វប្បធម៌ ជំនឿ
ក្រសួងធម្មការ ណែនាំ ការរៀបចំពិធីបុណ្យមាឃបូជា ព.ស ២៥៧៧ គ.ស ២០២៤
ពិធីបុណ្យ មាឃបូជា ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល២ ថ្ងៃ គឺថ្ងៃសៅរ៍ ១៥កើត និងថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ដើម្បីឱ្យពិធីបុណ្យ មាឃបូជា ឆ្នាំនេះ មានភាពឱឡារិកអធិកអធម ក្រសួងធម្មការនិងសាសនា បានចេញសេចក្ដីណែនាំ ដល់មន្ទីរធម្មការ និងសាសនា គ្រប់រាជធានី ខេត្ត ដូចខាងក្រោម៖

១. ត្រូវបំផុសឱ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យមាឃបូជាឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងជ្រើសរើសវត្តណាមួយដែលមានលក្ខណៈសមស្របប្រារព្ធពិធីបុណ្យ មាឃបូជា ជាផ្លូវការ។

២. ត្រូវសហការជាមួយព្រះមេគណ អនុគណ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត រៀបចំបោស សម្អាត តុបតែងលម្អវត្តអារាម ដោយមានរូបភាពព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង បរិនិព្វាន និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល ពុទ្ធភាសិត បដាពាក្យស្លោកផ្សេងៗ ព្រមទាំងរៀបចំពិធីចម្រើន ព្រះបរិត្ត សម្តែងធម៌ទេសនា ដឹកនាំពុទ្ធបរិស័ទធ្វើសមាធិវិបស្សនាកម្មដ្ឋានជាដើម ដើម្បីសម្អាតកាយ វាចា ចិត្ត។

៣. ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាពនៅក្នុងពិធីបុណ្យ និងអំពាវនាវសប្បុរសជន ពុទ្ធបរិស័ទ ឱ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សានូវ អត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងលើកកម្ពស់សីលធម៌សង្គម។

គួរបញ្ជាក់ថា មាឃបូជា គឺជាបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ប្រារព្ធឡើងដើម្បីរំលឹកដល់ហេតុការណ៍ សំខាន់ៗពីរយ៉ាងគឺ៖
១. ជាថ្ងៃចតុរង្គសន្និបាត ជាការជួបប្រជុំប្រកបដោយអង្គ៤ គឺ៖ ព្រះសង្ឃសមណទូត ១ ២៥០ អង្គ និមន្តមកជួបជុំគ្នាដោយមិនបានណាត់គ្នាជាមុន, ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ (ឯហិភិក្ខុឧបសម្បទា), ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ និង ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ជាថ្ងៃពេញបូណ៌មីខែមាឃ។
២. ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។

រាជរដ្ឋាភិបាល បានចាត់ចែងរៀបចំពិធីបុណ្យ មាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា ភិបាល មន្ត្រីរាជការ អ្នកមុខ អ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទ ចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ