឋានដែលមានវិសាលភាពធំដូចជា ភ្នំជីសូរ ប្រាសាទភ្នំដា និងបេតិកភណ្ឌដែលបានដាក់ក្នុងបញ្ជីបម្រុងសម្រាប់ការបន្តចុះបញ្ជីជាបេតិកភណ្ឌពិភពលោក អង្គភាពពាក់ព័ន្ធត្រូវប្រឹងប្រែងរៀបចំឯកសារគតិយុត្តកំណត់តំបន់ការពារ ដែលអាចជា អនុក្រឹត្យ ឬព្រះរាជក្រឹត្យឱ្យបានរួសរាន់។

ជាមួយគ្នានេះដែរ លោកស្រីរដ្ឋមន្ត្រីបានណែនាំឱ្យមានការរៀបចំឱ្យមានព្រឹត្តិការណ៍ជាសិល្បៈ ការតាំង ពិព័រណ៍ ឬសកម្មភាពទស្សនកិច្ចសិក្សា ឬសកម្មភាពផ្សេងៗទៀត នៅតាមបុរាណដ្ឋានសំខាន់ៗ នៅតាមបណ្តាខេត្ត ក៏ជាសកម្មភាពមានតម្លៃសម្រាប់រំលឹក និងជំរុញលើកទឹកចិត្តប្រជាជនក្នុងតំបន់ឱ្យចូលរួមការពារបុរាណដ្ឋានទាំងនោះផងដែរ។

លើសពីនេះទៀត ចំពោះទីតាំងប្រវត្តិសាស្ត្រ និងជាទីកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋ និងជនជាតិដើមភាគតិចដែលកំពុងទទួលរងនូវផលប៉ះពាល់ គ្រប់មន្ទីរពាក់ព័ន្ធត្រូវបន្តសហការឱ្យបានល្អ និងជាប់ជាប្រចាំជាមួយអាជ្ញាធរដែនដី ដើម្បីចូលរួមការពារ ជាពិសេសត្រូវសហការជាមួយសហគមន៍ជនជាតិដើមភាគតិចផ្ទាល់ ជាមួយអាជ្ញាធរដែនដី និងជាមួយវិស័យឯកជន ដើម្បីបង្កើតឱ្យបាននូវមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ដូចករណីជោគជ័យនៅខេត្តរតនគិរីជាដើម។

លោកស្រីរដ្ឋមន្ត្រីបានបន្ថែមថា ត្រូវតាមដានដោយយកចិត្តទុកដាក់នូវព័ត៌មាននានាតាមបណ្តាញផ្សព្វផ្សាយផងទាំងឡាយដែល ទាក់ទងនឹងសិល្បៈវប្បធម៌ ដោយទទួលយក និងធ្វើការកែប្រែចំពោះការរិះគន់ស្ថាបនាដែលជាចំណុចវិជ្ជមាន ក៏ប៉ុន្តែក៏ត្រូវធ្វើការបកស្រាយឱ្យទាន់ពេលវេលានូវព័ត៌មានមិនពិត និងប្រឌិតក្នុងគោលបំណងមិនល្អ និងធ្វើឱ្យប៉ះពាល់ដល់វិស័យវប្បធម៌ និងសិល្បៈ ធ្វើឱ្យមានភាពរសើបផ្នែកសង្គម និងនយោបាយ។ ក្នុងន័យនេះ ក្រុមការងារប្រតិកម្មរហ័ស ឬអង្គភាពពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវមានការទទួលខុសត្រូវ និងប្រុងប្រយ័ត្ន ឆ្លើយតបឱ្យបានទាន់ពេលវេលា សំដៅលុបបំបាត់ព័ត៌មានមិនពិត បកស្រាយពន្យល់ បន្តការងារផ្សព្វផ្សាយអប់រំ និង សហការឱ្យបានល្អជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ទៅតាមអនុសាសន៍ សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានណែនាំក្នុងសន្និបាតបូកសរុបរបស់ក្រសួងព័ត៌មាននាពេលថ្មីៗនេះ។ លោកស្រីរដ្ឋមន្ត្រីបានអំពាវនាវថា ក្នុងបរិបទនេះ សូមសាធារណជនទាំងអស់កុំចូលរួមចែករំលែកបន្តនូវព័ត៌មានទាំងឡាយណាដែលខ្វះការពិត និងមិនមានផលប្រយោជន៍ដល់ជាតិ និងប្រជាជនយើង។

គួរបញ្ជាក់ថា សន្និបាតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងឆ្នាំនេះ បានរៀបចំក្នុងកាលៈទេសៈ នៃការតភ្ជាប់នូវសកម្មភាពការងារកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល