វប្បធម៌ ជំនឿ
ប្រទះឃើញពុទ្ធបដិមា ជាង ១០០ បំណែក នៅប្រាសាទតាព្រហ្ម
ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង ១០០ បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។

បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។

លោកស្រី នេត ស៊ីមន បុរាណវិទូ ឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ កំឡុងពេលសម្អាត ក្រុមការងារ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។

លោកស្រី ស៊ីមន មានប្រសាសន៍ទៀតថា ដោយសារតែក្រុមការងារប្រទះឃើញបំណែកបដិមាកប់នៅក្នុងដីជម្រៅពី ១០ ទៅ ១៥ សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង ១០០បំណែក។

រហូតមកដល់ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្នុងជម្រៅដីចុះទៅក្រោមទៀតអាចនៅតែមានបដិមាដែរឬក៏យ៉ាងណាឡើយ។ បច្ចុប្បន្នក្រុមការងារ កំពុងតែលើកយកបំណែករូបបដិមាជាច្រើនដែលគេបានប្រទះឃើញនោះ មកធ្វើការគូរប្លង់ បង់លេខ ព្រមទាំងវាស់វែងទំហំខ្នាតជាបណ្តោះអាសន្ន។

ក្រុមអ្នកជំនាញបុរាណវិទ្យាបានសន្និដ្ឋានថា បំណែកព្រះពុទ្ធបដិមាដែលគេប្រទះឃើញទាំងនោះ គឺស្ថិតក្នុងរចនាបថបាយ័ន។ បំណែករូបបដិមាដែលប្រទះឃើញខ្លះ មានកម្ពស់ប្រហែលកន្លះម៉ែត្រ និងទំហំពី ៤០ ទៅ ៥០សង់ទីម៉ែត្រ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ