វប្បធម៌ ជំនឿ
សមាគមអ្នកនិពន្ធខ្មែរ បង្ហាញ ស្ថានភាពវិជ្ជមាន ខណៈសិក្ខាកាមមានគ្រប់វ័យ
ស្របពេលសង្គមជាតិ មានការវិវឌ្ឍ វិស័យតែងនិពន្ធកម្ពុជា ក៏មាន វិវឌ្ឍនាការ គួរឱ្យចាប់អារម្មណ៍ ដោយសារស្នាដៃ ទំនុកច្រៀង ប្រលោមលោក ភាពយន្តជាច្រើនមានលើទីផ្សារ និងបណ្ដាញសង្គម។ ខណៈ រាជរដ្ឋាភិបាល ទើបបានចេញអនុក្រឹត កំណត់យក ថ្ងៃទី៧ ខែធ្នូ សម្រាប់រៀបចំ ទិវាជាតិអ្នកនិពន្ធ សមាគមអ្នកនិពន្ធខ្មែរ បង្ហាញស្ថានភាពវិជ្ជមាន នៃស្នាដៃតែងនិពន្ធ រួមទាំងសិក្ខាកាមចូលវគ្គបណ្ដោះបណ្ដោលតែងនិពន្ធមានក្បួនខ្នាតត្រឹមត្រូវ មកពីគ្រប់មជ្ឈដ្ឋាន និងគ្រប់វ័យ។

អ្នកស្រី ប៉ុល ពិសី អនុប្រធាន សមាគមអ្នកនិពន្ធខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា តាមការសង្កេត បច្ចុប្បន្ននេះ អ្នកនិពន្ធបានកើតឡើងច្រើនជាលំដាប់ ទាំងយុវវ័យ វ័យកណ្តាល រហូតដល់វ័យចាស់។ ឆ្លងតាមការបើកបង្រៀនវគ្គបណ្តុះបណ្តាលអ្នកនិពន្ធ របស់ សមាគមអ្នកនិពន្ធខ្មែរ ដែលមកដល់ពេលនេះមានចំនួន ៣៥ វគ្គហើយ ឃើញថា សិក្ខាកាមមានចម្រុះវ័យទាំងអស់មកពីគ្រប់ជំនាញ។

អ្នកស្រី ប៉ុល ពិសី បញ្ជាក់បន្ថែមថា៖ “នេះស្តែងបញ្ជាក់ឱ្យឃើញថា អ្នកនិពន្ធមិនបានប្រកាន់ថា ចាស់ ក្មេង ឬជំនាញទេ សំខាន់គឺ បេះដូង និងឆន្ទៈ ដែលជំរុញឱ្យចូលខ្លួនមកទទួលយកចំណេះដឹងថ្មីៗពីមេរៀន នៃការតែងនិពន្ធ។ ដោយឡែក សម្រាប់ការបញ្ចេញស្នាដៃវិញ ក៏ឃើញមានអ្នកនិពន្ធថ្មីៗបានខិតខំពង្រឹងគុណភាពនៃសំណេររបស់ខ្លួន ទៅតាមទស្សនៈយល់ឃើញរៀងៗខ្លួន”។

អនុប្រធាន សមាគមអ្នកនិពន្ធខ្មែរ រូបនេះ បានបង្ហាញ ក្ដីរំភើប និងកោតសរសើរចំពោះសិក្ខាកាមអ្នកនិពន្ធវ័យចាស់ខ្លះៗ ដែលបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលពី សមាគមអ្នកនិពន្ធខ្មែរ បានប្រឹងប្រែងបញ្ចេញស្នាដៃរបស់ខ្លួន ហើយក៏បានទទួលនូវការអបអរសាទរពីមិត្តអ្នកអានផងដែរ។

អ្នកស្រី ប៉ុល ពិសី បញ្ជាក់ថា៖ “អ្វីដែលជាមោទកភាពរបស់ សមាគមអ្នកនិពន្ធខ្មែរ ក្នុងការចូលរួមបណ្តុះពន្លកអ្នកនិពន្ធថ្មីៗគឺ ជ័យលាភីក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់អក្សរសិល្បិ៍ តាមបណ្តាស្ថាប័ន ក្រសួង មន្ទីរនានា ទូទាំងប្រទេសនៅរៀងរាល់ឆ្នាំនោះ គឺភាគច្រើនសុទ្ធសឹងជាសិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលពី សមាគមអ្នកនិពន្ធខ្មែរ តាមវគ្គនីមួយៗ។

អ្នកស្រី ប៉ុល ពិសី បានឱ្យដឹងបន្ថែមថា ក្រៅពីអ្នកនិពន្ធថ្មីៗដែលជាសមាជិក នៃ សមាគមអ្នកនិពន្ធខ្មែរ ក៏មានអ្នកនិពន្ធឯករាជ្យមួយចំនួនទៀតដែលកំពុងសម្រិតសម្រាំងស្នាដៃរបស់ខ្លួនឱ្យមានការវិវឌ្ឍឈានឡើងផងដែរ។

គួរបញ្ជាក់ថា អ្នកស្រី ប៉ុល ពិសី មានស្រុកកំណើត នៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទេពកោសល្យរៀនតែងនិពន្ធតាំងពីអាយុ ៨ឆ្នាំ ដោយទទួលបានការបណ្តុះបណ្តាលពីលោកឪពុក ឈ្មោះ ចាប រិទ្ធ ជាគ្រូបង្រៀនកវី និងជាសមាជិកក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅអំឡុងទសវត្សទី៦០។ អ្នកស្រី បានសាងស្នាដៃជាច្រើនដូចជា ប្រលោមលោកខ្នាតវែង និងខ្នាតខ្លី កំណាព្យប្រលោម អត្ថបទភាពយន្ត អត្ថបទល្ខោននិយាយ ទំនុកច្រៀង សៀវភៅរឿងអប់រំកុមារ ប្រវត្តិខ្សែជីវិតបុគ្គល និងសៀវភៅរឿងគូររូបភាព ជាដើម។

អ្នកស្រី ប៉ុល ពិសី បានទទួលពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់លេខ២ ប្រលោមលោកខ្លីរឿង “មាសទឹកដប់” ពីកម្មវិធីមហោស្រពតែងនិពន្ធមហាជនទូទាំងរាជធានីភ្នំពេញ ឆ្នាំ១៩៨៧។ ពានរង្វាន់លេខ៤ ប្រលោមកំណាព្យរឿង “មាសទឹកដប់” ពីមហោស្រពតែងនិពន្ធទូទាំងប្រទេសរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ១៩៩១។ ពានរង្វាន់លេខ១ ស្ទូន ប្រលោមកំណាព្យរឿង “ល្ខោនជីវិត” ពីកម្មវិធីពានរង្វាន់ព្រះសីហនុរាជលើកទី១ រៀបចំដោយសមាគមអ្នកនិពន្ធខ្មែរ ឆ្នាំ១៩៩៥។

ពានរង្វាន់លេខ២ ប្រលោមលោកខ្លីរឿង “ផ្កាកេសរកូល” នៃកម្មវិធីពានរង្វាន់របស់ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ឆ្នាំ១៩៩៦។ ពានរង្វាន់លេខ២ ប្រលោមកំណាព្យរឿង “អប្សរា” ពីកម្មវិធីពានរង្វាន់ព្រះសុរាម្រិតរបស់ ក្រសួងវប្បធម៌ ឆ្នាំ២០០១។ ឈ្នះពានរង្វាន់មេគង្គ ប្រលោមកំណាព្យរឿង “អ្នកម្តាយ” ឆ្នាំ២០០៧។ ពានរង្វាន់កិត្តិយសព្រះបទុមត្ថេរសោម ប្រលោមកំណាព្យរឿង ”ម្ចាស់ស្នេហ៍” របស់ក្រសួងវប្បធម៌ ឆ្នាំ២០១១។

ពានរង្វាន់លេខ២ ប្រលោមកំណាព្យរឿង “ក្លិនផ្កាស្រូវ” ពីកម្មវិធីពានរង្វាន់នាយិកាសិទ្ធិ នៃក្រសួងវប្បធម៌ ឆ្នាំ២០១២។ ពានរង្វាន់លេខ៣ ស្ទួន ប្រលោមលោករឿង “ថ្មរាំ” ពីកម្មវិធីពានរង្វាន់ រឹម គិន ក្រសួងវប្បធម៌ ឆ្នាំ២០១៣។ ពានរង្វាន់អ្នកនិពន្ធទំនុកច្រៀងឆ្នើមរបស់ ក្រុមហ៊ុនសប្បាយ ឆ្នាំ២០១៣ និងពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ ប្រលោមលោករឿង “ថ្មរាំ” ពីប្រទេសថៃ ឆ្នាំ២០១៨ ជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ