វប្បធម៌ ជំនឿ
តើសីលធម៌សង្គមបច្ចុប្បន្ន ធ្លាក់ចុះ ឬឡើងដូចម្ដេច?
ផែនដីវិល ពេលវេលារំកិលទៅមុខ ឯការរបៀបរបបរស់នៅក្នុងសង្គមក៏មានការប្រែប្រួល ជាមួយល្បាយជាតិសាសន៍ និងបច្ចេកវិទ្យាកាន់តែទំនើប និងសម្បូរបែប។ ជាមួយគ្នានេះ តើសីលធម៌សង្គមខ្មែរបច្ចុប្បន្ន មានធ្លាក់ចុះ ឬឡើងដូចម្ដេច?

បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា សីលធម៌សង្គមបច្ចុប្បន្នមានការធ្លាក់មែន ប៉ុន្តែធ្លាក់ចុះបន្តិច គឺដោយសារកត្តាអប់រំ ប៉ុន្តែបើសិនយើងវាយតម្លៃ ហើយសង្កេតជាទូទៅ យើងអាចឃើញសីលធម៌សង្គមធ្លាក់ចុះនោះ គឺដោយសារយើងឃើញតាម បណ្ដាញសង្គម ព័ត៌មានសង្គម។

បណ្ឌិត ជា វណ្ណី មានប្រសាសន៍បន្តថា៖ “ប៉ុន្តែយើងយើងគិតសុទិដ្ឋិនិយមបន្តិច យើងឃើញថា ធម្មតាទង្វើដែលគេផ្សព្វផ្សាយ ខណៈពិភពលោកក្នុងដៃ ម្នាក់ៗមានទូរសព្ទឆ្លាតវៃអាចមើលឃើញ និងស្វែងរកអ្វីតាមចិត្ត ដោយបណ្ដាញផ្សព្វផ្សាយមានសម្បូរបែប មានទូរសព្ទមួយគាត់អាចឃើញសកម្មភាពទាំងអស់ ហើយបុគ្គលមួយចំនួនបានបង្ហាញសកម្មភាពខ្លួនសព្វយ៉ាង រួមទាំងភាពមិនសមរម្យលើបណ្ដាញសង្គមផងដែរ។ ប៉ុន្តែអ្នកធ្វើបែបនោះ គឺតិច បើប្រៀបធៀនចំនួនប្រជាពលរដ្ឋកម្ពុជាទាំងជាង ១៧ លាននាក់ ឬក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមនោះ”។

ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃរាជបណ្ឌិត្យសភាកម្ពុជា រូបនេះបញ្ជាក់ថា តាមរយៈការងាររបស់បណ្ឌិតនៅក្នុងស្ថាប័នរាជបណ្ឌិត្យសភា ជាអ្នកស្រាវជ្រាវ និងក្នុងស្ថាប័នអប់រំ ជាសាស្ត្រាចារ្យបង្រៀនតាមសាកលវិទ្យាល័យ បណ្ឌិត ជា វណ្ណី ឃើញថា សង្គមខ្មែរមានច្រើនជាមនុស្សល្អ និងអ្នកខិតខំសិក្សា។

បណ្ឌិត ជា វណ្ណី បញ្ជាក់បន្ថែមថា៖ “ជាពិសេសនិស្សិតខ្មែរយើងសព្វថ្ងៃមានការភ្ញាក់រលឹកច្រើនតាមរយៈការបណ្ដុះ និងអប់រំរបស់ខ្ញុំ និងសាស្ត្រាចារ្យផ្សេងទៀត។ ដូចជាពីមុន និស្សិតមិនសូវចូលចិត្ត ឬឱ្យតម្លៃការអាន ប៉ុន្តែក្នុងនាមយើងជាមនុស្សខ្មែរ យើងជាកោសិកាតូចៗរបស់សង្គម យើងត្រូវពង្រីកចំណេះដឹង ពង្រឹងសមត្ថភាពរបស់យើង ដែលទាំងអស់នេះបានមកពីការអាន ព្រោះអានហើយធ្វើឱ្យយើងចេះដឹង បានរៀនសព្វយ៉ាងតាមរយៈអ្នកនិពន្ធ តាក់តែងចងក្រងសៀវភៅ ដើម្បីយើងអានហើយ យើងយកមកត្រិះរិះពិចារណាអ្វីគួរ និងអ្វីមិនគួរ”។

បណ្ឌិត ជា វណ្ណី លើកឡើងថា ចំណីអាហារខួរក្បាល គឺចំណេះដឹង ចំណេះដឹងបានមកពីការរៀន ពីគ្រួសារ ពីសាលា ពីស្ថាប័ន ពីសង្គម និងពីការអានបន្ថែម ជាមួយគ្នានេះ និស្សិតបច្ចុប្បន្នចូលចិត្តអានជាងមុន ហើយពួកគាត់មានចំណេះដឹង មានសមត្ថភាព ហើយអាចបែងចែកអ្វីល្អ អ្វីអាក្រក់ ហើយអាចជ្រើសរើស និងអនុវត្តអ្វីដែលល្អត្រឹមត្រូវ។ បណ្ឌិត ជា វណ្ណី បញ្ជាក់បន្ថែមថា បើយើងពិនិត្យជារួម សីលធម៌សង្គមធ្លាក់ចុះបន្តិចដោយបុគ្គលមួយចំនួន ដូចនេះបើយើង គិតក្នុងផ្លូវសុទិដ្ឋិនិយម ហើយយើងឱ្យតម្លៃ គាំទ្រលើកទឹកចិត្ត ជួយកែលម្អគ្នា គេនឹងអាចធ្វើល្អឡើងវិញ ព្រោះបើយើងឃើញគេធ្វើខុស ហើយយើងជេរស្ដីបន្ទោស អាចធ្វើឱ្យភាគីម្ខាងទៀតនោះបាក់ទឹកចិត្ត ឬគិតខ្លី តែយើងគួរអនុគ្រោះ អធ្យាស្រ័យ ផ្ដល់ឱកាស ហើយណែនាំឱ្យគេស្គាល់ល្អវិញ។

បណ្ឌិត ជា វណ្ណី មានប្រសាសន៍ថា៖ “នៅក្នុងសង្គមយើង ខ្ញុំឃើញដែរមនុស្សមួយចំនួនតូច តែពេលណាឃើញអ្នកស្លៀកពាក់មិនសមរម្យ ឬបង្ហោះបង្ហាញអ្វីអសីលធម៌ គឺមានការបញ្ចេញមតិ ឬ Comment ដោយស្ដីជេរដៀល តែបើយើងប្ដូរពីពាក្យអសុរោះទាំងនោះ ទៅជាប្រាប់ថា៖ “ប្អូន! ប្អូនស្លៀកពាក់ ឬធ្វើបែបនេះមិនសមរម្យទេ នាំឱ្យគេវាយតម្លៃសង្គមយើងមិនល្អ… ព្រោះបុគ្គលខ្លះ មើលឃើញឈើមួយដើម តែគាត់វាយតម្លៃព្រៃទាំងមូល អ៊ីចឹងពេលគាត់ឃើញមនុស្សម្នាក់ ឬប៉ុន្មាននាក់បែបនោះ គាត់វាយតម្លៃសង្គមខ្មែរទាំងមូលតែម្ដង”។

បណ្ឌិត ជា វណ្ណី មានប្រសាសន៍ថា មានមនុស្សខ្មែរជាច្រើនផ្សេងទៀតបានធ្វើល្អ តែពួកគាត់មិនបង្ហាញ នាំឱ្យយើងមើលទៅ ឃើញរាល់ថ្ងៃមានតែទង្វើមិនល្អ ដែលនាំឱ្យមានការសន្និដ្ឋានថា សីលធម៌សង្គមធ្លាក់ចុះ ប៉ុន្តែនោះជាចំនួនតិច បើប្រៀបធៀបចំនួនប្រជាជនទាំងមូល ទន្ទឹមពេលមានមនុស្សជាច្រើនទៀតដែលអភិវឌ្ឍខ្លួន និងធ្វើល្អជាងមុនទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?