វប្បធម៌ ជំនឿ
តើ សង្ក្រាន្តកម្ពុជា អាចស្នើចុះបញ្ជីយូណេស្កូ នៅពេលណា ខណៈ ឡាវ មីយ៉ាន់ម៉ា ចូលឆ្នាំដូចគ្នា?
កម្ពុជា ថៃ មានវប្បធម៌រៀបចំពិធីបុណ្យចូលឆ្នាំស្រដៀងគ្នា រយៈពេល ៣ថ្ងៃ នៅខែមេសា ដូចគ្នា ប៉ុន្តែ សង្ក្រាន្តថៃ ស្នើសុំ និងទទួលបានការចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) មុនកម្ពុជា។ ការណ៍នេះ បានធ្វើឱ្យ មហាជនមួយចំនួនសម្ដែងការស្ដាយខកបំណង ពិសេសបន្ទាប់ពីពេលថ្មីៗនេះ រដ្ឋាភិបាលថៃ បានប្រកាសជាផ្លូវការ រៀបចំ សង្ក្រាន្តថៃ រយៈពេល ២១ថ្ងៃ ដើម្បីទាក់ទាញទេសចរពិភពលោក។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើប្រជាពលរដ្ឋកុំមានការអាក់អន់ស្រពន់ចិត្ត និងចូលរួមរីករាយជាមួយគ្នា ខណៈកម្ពុជាក៏មានសិទ្ធិ និងគ្រោងស្នើ សង្រ្កាន្តកម្ពុជា ចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីមនុស្សជាតិ យូណេស្កូ ផងដែរ។

តើ កម្ពុជា នឹងស្នើសុំ ចុះ សង្ក្រាន្តកម្ពុជា ចូលបញ្ជី វប្បធម៌អរូបីយ យូណេស្កូ នៅពេលណា? គ្រោងចុះតែឯង ឬរួមគ្នា ខណៈ ប្រទេស ឡាវ មីយ៉ាន់ម៉ា ក៏មានវប្បធម៌រៀបចំ សង្ក្រាន្ត ឬចូលឆ្នាំថ្មី នៅថ្ងៃតែមួយជាមួយគ្នាដែរនោះ?

បណ្ឌិត ស៊ុំ ម៉ាប់ រដ្ឋលេខាធិកា និងអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា តាមនីតិវិធី បើយើងរៀបចំឯកសារដាក់នៅឆ្នាំហ្នឹង ខាង យូណេស្កូ ត្រូវការរយៈពេល ១ឆ្នាំ ដើម្បីសិក្សាវាយតម្លៃ ហើយ ១ឆ្នាំ បន្ទាប់ទៀត ទើបបានចូលក្នុងសម័យប្រជុំផ្លូវការ នៃការចុះបញ្ជី ដែលមានន័យថា ត្រូវការប្រើពេល ២ឆ្នាំ។

បណ្ឌិត ស៊ុំម៉ាប់ មានប្រសាសន៍បន្តថា៖ “ប្រសិនបើ បច្ចុប្បន្នយើងរៀចំឯកសារបច្ចេកទេសទាន់ យើងដាក់ឆ្នាំក្រោយ ឧទាហរណ៍ណា៎! ឧទាហរណ៍ ឆ្នាំ២០២៥ យើងដាក់ឯកសារបច្ចេកទេស អ៊ីចឹង ២ឆ្នាំ បានន័យថា ២០២៥ ត្រូវ ២០២៦ ជានីតិវិធី។ ជាទូទៅ គេតែងមានជានីតិវិធីដែរ គឺបញ្ជីបម្រុង មានន័យថា យើងមានបញ្ជីបេតិកភណ្ឌអរូបីអីខ្លះ ដែលត្រៀមចុះបញ្ជី។ ឧទាហរណ៍ឆ្នាំនេះ ឆ្នាំក្រោយបន្តបន្ទាប់ទៀត យើងមានក្រមា នំបញ្ចុក សម្លៀកបំពាក់ខ្លះ ។ល។ ហើយ សង្ក្រាន្តរបស់យើង ជាផ្នែកមួយនៃកម្មវិធី [បញ្ជីបម្រុង] ដែរ”។

រដ្ឋលេខាធិកា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងលើបញ្ជាក់បន្ថែមថា ការកំណត់នូវបញ្ជីបម្រុង នៅតែអាចមានការកែសម្រួល។ ករណីយើងបានកំណត់យក បេតិកភណ្ឌ ឬប្រធានបទណាមួយទៅមុន ប៉ុន្តែឥឡូវយើងអាចកែយកប្រធានបទខាងក្រោយប្ដូរទៅមុនវិញបាន គឺស្ថិតលើប្រទេសនីមួយៗជាអ្នកសម្រេច។

ឆ្លើយតបទៅនឹងសំណួរថា ខណៈប្រទេស ឡាវ មីយ៉ាន់ម៉ា ក៏មានវប្បធម៌រៀបចំ សង្ក្រាន្ត ឬចូលឆ្នាំថ្មី នៅថ្ងៃតែមួយជាមួយកម្ពូជាដែរ តើកម្ពុជា គ្រោងស្នើសុំ សង្ក្រាន្តកម្ពុជា ចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីមនុស្សជាតិ នៅពេលក្រោយ តែឯង ឬរួមគ្នា?

បណ្ឌិត ស៊ុំ ម៉ាប់ បញ្ជាក់ថា ជាគោលការណ៍របស់គណៈកម្មការអរូបីពិភពលោក គេលើកទឹកចិត្តឱ្យប្រទេសទាំងឡាយ ដែលមានទម្រង់បេតិកភណ្ឌអរូបីស្រដៀង ឬដូចគ្នា ឱ្យចុះបញ្ជីរួមគ្នា ដើម្បីបង្ហាញកិច្ចការរួមគ្នាក្នុងការថែរក្សាមរតកមនុស្សជាតិ មិនខុសពីយើងចុះ រឿង អ៊ីណាវបុស្បា ជាមួយ ឥណ្ឌូនេស៊ី ជាមួយ ហូឡង់ ជាដើម។

បណ្ឌិត ស៊ុំ ម៉ាប់ មានប្រសាសន៍បន្តថា៖ “ដោយឡែក សម្រាប់ សង្ក្រាន្ត គឺស្ដិតលើ គោលការណ៍ ប្រទេសនីមួយៗ បើចង់ចុះរួមគ្នា ក៏ចុះរួមគ្នាទៅ បើចង់ចុះដោយឡែក ក៏ចុះដោយឡែកទៅ។ បើចង់ចុះរួមគ្នា ត្រូវមានយន្តការជួបគ្នា និយាយគ្នា គេព្រមអត់ បើចង់តែយើង គេមិនព្រម ក៏យើងមិនដឹងធ្វើម៉េច។ តែនេះ ជាទូទៅគេ (យូណេស្កូ) លើកទឹកចិត្តឱ្យចុះរួមគ្នា។

រដ្ឋលេខាធិកា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះបញ្ជាក់ថា បេតិកភណ្ឌអរូបី ជាអ្វីដែលនៅជាប់មនុស្ស ដែលជាអត្តសញ្ញាណរបស់មនុស្ស ដូច្នេះជាតិសាសន៍ទាំងឡាយ ដែលគោរព ប្រតិបត្តិទំនៀមទម្លាប់ទាំងនោះ គ្រប់ជាតិសាសន៍ទាំងអស់ដែលបានអនុវត្តសុទ្ធតែមានសិទ្ធស្នើសុំចុះបញ្ជី ដ្បិតសុទ្ធតែជាសម្បត្តិមនុស្សជាតិ។

គួររម្លឹកថា ពាក្យ “សង្ក្រាន្ត” មានចារលើប្រាសាទខ្មែរយើងដែរ ជាពាក្យសំស្ក្រឹត មានន័យថា រង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ។ កម្ពុជា បានរៀបចំសង្ក្រាន្តតាមបណ្ដារាជធានីខេត្ត ពិសេស អង្គរសង្រ្កាន្ត ដែលបានបង្ហាញវប្បធម៌ដ៏ផូរផង់ និងផ្ទាំងទស្សនីយភាព កម្មវិធីសប្បាយរីករាយជាច្រើន។ ជាក់ស្ដែងក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ខួបទី១០ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការធូរស្បើយវិបត្តិកូវីដ-១៩ ទៅនោះ មានទេសចរប្រមាណជាង ២លាននាក់ ក្នុងនោះអ្នកទេសចរណបរទេសមានជាង ១ម៉ឺននាក់ ចូលមកកម្សាន្តនៅខេត្តសៀមរាប។

គួរបញ្ជាក់ថា កម្ពុជា មានសម្បត្តិបេតិកភណ្ឌពិភពលោក ជាបន្តបន្ទាប់ រួមមាន៖ តំបន់អង្គរវត្ត របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ប្រាសាទព្រះវិហារ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ប្រាសាទសំបូរព្រៃគុក ល្ខោនខោលវត្តស្វាយអណ្ដែត ប្រាសាទកោះកេរ ជាដើម។ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់ អង្គការយូណេស្កូ បានអនុម័តចុះ គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1។ កម្ពុជាមានបញ្ជីបេតិកភណ្ឌអរូបីត្រៀមចុះបញ្ជី នៅពេលខាងមុខដូចជា ក្រមា នំបញ្ចុកជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?