វប្បធម៌ ជំនឿ
ក្រសួងកំពុងប្រញាប់បញ្ចប់ ឯកសារស្នើចុះ អាពាហ៍ពិពាហ៍ខ្មែរ ទៅ យូណេស្កូ ត្រឹមខែមេសា
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងប្រមូលធាតុចូល ជាប្រយោជន៍ក្នុងការរៀបចំឯកសារអំពី អាពាហ៍ពិពាហ៍ខ្មែរ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ ដែលកិច្ចការនេះ ត្រូវបញ្ចប់ត្រឹមដើមខែមេសា ឆ្នាំ២០២៤ នេះ។

អ្នកស្រី ជ័យ ចន្ទកេត្យា អគ្គនាយករងបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្រសួងវប្បធម៌ កំពុងរៀបចំឯកសារ ស្តីពី អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ ដើម្បីដាក់បញ្ជូនក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ។ ដំណើរការរៀបចំគឺនៅក្នុងដំណាក់កាល នៃការប្រមូលទិន្នន័យឱ្យបានច្រើន និងសព្វជ្រុងជ្រោយ ពោលការរៀបចំនេះត្រូវតែបញ្ចប់ឱ្យបានមុន ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃកំណត់ចុងក្រោយ នៃទទួលឯកសាររបស់អង្គការយូណេស្កូ។

អ្នកស្រី ជ័យ ចន្ទកេត្យា បានឱ្យដឹងថា មូលហេតុនៃស្នើសុំនេះ គឺ អនុលោមតាមការពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំក្រសួង និងអ្នកជំនាញ កម្ពុជាសម្រេចរៀបចំឯកសារស្នើសុំនេះ ដើម្បីជាការបញ្ជាក់ពីអត្ថសញ្ញាណជាតិមួយ និងបង្ហាញពីសារសំខាន់ នៃពិធីមង្គលការ/អាពាហ៍ពិពាហ៍នៅក្នុងសង្គមខែ្មរ។ ម៉្យាងវិញទៀត គឺដើម្បីផ្តល់តម្លៃ និងទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងថែរក្សានូវមរតក/ប្រពៃណីពីបរមបុរាណរបស់សហគម (អ្នកស្រុកភូមិ) នៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

ចំពោះការស្នើសុំ យកកម្មតែវិធីសំខាន់ខ្លះ ឬកម្មវិធីទាំងមូល នៃអាពាហ៍ពិពាហ៍ខ្មែរ អ្នកស្រី ជ័យ ចន្ទកេត្យា មានប្រសាសន៍ថា ត្រង់ចំណុចនេះ ក្រុមការងារកំពុងពិគ្រោះយោបល់គ្នានៅឡើយ ដោយហេតុថា កិច្ចពិធីខ្លះក្នុងពិធីមង្គលការនៅក្នុងសង្គមខ្មែរយើងធ្វើដូចគ្នា និងកិច្ចខ្លះខុសគ្នា ដូច្នេះក្រុមការងារត្រូវពិចារណាបន្ថែមលើចំនុចនេះដោយល្អិតល្អន់បំផុត។

អ្នកស្រី ជ័យ ចន្ទកេត្យា បញ្ជាក់ថា ការស្នើសុំនេះ មិនបានផ្ដោតសម្រាប់ ពិធីមង្គលការសម័យបច្ចុប្បន្ន ឬសម័យណានោះទេ គឺផ្ដោតទៅលើកិច្ចពិធីដែលបានបន្សល់ទុកពីដើមតរៀងមក រហូតដល់សព្វថ្ងៃ ដោយតម្លៃពិត នៃការស្នើសុំនេះ គឺបង្ហាញពីការបន្ត និងធ្វើឱ្យកិច្ចពិធីទាំងនោះនៅតែមានវត្តមាន ពោលគឺកិច្ចពិធីរបស់អ្នកស្រុកភូមិ នៅតាមសហគម ផ្សេងៗមួយចំនួននៅក្នុងប្រទេសកម្ពុជា។

អ្នកស្រី ជ័យ ចន្ទកេត្យា បញ្ជាក់បន្ថែមថា ការដាក់ស្នើសុំនេះ គឺដើម្បីលើកកម្ពស់ និងការផ្តល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងថែរក្សារបស់ប្រជាជនកម្ពុជានៅថ្នាក់ជាតិ និងកម្រិតអន្តរជាតិ ពោលគឺធ្វើឱ្យគេស្គាល់ និងយល់ពីប្រពៃណីកម្ពុជា។ ម្យ៉ាងការចុះបញ្ជីអ្វីមួយ រដ្ឋភាគីគឺធានាចំពោះមុខអន្តរជាតិ ពីកិច្ចការងារ ប្រឹងប្រែងការពារ និងលើកស្ទួយមរតកនោះឱ្យនៅគង់វង្ស។

គួរបញ្ជាក់ថា ដោយយោងតាមឯកសារស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ខ្មែរពាក់ព័ន្ធនឹងនរវិទ្យា និងជាតិពិន្ធុវិទ្យា ចងក្រងដោយ លោក មៀច ប៉ុណ្ណ បោះពុម្ភក្នុងឆ្នាំ ២០០៣ ត្រង់ទំព័រទី៣ បានឱ្យដឹងថា ក្បួន ឬទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ដែលមនុស្សខ្មែរបាននឹងកំពុងអនុវត្តរហូតមកដល់សព្វថ្ងៃ គឺច្រើនធ្វើទៅតាម លំអានរឿងរ៉ាវគុម្ពីរជាតក និងទាក់ទងទៅនឹងរៀងព្រេងផ្សេងៗដូចជា៖ កាលព្រះវេស្សន្ត និងព្រះនាងមទ្រី រៀបអភិសេកបុត្រាបុត្រី គឺ ជាលី និងក្រឹស្នា ឱ្យបានទៅជាគូស្វាមីភរិយា (ព្រះវេស្សន្តជាតក)។ កាលព្រះបាទមហាចក្រ នៅនគរនិគ្រោធគ្រាមាធ្វើពិធីរៀបអាពាហ៍ពិពាហ៍ព្រះរាជបុត្រី ដែលមានរយៈពេល ៧ថ្ងៃ ៧យប់ (តាមសាស្ត្រា ស្លឹករឹត៖ គម្ពីរក្បួនទម្រង់ការ ចារដោយភិក្ខុ ចន្ទ ថេរអួង)។ កាលព្រះបាទទសរថ និង ឥសីមិថិលា រៀបអភិសេកព្រះរាម និង នាងសីតា (ក្នុងរឿងរាមកេរ្តិ៍)។ កាលសេដ្ឋីបុណ្ណវឌ្ឍន រៀបការជាមួយនាងវិសាខា ដែលពិធីរៀប អាពាហ៍ពិពាហ៍នោះត្រូវបានប្រារព្ធអស់រយៈពេលបីខែ (តាមគម្ពីរធមបទ)។ កាលព្រះថោង រៀបអភិសេកជាមួយ ព្រះនាងនាគ និងរឿង ដើមកំណើតផ្កាស្លាបី ជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?