វប្បធម៌ ជំនឿ
សាស្ត្រាចារ្យ ព្រឿង ឈៀង៖ ចាស់កុំមាក់ងាយក្មេង ឯក្មេងកុំបោះបង់ចោលចាស់
ស្របពេលចរន្ត នៃការផ្សព្វផ្សាយ និងការទទួលឥទ្ធិពលវប្បធម៌ និងសង្គមសាកលកាន់តែលឿន និងងាយស្រួល ពិសេសតាមរយៈបច្ចេកវិទ្យា និងបណ្ដាញសង្គមនោះ សាស្រ្តាចារ្យ ព្រឿង ឈៀង ទីប្រឹក្សា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ចាស់កុំមាក់ងាយក្មេង ឯក្មេងកុំបោះបង់ចោលចាស់ វ័យទាំង២ ត្រូវបន្តសហការគ្នា ដើម្បីរក្សាអត្តសញ្ញាណ និងឧត្ដមភាពខ្មែរ ក្នុងសម័យសាកលភាវូបនីយកម្ម។

សាស្ត្រាចារ្យ ព្រឿង ឈៀង មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ភាពជាខ្មែរ ស្ដែងឡើងដោយយើងបានកើតលើទឹកដីខ្មែរ យើងនិយាយភាសាខ្មែរ យើងស្លៀកពាក់ខ្មែរ យើងរស់ក្នុងជីវភាពបែបបទជាខ្មែរជាដើម ប៉ុន្តែទាល់តែយើងថែរក្សាដែរ ព្រោះស្ថិតក្នុងសម័យសាកលភាវូបនីយកម្ម បើយើងស្គាល់ខ្លួនឯងមិនច្បាស់ យើងអាចភ្លេចខ្លួន ភាពជាខ្មែរ។

សាស្ត្រាចារ្យ ព្រឿង ឈៀង មានប្រសាសន៍បន្តថា៖ “គេថា “ក្មេងរត់លឿន មានកម្លាំង” តែចាស់ស្គាល់ផ្លូវ ចាស់ៗធ្លាប់ឆ្លង់ការ មានបទពិសោធន៍ ដែលកម្លាំងពីរនេះត្រូវការសហការគ្នា។ ដូចនេះខ្ញុំប្រើពាក្យមួយគឺ “ចាស់កុំមាក់ងាយក្មេង ឯក្មេងកុំបោះបង់ចោលចាស់”។ ទាំង ២ វ័យនេះ ត្រូវរួមរួសគ្នាដើម្បីសាងអនាគតភ្លឺថ្លា”។

ព្រឹទ្ធាចារ្យ វ័យ ៧៥ ឆ្នាំរូបនេះ បញ្ជាក់ថា មិនខុសពីដូនតាយើងទេ ដូនតាយើងក៏មានចាស់ មានក្មេងតៗគ្នា ដូចគេថា បានថ្មី កុំចោសចាស់ ដែលប្រយោគនេះជួនកាលយើងស្ដាប់ទៅគិតថាសាមញ្ញណាស់។ ប៉ុន្តែនេះដោយសារប្អូនៗខ្លះអត់យល់អត្ថន័យ ម៉្យាងដោយសារសម្ពាធបរិយាកាស នៃសាកលភាវូបនីយកម្ម ហើយការផ្សព្វផ្សាយ និងការជួបចាស់តិចពេក។ កាលណាជួបចាស់តិចពេក គាត់ក៏អត់ដឹង នោះមិនមែនកំហុសគាត់ទេ។

សាស្ត្រាចារ្យ ព្រឿង ឈៀង មានប្រសាសន៍បន្តថា៖ “ដូចនេះ ការផ្សព្វផ្សាយមានសារៈសំខាន់ណាស់! ដូចខាង “កម្ពុជាថ្មី” ដែលតែងតែរួមចំណែកក្នុងការផ្សព្វផ្សាយ។ ព្រោះយើងមានធុរៈ ឬមិនអាចមកជួបសួរនាំគ្នាបានទេ ប៉ុន្តែការផ្សព្វផ្សាយគឺបានទូលំទូលាយ នាំឱ្យយល់ដឹងពីគ្នា ឬដូចប្អូនៗក្មួយៗបានជួបខ្ញុំផ្ទាល់”។

ទីប្រឹក្សា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះលើកឡើងថា ដូចតាខ្មែរយើងបានបង្កើតវប្បធម៌ អត្តសញ្ញាណព្រឹលឹងជាតិ ខណៈវប្បធម៌នេះ ជាតិសាសន៍ណាក៏មាន ប៉ុន្តែក្នុងសម័យសាកលភាវូបនីយកម្មនេះ ជាពេលវេលាដ៏ពិបាកកើតមានគ្រប់ប្រទេស មិនមែនតែកម្ពុជាយើងទេ ដែលប្រទេសមួយៗយកចិត្តទុកដាក់ខ្លាំង។

សាស្ត្រាចារ្យ ព្រឿង ឈៀង មានប្រសាសន៍ថា៖ “ការការពារនោះ មាន២៖ ទី១ ក្នុងគ្រួសារ ទី២ ក្នុងសង្គម។ ការពង្រឹងនេះ នៅជំនាន់មុន គ្រួសារនេះ ជាសាលារៀនទី១ បន្ទាប់មក បានយើងទៅរៀននៅសាលា បន្ទាប់មកយើងចូលក្នុងសង្គម។ ដោយសារយើងក្រោកពីសង្គ្រាម ប្រល័យពូជសាសន៍ មានតែបាតដៃទទេ យើងរវល់ដើម្បីក្រពះ ហើយជួនកាលគាត់មិនទាន់យល់។ សារៈសំខាន់ មិនមែនកត្តាជីវភាពទេ គឺកត្តាសីលធម៌។ បើចង់ឱ្យជីវភាពធូរធារ លុះត្រាសង្គមស្អាតស្អំ មានពុទ្ធិចំណេះដឹង មិនសីលធម៌ នោះសង្គមនឹងឆាប់រីកលូតលាស់”។

គួរបញ្ជាក់ថា សាស្ត្រាចារ្យ ព្រឿង ឈៀង បានបង្កើតស្នាដៃទស្សនីយភាពសិល្បៈវប្បធម៌ខ្នាតធំជាច្រើន ពិសេស នៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ គឺធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ សាស្ត្រាចារ្យ បានទទួលផ្ដាច់មុខ នូវឈុតទេវកថា ព្រះថោងនាងនាគ កំណើតជនជាតិខ្មែរដើម និងឈុត អង្គររុងរឿង។ ជាមួយគ្នានេះ សាស្ត្រាចារ្យ ក៏បានចូលរួមបង្កើតផ្ទាំងទស្សនីយភាពក្នុងចម្រៀងសម័យ របស់ តារាចម្រៀង ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស ដូចជាបទ វីរៈនារី មហានគរ ទេវរាជ ជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ