វប្បធម៌ ជំនឿ
ខណៈសិស្សមួយចំនួនធ្វើមិនស្គាល់គ្រូ ហេតុអ្វីសិស្សរៀនសិល្បៈគោរពគ្រូខ្លាំងម៉្លេះ?
ខណៈសិស្សសិក្សាចំណេះដឹងទូទៅមួយចំនួន មានកាយវិការមិនសមរម្យចំពោះគ្រូ ឬស្គាល់គ្រូតែឆ្នាំ ឬពេលរៀនជាមួយ លុះរៀនចប់គេច ឬធ្វើមិនស្គាល់គ្រូ សូម្បីតែគ្រូខំបង្រៀន ហើយមិនដែលជំរិតទារលុយអ្វីក្ដី ប៉ុន្តែងាកមកមើល សិស្សសិក្សាជំនាញសិល្បៈ គឺមានការគោរពគ្រូជាខ្លាំង សូម្បីតែពេលគ្រូបង្រៀនក្បាច់រាំនោះ ក៏លើកដៃសំពះគ្រូហើយ ទើបបន្តរៀនរាំទៀត។ ហេតុអ្វីសិស្ស ឬអ្នកសិល្បៈបុរាណគោរពគ្រូខ្លាំងយ៉ាងនេះ?
![](https://www.kampucheathmey.com/wp-content/uploads/2024/05/418805956_723764013276146_9186079155157193609_n-1024x683.jpg)
កញ្ញា ដួង សុខជា ហៅ Ka Tourk តួឯកអប្សរា និងជា និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកដឹកនាំរឿង បានឱ្យ “កម្ពុជាថ្មី” ដឹងក្នុង កម្មវិធី “សីលធម៌សង្គម” ថា ជាអ្នកសិល្បៈគំរូ ត្រូវ មានជំនាញចេះប្រាកដ មានក្រមសីលធម៌ មានឥរិយាបថការដេកដើរឈរអង្គុយល្អ ហើយត្រូវការគោរពឪពុកម្ដាយ និងឪពុកម្ដាយទី២ ឬគ្រូ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/DSC01855-2-1024x683.jpg)
កញ្ញា ដួង សុខជា បញ្ជាក់ថា៖ “ការគោរពឱនលំទោនគ្រូដើម ឪពុកម្ដាយ ឪពុកម្ដាយទី២ យើងត្រូវគោរពប្រណិប័តក្បួនច្បាប់ពីពួកគាត់។ ចំណុចហ្នឹងសំខាន់មែនទែន បើយើងធ្វើការរំលងឪពុកម្ដាយទី២ ជាគ្រូនៅសាលា គឺយើងអត់អាចទៅមុខបានទេ សម្រាប់សិល្បករបុរាណ រឿងហ្នឹងគឺសំខាន់បំផុត។ បើហ៊ានតែយើងមិនគោរពគាត់ យើងអាចនឹងមានរឿងមិនល្អ អាចមានអភិនីហារអីចូលមកប្រាប់យើងថា នែ៎ ម៉េចធ្វើអ៊ីចឹង?។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/DSC01856-2-1024x683.jpg)
កញ្ញា ដួង សុខជា លើកឡើងបន្តថា គ្រូ ឬលោកយាយពីដើមៗ តែងប្រដៅ ឬជេរស្ដីសិស្ស ទោះសម្ដីគាត់អាក្រក់ តែគាត់តែងទូន្មានយើងឱ្យល្អ ឱ្យរៀនជំនាញរបស់ខ្លួនឱ្យចេះស្ទាត់ចេះប្រាកដ កុំហក់លោតពីមួយទៅមួយ ឬបំពានជំនាញគេដទៃ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/418151003_723763946609486_7171622774898123060_n-1024x683.jpg)
លោក ណេន ភារិទ្ធ ប្រធានក្រុម ឥសីវ៉ូលេ និងជា មន្ត្រីកិច្ចសន្យា នាយកដ្ឋានសិល្បៈទស្សនីយភាព បានឱ្យ “កម្ពុជាថ្មី” ដឹងថា គ្រូមិនចេះខុសទេ គ្រូណែនាំសិស្សអត់មានគំនិតអាក្រក់ទេ គឺមានបំណងល្អ ថ្វីដ្បិតគ្រូខ្លះមិនបានបង្ហាត់បង្រៀនសិស្សកាន់ឆ្នាំ ឬមិនមែនជាគ្រូបន្ទុកសិស្សក្ដី។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/DSC01867-1024x683.jpg)
លោក ណេន ភារិទ្ធ បញ្ជាក់ថា៖ “ទោះបីគាត់បង្រៀនយើងបាន ១ឆមាស ២ឆមាសក៏ដោយ ក៏នៅជាគ្រូ ដូចគេថា គ្រូ ១ថ្ងៃ គ្រូ ១ជីវិត នោះ។ អ៊ីចឹង ពួកខ្ញុំអ្នកសិល្បៈតែងគោរពគ្រូ ទោះបីសម្ដែង ហាត់ ឬធ្វើអី គឺនឹកដល់គ្រូជានិច្ច។ សម្រាប់ខ្ញុំ និងក្រុម ទោះបីពេលខ្លះមិនបានអញ្ជើញលោកគ្រូអ្នកគ្រូមកទាំងអស់ ហោចណាស់ក៏បាន ១រូបដែរ ធ្វើម៉េចឱ្យមានគ្រូចូលរូមជាមួយយើង”។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/DSC01868-2-1024x683.jpg)
លោក ណេន ភារិទ្ធ បានឱ្យដឹងបន្តថា ការគោរពគ្រូនេះ មិនត្រឹមតែសំខាន់ទេ គឺមានតម្លៃ ពេលយើងក្លាយខ្លួនជាគ្រូគេ ក៏យើងមានកូនសិស្សមកគោរពដែរ។ យើងនឹងយកចំណេះវិជ្ជាជំនាញដែលបានទទួល និងរៀនពីគ្រូយើង ទៅបង្ហាត់បង្រៀនណែនាំសិស្សយើងបន្ត។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/434652319_727735189545695_2443709180762766685_n-1024x576.jpg)
គួរបញ្ជាក់ថា របាំ ឬល្ខោនព្រះរាជទ្រព្យ ឬល្ខោនក្បាច់បុរាណខ្មែរ ដែលមានកំណេីតចេញមកពីសាសនាព្រាហ្មណ៍ និងតែងតែប្រារព្ធពិធីសំពះគ្រូនៅថ្ងៃព្រហស្បតិ៍ ដែលជាការរំលឹកនឹកគុណគ្រូបាធ្យាយទាំងឡាយដែលបានចែកស្ថានទៅ ឬក៏កំពុងរស់រាននៅឡេីយដែលលោកធ្លាប់បានផ្តល់ចំណេះដឹងសព្វមុខវិជ្ជាដល់សិស្ស។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/418937155_723764023276145_9031418872826340016_n-1024x683.jpg)
យោងតាមសៀវភៅវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ត្រង់ទំពរ័៧៩៣ មានសេចក្តីថា ព្រហស្បតិ៍ ឈ្មោះថ្ងៃទី៥ ក្នុងមួយសប្តាហ៍ ថ្ងៃព្រហស្បតិ៍ពោលតាមលទ្ធិព្រាហ្មណ៍ ថាជានាម នៃទេវតាវិសេសមួយអង្គជាប្រធាន ឬជាម្ចាស់ នៃមន្តវិជ្ជា និងអក្សរសាស្ត្រ ជាគ្រូ នៃពួកទេវតាហៅថា ព្រះវហស្បតិ (ព្រះហស្បតិ៍) ខាងតារាសាស្ត្រថា ជាឈ្មោះនៃផ្កាយមួយក្នុងពពួកផ្កាយនព្វគ្រោះហៅថា ( ផ្កាយព្រហស្បតិ៍ ) ព្រោះហេតុនោះហេីយបានជាបុព្វបុរសទាំងឡាយរបស់យេីងហៅ ថ្ងៃព្រហស្បតិ៍ ថា “ព្រហស្បតិ៍រាជគ្រូ” តាមលទ្ធិនោះឯង ហេីយតាំងទម្លាប់ឱ្យសិស្សចាប់ផ្តេីមរៀនអក្សរលេខនព្វន្ត មន្តវិជ្ជាទាំងពួង រេីសរកតែថ្ងៃព្រហស្បតិ៍ដោយប្រកាន់ជំនឿថា នឹងបានឆាប់ចេះ ព្រមទាំងនឹងមានសេចក្តីសុខសប្បាយរៀងទៅផង។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/417410577_697118069274074_3317586335970434500_n-1024x575.jpg)
ចាប់ពីឆ្នាំ១៩៩៧ មក រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា។ ដោយគ្រូបង្រៀនត្រូវបានចាត់ទុកជា មាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី៕
អត្ថបទ៖ ច័ន្ទ វីរៈ
![](https://www.kampucheathmey.com/wp-content/uploads/2024/05/001.webp)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត