វប្បធម៌ ជំនឿ
ជនជាតិដើមភាគតិចគ្រឹង នៃខេត្តរតនគិរី គម្រប់ខួប៧ឆ្នាំបានធ្វើពិធីសែនភូមិ ដោយសែនក្របីស១ ខ្មៅ១ ជូនដូនតាសុំសេចក្តីសុខ
ខេត្តរតនគិរី នារដូវប្រាំង នៅតាមភូមិនីមួយៗ មានប្រារព្ធពិធីបុណ្យជាច្រើន រួមមាន បុណ្យសព សែនចងដៃខុសត្រណម សែនអារក្សធ្វើ ជាពិសេសជាងនេះទៅទៀត គឺការសែនភូមិនេះតែម្តង ដែលជាទំនៀមទម្លាប់ ប្រពៃណីដូនតា តាំងពីបុរាណមក កំពុងតែអនុវត្តធ្វើ រហូតមកដល់បច្ចុប្បន្ននេះ ។ កម្មវិធីនេះមានដូចជា សែនក្របី សែនកាប់ក្របី បណ្តេញគ្រោះចង្រៃ ការតមភូមិ រយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ៣១ មករា ២០២៥ ដល់ ថ្ងៃទី០២ កុម្ភៈ ២០២២៥ ។

ជនជាតិដើមភាគតិចគ្រឹង មានចំនួនច្រើនជាង អម្បូរជនជាតិដើមភាគតិចផ្សេងទៀត ប៉ុន្តែពិធីសែន ទំនៀមទម្លាប់ ប្រតិបត្តិទៅលើការសែន និងប្រកាន់យក ត្រណមភូមិ មានភាពខុសៗគ្នា ទៅតាមមេកន្ទ្រាញនាំ ដឹកនាំទៅតាមជំនឿដោយឡែកៗពីគ្នាបន្តិចបន្តួច ។
សម្រាប់ជនជាតិដើមភាគតិចគ្រឹង នៅភូមិទៀមលើ ក្នុងខេត្តរតនគិរីឆ្នាំនេះ ដល់គម្រប់៧ឆ្នាំតាមការសន្យាពីដំបូង ជាមួយដូនតា ត្រូវសែនក្របីចំនួន២ក្បាល ក្របីស១ និងខ្មៅ១ ដើម្បីបួងសួងសុំសេចក្តីសុខ និងលុបលាងបាបគ្រោះ ដែលប្រជាជនក្នុងភូមិ ប្រព្រឹត្តល្មើសនឹងត្រណម ដែលចាស់ទុំបានហាមប្រាម បណ្តាលឲ្យមានគ្រោះថ្នាក់ ស្លាប់ដោយចៃដន្យ និងឈឺថ្កាត់ បន្តបន្ទាប់គ្នា ការជាប់គុកច្រវ៉ាក់ ក្មេងស្រីពោះធំមុខរៀបចំសែនយកគ្នាជាប្តីប្រពន្ធ គ្រួសារប្តីប្រពន្ធរស់នៅជាមួយគ្នា ឈ្លោះប្រកែកគ្នានិងលែងលះគ្នា ដែលប្រជាជននិងចាស់ទុំ ក្នុងភូមិសម្ភាល់ថា មានភាពក្តៅក្រហាយក្នុងភូមិ បណ្តាលមកពីខុសប្រពៃណីនិងខុសត្រណមជាដើម ។

លោក ខាំ ភុនគោក ជាចាស់ទុំក្នុងភូមិទៀមលើ បានប្រាប់នៅក្នុងពិធីសែនភូមិនេះថា ដើមហេតុឲ្យគាត់និងមេភូមិ ប្រជុំគ្នាសែនភូមិនេះឡើង មកពីដល់ពេលកំណត់ ត្រូវសែនភូមិជាគម្រប់ ៧ឆ្នាំ ណាមួយទៀត គឺប្រជាជនតាមផ្ទះនីមួយៗ មិនសូវយកចិត្តទុកគោរពត្រណម ទទួលទានរបស់ដែលហាម ជាពិសេសទៀតនោះ ក្មេងជំនាន់ក្រោយ ទើបរៀបការថ្មីថ្មោង មានកូន១ ឬកូន២ នៅពេលចេញទៅធ្វើការ នៅភូមិផ្សេងៗ តែងតែបំពាន ហូបចុកចំណីអាហារ ដែលហាមឃាត់ រួចក៏ប្រឡប់មកភូមិរបស់ខ្លួនវិញ ទើបបណ្តាលឲ្យកើតរឿងហេតុ នៅក្នុងភូមិ ប្រជាជនគ្មានសេចក្តីសុខ កើតហេតុចម្លែក ជាញឹកញាប់ ។
កម្មវិធីនេះចាប់ផ្តើម ដោយសមាជិកភូមិបានអង្គាសប្រាក់ពីមេគ្រួសារ ចំនួន ២០,០០០ រៀល ដើម្បីទិញក្របី ជ្រូក មាន់ និងបាយ ជួលសម្ភារៈផ្សេងៗ ដើម្បីរៀបចំកាប់សែន បន្ទាប់ពីបានប្រាក់គ្រប់សព្វហើយ ទើបនាំគ្នាទៅសួរទិញក្របី នៅតាមភូមិផ្សេង។ លុះបានក្របីមក ទើបដាក់ថ្ងៃកំណត់សែនភូមិសម្រាប់ជាដំណឹង ដល់ប្រជាជនដែលមានទីលំនៅ ក្នុងភូមិបានដឹង មកចូលរួមពិធីនេះ។ នៅយប់មុនថ្ងៃសែននេះមួយយប់ មនុស្សប្រុសៗ ពេញកម្លាំងចាប់ក្របី មកចងក្របីនៅមុខសាលារោង ដោយវាយគងរាំច្រៀងជុំវិញក្របី រួចចាប់ជ្រូកចងនៅមុខទ្វាសាលារោង នាំគ្នានិយាយនិងបាចអង្ករ បណ្តេញគ្រោះចង្រៃឲ្យទៅឆ្ងាយពីមនុស្សក្នុភូមិ រួចនាំគ្នាមកជុំវិញពាងស្រា ដោយកាន់ឈើតូចប៉ុនជើងធូបឆ្កឹះមាត់ពាងស្រា ដោយនិយាយបូបាច់រៀងខ្លួន រឿងអាក្រក់ដែលជួបប្រទះឱ្យចៀសចេញឆ្ងាយទៅ ។ បន្តមកទៀត បាននាំវាយគងដើរតាមខ្នងផ្ទះ ដោយយករំពាត់វាយទៅលើជញ្ជាំងផ្ទះ បណ្តេញខ្មោចចង្រៃ ឧបទ្រុពនានា រួចហើយក៏យកសត្វដែលចងនៅមុខសាលារោង យកទៅសម្លាប់ យកសាច់ចម្អិន និងទុកសាច់ចែកគ្នា ទៅតាមខ្នងផ្ទះ ការចែកនេះគឺមេភូមិ ជាអ្នកហៅឈ្មោះមកទទួលយកទៅផ្ទះវិញ ។

នៅមុខចុងបញ្ចប់នៃកម្មវិធី ក្បាលក្របី២និងបណ្តែតក្បូននេះ រៀបចំសែនក្បាលក្របី ដោយដាក់នៅជិតស្រាពាង និងសែនច្រូចស្រា និងចងដៃអំបោះពណ៌ស ដល់អ្នកចូលរួម សុំសិរីសួស្តី ដើម្បីធ្វើដំណើរផ្លូវឆ្ងាយមានសុវត្ថិភាព គ្រប់ការធ្វើដំណើរ និងកុំឲ្យមានគ្រោះអាក្រក់ណាមួយកើតឡើងជាយថាហេតុ ក្នុងគោលបំណងឲ្យដូនតា ម្ចាស់ទឹកដីជួយថែរក្សារការងារ ។
នៅសល់ក្បាលក្របី គេហូបជុំគ្នា រាំងច្រៀងវាយគង ផឹកស្រាពាងហូបរហូតដល់អស់ក្បាលក្របី ទើបចាស់ទុំនាំគ្នា ធ្វើប្រទីបធំមួយ និងប្រជាជនធ្វើក្បួន មានបង្អែម ផ្កាភ្ញី លុយ បណ្តែតនៅវេលាម៉ោង ៣ ឬ ម៉ោង៤ នៅតាមមាត់ទន្លេសេសាន្ត សុំដូនតាសុំសេចក្តីសុខសប្បាយ និងបណ្តេញគ្រោះរឿងហេតុរបស់ខ្លួន ។
ការបិទបញ្ចប់ពិធីនេះទៅបានជោគជ័យ អាស្រ័យទៅលើការតមបន្ថែមទៀត ទៅថ្ងៃបន្ទាប់ទៀត មានរយៈពេល ៣ថ្ងៃ ប្រជាជនមិនចេញទៅក្រៅពីភូមិនោះទេ ក្នុងអំឡុងពេលនេះ គឺបើមានមនុស្សពីខាងក្រៅមក ចូលក្នុងភូមិជាយថាហេតុ ធ្វើឲ្យខូចកម្មវិធីសែននេះ ចាស់ទុំភូមិចាប់ឲ្យសងក្របីវិញដើម្បី យកមកសែនលាងគ្រោះនេះ សែនជូនដូនតាវិញ៕
អត្ថបទ៖ ខៀវ ចាប





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី