វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា ចុះស្រាវជ្រាវ ព្រែកស្រមោច ព្រែកជីកបុរាណ ប្រវែង ២៣ គីឡូម៉ែត្រ
ជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួន យល់ថា ព្រែកស្រមោច ដែលជា ព្រែកជីកបុរាណ មានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ហើយពីមុនមកក៏ពុំទាន់មានការសិក្សាទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។ ប៉ុន្តែកន្លងមកក៏ធ្លាប់មានដែរការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀតដែរ ដែលបានចុះផ្សាយក្នុងបណ្តាណព័ត៌មានវប្បធម៌ខ្មែរ។ នេះបើតាមការផ្ដល់ព័ត៌មានពី អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដែលជាប្រធានគម្រោងបានផ្តល់នូវសំណួរមួយចំនួនដូចជា៖ តើគេជីកព្រែកដ៏ធំនេះដើម្បីទាញយកទឹកប្រើប្រាស់? បើដូច្នេះ ហេតុអ្វីក៏ទទឹងធំម្ល៉េះ? ដើម្បីដឹកជញ្ជូនភាជន៍ ពីកន្លែងផលិត នៅលើភ្នំគូលែន ចុះមកទន្លេសាប? ឬមួយមានតួនាទីជា ផ្លូវដឹកថ្មពីអូរថ្មដាប់ ដែលជាកន្លែង ដាប់យកថ្មទៅកសាងប្រាសាទនៅអង្គរ? ចម្ងល់ទាំងនេះហើយ ដែលក្រុមស្រាវជ្រាវត្រូវធ្វើការឈ្វេងយល់ថា តើព្រែក ជីកបុរាណ នេះមានប្រភពពីណាទៅដល់ត្រឹមណា? មានតួនាទីអ្វីឱ្យប្រាកដ?

ក្រុមស្រាវជ្រាវបានប្រាស់រូបថតពីលើអាកាស ដែលបោះពុម្ពក្នុងឆ្នាំ១៩៤១ និងរូបភាពពីលើអាកាសតាមរយៈ Google Earth បានបង្ហាញថា ព្រែកស្រមោចសណ្ដូកតាមទិសខាងជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលខេ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម។

ការស្រាវជ្រាវនៅដំណាក់កាលទី១ បានបង្ហាញថា ព្រែកជីកនេះលាតសន្ធឹងមិនដល់ភ្នំគូលែន ទេ គឺនៅត្រឹមម្ដុំវត្តសំរោងតែប៉ុណ្ណោះ ព្រោះពុំមានស្លាកស្នាមបន្តទៀតទេ។

ព្រែកជីកនេះមានប្រវែងសរុប ២៣គីឡូម៉ែត្រ កន្លែងខ្លះមានទទឹង ៣០០ម៉ែត្រ កន្លែងខ្លះមានទទឹង ១៥០ម៉ែត្រ និងមានកម្ពស់ជាង ៤ម៉ែត្រ។ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកហូរចូលព្រែកនេះអាចមានប្រភព២ សំខាន់ៗ៖ ទី១ ប្រភពទឹកពីភ្នំគូលែន ស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែកជីកនេះ និងទី២ ប្រហែលទឹកឡើងមកពី ទន្លេសាប ច្រាលចូលក្នុងព្រែក។

យើងពុំដឹងថា ព្រែកជីកដ៏ធំនេះកសាងនៅសម័យណាទេ តែគេអាចសន្និដ្ឋានថា អាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចជាមុននោះយូរផង។ ក្រោយមកប្រហែលជាព្រែកជីកនេះមានដំណើរការរអាក់រអួល និងខូចខាតដោយអន្លើ ទើបក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧ បានធ្វើផ្លូវ មានទាំងស្ពានមួយចំនួនដែលសព្វថ្ងៃនេះក្លាយមកជាផ្លូវជាតិលេខ៦ កាត់ព្រែកជីកឱ្យដាច់ជាពីរផ្នែកនៅត្រង់ចំណុច “ថ្នល់ចែក” ម្តុំភូមិថ្នល់ចែក ឃុំដុំដែក ស្រុកសូទ្រនិគម។ អ្នកស្រុក រស់នៅតាមទំនប់ព្រែកជីកមួយចំនួន នៅចាំតៗគ្នាថា ព្រែកស្រមោច ឬផ្លូវសំពៅនេះ ជាផ្លូវទឹកបុរាណមួយដែលមាន សំពៅ ចរាចរចុះឡើងចន្លោះពីទន្លេសាប ទៅដល់ ភ្នំគូលែន និង ជាផ្លូវដឹកជញ្ជូនថ្ម ទៅសាងសង់ប្រាសាទ នៅអង្គរដែរ។

នៅក្នុងឆ្នាំ២០២៤នេះ ក្រុមស្រាវជ្រាវបានបន្តធ្វើកំណាយនៅទីតាំងភូមិថ្មី ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងបំណងឈ្វេងយល់បន្ថែម ពីព្រែកស្រមោច និងពីការតាំងទីរបស់ប្រជាជន និងពេលវេលាដែលពួកគេរស់នៅទីនេះ។ ក្នុងពេលធ្វើកំណាយនេះ យើងបានរកឃើញ កុលាលភាជន៍ខ្លះៗដូចជាកុលាលភាជផុយ និងភាជន៍មានស្រទាប់រលោងដែលមានអាយុកាល មុនសម័យអង្គរផង៕




-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង