វប្បធម៌ ជំនឿ
កវីជើងចាស់ ប៉ុល ពិសី៖ អ្នកនិពន្ធ គឺ ល្ងង់ជានិច្ច
ខណៈមហាជនទូទៅ ចាត់ទុក អ្នកនិពន្ធ ជាមនុស្សលើមនុស្ស ព្រោះអាចបង្កើតប្រលោមលោក ក៏ដូចជាភាពយន្តដែលបង្ហាញសាច់រឿង ឆ្លុះបញ្ចាំងតថភាពសង្គម ប្រវត្តិសាស្ត្រ បង្កប់ការអប់រំ និងលទ្ធផលហួសការស្មាននោះ កវីនិពន្ធជើងចាស់ អ្នកស្រី ប៉ុល ពិសី បែរជាលើកឡើងថា សម្រាប់ជីវិតអ្នកនិពន្ធ គឺ ល្ងង់ជានិច្ច។

អនុប្រធាន សមាគមអ្នកនិពន្ធខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា សម្រាប់ជីវិតអ្នកនិពន្ធ គ្មានអ្វីដែលថា ចេះគ្រប់នោះទេ គឺ ល្ងង់ជានិច្ច។ ល្ងង់ច្រើនកាលណា ចេះច្រើនកាលនោះ។ ត្រូវតែស្គាល់ឱ្យបានច្បាស់ពី ស្ថានភាពរស់នៅប្រចាំថ្ងៃ និងសង្កេតឱ្យគ្រប់ពីសកម្មភាពទូទៅដែលមានចំពោះមុខ ពិសេសចេះប្រើជីវិត និងគំនិតមិនចេះរីងស្ងួតដើម្បីឱបក្រសោបយកជោគជ័យដែលកំពុងតែរងចាំនៅថ្ងៃខាងមុខ តែជួនកាលក៏មិនបានជោគជ័យដូចការចង់បានក៏មាន”។

អ្នកស្រី ប៉ុល ពិសី បញ្ជាក់ថា៖ “ដូច្នេះ អ្នកនិពន្ធមានតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរិះរកគំនិតថ្មីៗ ប្លែកមកកែច្នៃធ្វើយ៉ាងណាឱ្យកម្រិតស្នាដៃរបស់ខ្លួនកាន់តែមានការទទួលស្គាល់ និងមានតម្លៃជាសកល។ ចង់ក្លាយជាអ្នកនិពន្ធ ត្រូវចំណាយពេលវេលាយូរណាស់ មិនមែនតែរយៈពេលខ្លីៗនោះទេ។ ត្រូវចេះរស់ក្នុងភាពអត់ធ្មត់ អំណត់ តស៊ូ ព្យាយាមដោយផ្តើមកត់ត្រាពីអក្សរមួយតួឡើងទៅ”។

តាមការសង្កេត អ្នកស្រី ប៉ុល ពិសី មានប្រសាសន៍ថា នៅបច្ចុប្បន្ននេះ អ្នកនិពន្ធបានកើតឡើងច្រើនជាលំដាប់ទាំងយុវវ័យ វ័យកណ្តាល រហូតដល់វ័យចាស់។ ឆ្លងតាមការបើកបង្រៀនវគ្គបណ្តុះបណ្តាលអ្នកនិពន្ធរបស់ សមាគមអ្នកនិពន្ធ ដែលមានចំនួន ៣៥ វគ្គមកហើយនោះ ឃើញថា សិក្ខាកាមមានចម្រុះវ័យទាំងអស់ មកពីគ្រប់ជំនាញ។

អ្នកស្រី ប៉ុល ពិសី មានប្រសាសន៍បន្តថា៖ “នេះស្តែងបញ្ជាក់ឱ្យឃើញថា អ្នកនិពន្ធមិនបានប្រកាន់ថា ចាស់ ក្មេង ឬជំនាញទេ សំខាន់គឺបេះដូង និងឆន្ទៈដែលជំរុញឱ្យចូលខ្លួនមកទទួលយកចំណេះដឹងថ្មីៗពីមេរៀន នៃការតែងនិពន្ធ។ ដោយឡែក សម្រាប់ការបញ្ចេញស្នាដៃវិញ ក៏ឃើញមានអ្នកនិពន្ធថ្មីៗបានខិតខំពង្រឹងគុណភាព នៃសំណេររបស់ខ្លួន ទៅតាមទស្សនៈយល់ឃើញរៀងៗខ្លួន”។

អ្នកស្រី ប៉ុល ពិសី មានប្រសាសន៍បន្ថែមថា៖ “អ្វីដែលជាមោទកភាពរបស់ សមាគមអ្នកនិពន្ធខ្មែរ ក្នុងការចូលរួមបណ្តុះពន្លកអ្នកនិពន្ធថ្មីៗគឺ ជ័យលាភីក្នុងការចូលរួមប្រកួត ប្រជែងពានរង្វាន់អក្សរសិល្ប៍ តាមបណ្តាស្ថាប័ន ក្រសួង មន្ទីរនានា ទូទាំងប្រទេសនៅរៀងរាល់ឆ្នាំនោះ គឺភាគច្រើនសុទ្ធសឹងជាសិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលពី សមាគមអ្នកនិពន្ធខ្មែរ តាមវគ្គនីមួយៗ”។

គួរបញ្ជាក់ថា អ្នកស្រី ប៉ុល ពិសី មានស្រុកកំណើត នៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទេពកោសល្យរៀនតែងនិពន្ធតាំងពីអាយុ ៨ឆ្នាំ ដោយទទួលបានការបណ្តុះបណ្តាលពីលោកឪពុក ឈ្មោះ ចាប រិទ្ធ ជាគ្រូបង្រៀនកវី និងជាសមាជិកក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅអំឡុងទសវត្សទី៦០។ អ្នកស្រី បានសាងស្នាដៃជាច្រើនដូចជា ប្រលោមលោកខ្នាតវែង និងខ្នាតខ្លី កំណាព្យប្រលោម អត្ថបទភាពយន្ត អត្ថបទល្ខោននិយាយ ទំនុកច្រៀង សៀវភៅរឿងអប់រំកុមារ ប្រវត្តិខ្សែជីវិតបុគ្គល និងសៀវភៅរឿងគូររូបភាព ជាដើម។

អ្នកស្រី ប៉ុល ពិសី បានទទួលពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់លេខ២ ប្រលោមលោកខ្លីរឿង “មាសទឹកដប់” ពីកម្មវិធីមហោស្រពតែងនិពន្ធមហាជនទូទាំងរាជធានីភ្នំពេញ ឆ្នាំ១៩៨៧។ ពានរង្វាន់លេខ៤ ប្រលោមកំណាព្យរឿង “មាសទឹកដប់” ពីមហោស្រពតែងនិពន្ធទូទាំងប្រទេសរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ១៩៩១។ ពានរង្វាន់លេខ១ ស្ទូន ប្រលោមកំណាព្យរឿង “ល្ខោនជីវិត” ពីកម្មវិធីពានរង្វាន់ព្រះសីហនុរាជលើកទី១ រៀបចំដោយសមាគមអ្នកនិពន្ធខ្មែរ ឆ្នាំ១៩៩៥។

ពានរង្វាន់លេខ២ ប្រលោមលោកខ្លីរឿង “ផ្កាកេសរកូល” នៃកម្មវិធីពានរង្វាន់របស់ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ឆ្នាំ១៩៩៦។ ពានរង្វាន់លេខ២ ប្រលោមកំណាព្យរឿង “អប្សរា” ពីកម្មវិធីពានរង្វាន់ព្រះសុរាម្រិតរបស់ ក្រសួងវប្បធម៌ ឆ្នាំ២០០១។ ឈ្នះពានរង្វាន់មេគង្គ ប្រលោមកំណាព្យរឿង “អ្នកម្តាយ” ឆ្នាំ២០០៧។ ពានរង្វាន់កិត្តិយសព្រះបទុមត្ថេរសោម ប្រលោមកំណាព្យរឿង ”ម្ចាស់ស្នេហ៍” របស់ក្រសួងវប្បធម៌ ឆ្នាំ២០១១។

ពានរង្វាន់លេខ២ ប្រលោមកំណាព្យរឿង “ក្លិនផ្កាស្រូវ” ពីកម្មវិធីពានរង្វាន់នាយិកាសិទ្ធិ នៃក្រសួងវប្បធម៌ ឆ្នាំ២០១២។ ពានរង្វាន់លេខ៣ ស្ទួន ប្រលោមលោករឿង “ថ្មរាំ” ពីកម្មវិធីពានរង្វាន់ រឹម គិន ក្រសួងវប្បធម៌ ឆ្នាំ២០១៣។ ពានរង្វាន់អ្នកនិពន្ធទំនុកច្រៀងឆ្នើមរបស់ ក្រុមហ៊ុនសប្បាយ ឆ្នាំ២០១៣ និងពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ ប្រលោមលោករឿង “ថ្មរាំ” ពីប្រទេសថៃ ឆ្នាំ២០១៨ ជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ