វប្បធម៌ ជំនឿ
អ្នកជំនាញកំណត់អត្តសញ្ញាណថ្មប្រាសាទភ្នំបាខែង ដើម្បីជួសជុលប្រាសាទឡើងវិញ
នៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ស្វែងរកថ្ម ប្រមាណ ១០ នាក់ រួមគ្នាប្រឹងប្រែងស្វែងរកថ្មទាំងនៅតាមបរិវេណប្រាសាទ និងនៅក្នុងព្រៃនៃជម្រាលភ្នំ ដើម្បីយកថ្មដែលចល័ចខុសពីតាំងដើមទាំងនោះមកជួសជុល និងរៀបចំផ្គុំនៅទីតាំងដើមឡើងវិញ។

លោក អ៊ុម ណារិទ្ធ ប្រធានក្រុមការងាររកថ្ម នៅការដ្ឋានជួសជុលប្រាសាទភ្នំបាក់ខែង បានឱ្យដឹងថា ការងារស្វែងរកថ្មដែលរលុះធ្លាក់រាយប៉ាយជុំវិញប្រាសាទភ្នំបាខែង មានបីប្រភេទ ក្នុងនោះមានថ្មជញ្ជាំងប្រាសាទកណ្តាល (ប្រាង្គពីរ៉ាមីត) ថ្មតួប៉មប្រាសាទតូចៗតាមថ្នាក់នីមួយៗ និងថ្មខឿនប្រាសាទឥដ្ឋ និងត្រូវកំណត់អត្តសញ្ញាណ រួមទាំងបែងចែកប្រភេទថ្មតាមរចនាសម្ព័ន្ធប្រាសាទ ក្រោយពីរកឃើញ។

ក្រៅពីនេះ ក្រុមការងារត្រូវប្រមូលថ្មនៅជម្រាលភ្នំ ដែលត្រូវបានគេប្រមូលយកមករក្សាទុកក្នុង ៤ សម័កាលចាប់តាំងពីសម័យបារាំង គឺយកតែថ្មណាដែលមិនមានក្បាច់ ឬមិនអាចកំណាត់អត្តសញ្ញាណបាន យកទៅប្រើប្រាស់ជំនួសថ្មដែលបាត់បង់ប៉ុណ្ណោះ។

អ្នកជំនាញរូបនេះបន្តថា ក្រុមការងារបានខិតខំអស់ពីលទ្ធភាពក្នុងការស្វែងរកថ្មមកដាក់ទីតាំងដើមវិញ ហើយក្នុងចំណោមទាំងនោះ មានថ្មតួប៉មប្រាសាទតូចៗខ្លះ ដែលបានរលុះធ្លាក់សល់ពី ៥០ ទៅ ៦០ ដុំ ហើយក្រុមការងារបានរកឃើញប្រមាណ ៧០ ទៅ ៨០ ភាគរយ បានមកផ្គុំឡើងវិញ។

លោក សំ ឆើត ជាអ្នកជំនាញរកថ្មម្នាក់ក្នុងចំណោមក្រុមការងាររកថ្ម មានប្រសាសន៍ថា លោកពិតជាមានមោទកភាពដែលបានចូលរួមជួសជុលប្រាសាទបុរាណភ្នំបាខែងនេះ។ តាមរយៈបទពិសោធជាង ១០ ឆ្នាំ ធ្វើការជួសជុលនៅប្រាសាទ ធ្វើឱ្យលោកស្គាល់ប្រភេទថ្មនីមួយៗដែលរលុះធ្លាក់ចេញពីទីតាំងដើម។

លោក ឆើត បញ្ជាក់ថា ការងារនេះជោគជ័យ គឺការសហការល្អនៅក្នុងក្រុម បើទោះបីការងារនេះមានភាពស្មុគស្មាញខ្លាំង។ រីឯការរើជញ្ជូនថ្មពីគំនរនៅជម្រាលភ្នំវិញ ក៏ត្រូវការពេលវេលាយូរ ដើម្បីធ្វើតាមបច្ចេកទេសត្រឹមត្រូវ គឺអាចជញ្ជូនបានតែពី៣ ទៅ៤ដុំក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា ប្រាសាទភ្នំបាខែងត្រូវបានកសាងនៅឆ្នាំ៩០៧ នៃគ.ស ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១ ដែលគោរពព្រហ្មញ្ញសាសនា។ ប្រាសាទនេះស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយ ដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈ ឬអង្គរទី១ ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ។ ចាប់ពីជើងភ្នំរហូតដល់កំពូលនៃប្រាសាទមានកម្ពស់ ៧៨ ម៉ែត្រ ប្រាសាទនេះស្ថិតនៅចន្លោះភ្នំពីរទៀតដែរគឺ ភ្នំក្រោម និងភ្នំបូក។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលគេចាត់ទុកជា ប្រាសាទភ្នំមានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់។ ប្រាសាទនេះស្ថិតនៅខាងឆ្វែងដៃផ្លូវពី ប្រាសាទអង្គរវត្តទៅ ប្រាសាទបាយ័ន ជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើននៅពេលថ្ងៃលិច៕




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម