វប្បធម៌ ជំនឿ
ប្រាសាទភ្នំពណ្ណរាយ ខេត្តកំពង់ឆ្នាំ ទទួលបានការឧបត្ថម្ភ សង្គ្រោះបឋម
ដោយមានការឯកភាពជាគោលការណ៍ពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានខិតខំប្រឹងប្រែង ស្វែងរកមូលនិធិដើម្បីឧបត្ថម្ភគាំទ្រក្នុងការទល់ទ្រសង្គ្រោះបឋមប្រាសាទភ្នំពណ្ណរាយ ស្ថិតនៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ជាក់ស្ដែងនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះមានការរៀបចំធ្វើពិធីក្រុងពាលីទល់ទ្រសង្គ្រោះបឋមប្រាសាទភ្នំពណ្ណរាយ ក្រោមជំនួយឧបត្ថម្ភពី អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អុឹងហ្វោនដេសិន។

ក្នុងឱកាសនោះ លោកប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានថ្លែងរាយការណ៍អំពីកិច្ចការងារជំនាញលើការទល់ទ្រសង្គ្រោះបឋមស៊ុមទ្វារខាងលិច នៃប្រាង្គប្រាសាទខាងត្បូង និងការងារជាអាទិភាពរបស់មន្ទីរក្នុងការចុះស្រង់ទិន្នន័យ វាស់វែងបុរាណដ្ឋានក្នុងស្រុកកំពង់លែង។

ទន្ទឹមនឹងនោះដែរ លោកប្រធានស្តីទី បានអំពាវនាវ និងស្នើសុំ អ្នកឧកញ៉ា អុឹង ប៊ុនហូវ និងសប្បុរសជននានាឱ្យបន្តជួយឧបត្ថម្ភឈានដល់ការជួសជុលប្រាសាទភ្នំពណ្ណរាយទាំងមូលដែលត្រូវការចំណាយថវិកាជាច្រេីន និងឧបត្ថម្ភដល់ការងារវាស់វែងកំណត់ព្រំដីបុរាណដ្ឋាន ដែលចាំបាច់ត្រូវការបោះបង្គោលសរុបប្រមាណជា ៧០០ បង្គោល។

អ្នកឧកញ៉ា អុឹង ប៊ុនហូវ បានថ្លែងអំណរគុណដល់ ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងថែរក្សា ការពារ និងអភិរក្សសំណង់បុរាណ និងទីទួលបុរាណដ្ឋាននានាក្នុងស្រុកកំពង់លែងឱ្យបានគង់វង្ស។ អ្នកឧកញ៉ា បានមានប្រសាសន៍បន្ថែមថា ទឹកដីស្រុកកំពង់លែង ជាទឹកដីចំណាស់មួយ ដែលមនុស្សតាំងទីរស់នៅតាំងពីសម័យបុរេប្រវត្តិសាស្ត្រ ដោយមានភស្តុតាង ស្ថានីយបុរេប្រវត្តិសាស្ត្រ សំរោងសែន និងទីទួលមនុស្សរស់នៅដទៃទៀត ក៏ដូចជាសំណង់ប្រាសាទបុរាណក្នុងតំបន់នៃស្រុកកំពង់លែង ដែលនេះជាមោទនភាពមួយរបស់អ្នកស្រុកកំពង់លែង។ អ្នកឧកញ៉ា អុឹង ប៊ុនហូវ បញ្ជាក់ថា នឹងបន្តអំពាវនាវស្វែងរកមូលនិធិដើម្បីជួយដល់ការងារលើវិស័យសិល្បៈ វប្បធម៌ ក្នុងស្រុកកំពង់លែង ក៏ដូចជាខេត្តកំពង់ឆ្នាំង ដើម្បីជាចំណែកចូលរួមថែរក្សា ការពារ និងអភិរក្សសម្បត្តិវប្បធម៌ដែលមានស្រាប់បន្តជានិរន្តរភាពដល់កូនចៅជំនាន់ក្រោយៗទៀត។

គួរបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង អភិបាលស្រុក ប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត អនុប្រធានមន្ទីរពត៌មានខេត្ត រដ្ឋបាលស្រុក កងកម្លំាងទាំងបី រដ្ឋបាលឃុំច្រណូកនិងឃុំពោធិ៍ ប្រជាការពារ រួមជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ៤០០ នាក់។

នៅពេលបច្ចុប្បន្ននេះ ប្រាសាទភ្នំពណ្ណរាយមានប្រាង្គចំនួន ២ សង់ពីឥដ្ឋ មានថ្មភក់ជាគ្រឿងបង្គំប្រាសាទ។ ក៏ប៉ុន្តែ នៅឆ្នាំ១៩០០ និង១៩០២ ក្នុងពេលដែលលោក Etienne Aymonier និង លោក Lunet de Lajonquière មកសិក្សាស្រាវជ្រាវចុះបញ្ជីសារពើភណ្ឌ ប្រាសាទភ្នំពណ្ណរាយ មានតួប្រាសាទចំនួន ៣ ស្របតាមអក្សជើង-ត្បូង។ មានផ្តែរនៅពីមុខប្រាសាទដែលក្បាច់នោះជា “រចនាបថប្រែរូប”។ ដូច្នេះ ប្រាសាទនេះប្រហែលកសាងនៅក្នុងសតវត្សរ៍ទី១០ នៃគ.ស.។ ចំណុច ពិសេសមួយគឺ ប្រាសាទនេះបែរមុខទៅទិសខាងលិច (២៥៥ ដឺក្រេ) ខុសពីប្រាសាទដទៃក្នុងស្រុកកំពង់លែង ហើយក៏ខុសប្លែកពីប្រាសាទជាច្រើនក្នុងប្រទេសកម្ពុជាដែរ។ តាមការសិក្សាស្រាវជ្រាវនៅឆ្នាំ២០២២ ប្រាសាទភ្នំពណ្ណរាយនៅរក្សាកម្ពស់៖ ចំពោះប្រាង្គខាងជើងមានកម្ពស់ ៧,១៩ ម៉ែត្រ ចំណែកតួខាងត្បូងមានកម្ពស់ ៧,៣៥ ម៉ែត្រ។ ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៥កើត ខែ ផល្គុន អ្នកស្រុកភូមិឯលិច ឃុំច្រណូក តែងប្រារព្ធធ្វើបុណ្យឡើងនៅលើភ្នំពណ្ណារាយ រយៈ៥យប់ ៥ថ្ងៃ ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះកផងដែរ ដើម្បីបួងសួងសុំពរជ័យសេចក្តីសុខចម្រើនដល់អ្នកភូមិនៅទីនោះ។ វិធីបុណ្យនេះ អ្នកស្រុកកំពង់លែងហៅថា “បុណ្យកម្សាន្តថ្វាយភ្នំ ពណ្ណរាយ”៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?