វប្បធម៌ ជំនឿ
រណ្ដាប់ទទួលទេវតា មិនត្រូវការគ្រឿងចម្អាប
ដើម្បីទទួល ទេវតារក្សាឆ្នាំថ្មី បុត្រីកបិលមហាព្រហ្មដែលដាក់វេនគ្នាចុះមករក្សាមនុស្សលោក តាមថ្ងៃមហាសង្ក្រាន្តប្រចាំវេនរបស់ទេវធីតា ប្រជាពលរដ្ឋតែងរៀបចំរណ្ដាប់គ្រឿងសក្ការៈបូជា និងផ្លែឈើមួយចំនួនតាមធនធាន ក្នុងនោះក៏មានរៀបដង្វាយជា ភាក្សាហារ (ចំណីអាហារ) របស់ទេវតា ដូចជា ផ្លែល្វា ប្រេង ទឹកដោះ សណ្ដែកល្ង ចេកណាំវ៉ា ជាដើមផងដែរ។

លុះចប់ពិធីបុណ្យចូលឆ្នាំ គេនាំគ្នាសុំដង្វាយទាំងនោះ មកបរិភោគវិញជាធម្មតា ហើយគិតថា ខ្លួនបានបរិភោគអាហារពីទេវតា នឹងនាំខ្លួនឱ្យខិតខំធ្វើបុណ្យសាងសេចក្ដីល្អនាំសុខចម្រើន។ យ៉ាងណាក្ដី បើមហាសង្ក្រាន្តចំថ្ងៃវេនទេវធីតាដែលសោយ លោហិត (ឈាម) ឬ សាច់ទ្រាយ នោះ ដូចទេវធីតាឆ្នាំថ្មី ឆ្នាំ២០២៤ នេះក្ដី គេមិនដែលរៀបចំដង្វាយជា ឈាម សាច់ ឬគ្រឿងចម្អាបទាំងនេះដែរ។

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ អនុប្រធាន អចិន្ត្រៃយ៍ នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ និងជាអ្នកចងក្រងសៀវភៅ មហាសង្ក្រាន្ត ជាយូរមកហើយនោះ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ភាពជាទេវតា គឺអស់មន្ទិល លោភៈ មោហៈ ទោសៈ មិនមានសោយអាហារអ្វីដូចមនុស្សលោកទេ។ ការណ៍ដែលថា ទេវតាស្លៀកពាក់ ឬសោយភក្សាហារ បែបនេះបែបនោះ គឺជាតម្រាចំណាំសម្រាប់ក្បួនទស្សន៍ទាយបុរាណ ដោយសម្គាល់ថា អាចមានរឿងហេតុការណ៍អ្វីកើតឡើង និងឱ្យប្រុងប្រយ័ត្ន។

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ ចំពោះរណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ ទឹក ស្អាតពីរកែវ។ ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនៈត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ បញ្ជាក់ថា ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ គឺជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វាទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង ប៉ុន្តែចំពោះប្រជារាស្ត្រ គួរធ្វើត្រឹម ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមាន ទៀនប្រាំធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឱ្យបានត្រឹម ៣ ឬ ៥មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀន ហើយដុតបំភ្លឺ។

គួរបញ្ជាក់ថា ឆ្នាំថ្មីឆ្នាំរោងនេះ សង្ក្រាន្តនឹងចូលនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ពទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០២៤ វេលាម៉ោង ២២ និង ២៤នាទី។ ទេវធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម មហោធរទេវី ជារាជបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀត ផ្កាត្រកៀត អភរណៈ និលរតន៍ (ត្បូងពណ៌ខៀវ ឬ ត្បូងកណ្ដៀង) ភក្សាហារទ្រង់ សាច់ទ្រាយ ព្រះហស្តស្តាំទ្រង់ កងចក្រ ព្រហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្តេចមយូរា (ក្ងោក) ជាយានពាហនៈ។
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?