វប្បធម៌ ជំនឿ
តើល្បែងប្រជល់មាន់ និងល្បែងគ្របមាន់ មានលក្ខណៈខុសគ្នាដូចម្តេច?
ល្បែងប្រជល់មាន់ និងល្បែងគ្របមាន់ ត្រូវបានចាត់ទុកជាល្បែងប្រជាប្រិយខ្មែរ ដែលគេតែងនិយមលេងកម្សាន្តនៅពេលទំនេរ ពេលមានបុណ្យទាន ជាប់ជាប្រពៃណីតាំងពីព្រេងនាយមក។ របៀបនៃការលេងល្បែងទាំង ២ប្រភេទនេះមានលក្ខណៈខុសៗគ្នា និងមានអត្ថន័យផ្សេងៗពីគ្នា។
យោងតាមសៀវភៅល្បែងប្រជាប្រិយខ្មែរ បានបញ្ជាក់ថា ល្បែងប្រជល់មាន់ ជាល្បែងម្យ៉ាងរបស់ពួកកុមារាកុមារី ជំទង់ៗ ទូទៅក្នុងកម្ពុជរដ្ឋ គេតែងលេងកំសាន្តក្នុងវេលាយប់។ សមាសភាពនៃអ្នកលេងល្បែងនេះ មានគ្នា ៤នាក់ គឺប្រុសម្នាក់ធ្វើមាន់ឈ្មោល ស្រីម្នាក់ធ្វើមាន់ញី ហើយប្រុសម្នាក់ និងស្រីម្នាក់ធ្វើជាអ្នកចាំឱ្យទឹកមាន់។ ពេលលេង ប្រុសម្នាក់ស្រីម្នាក់ដែលធ្វើមាន់ ចូលទៅឱនក្រាបទន្ទឹមគ្នា មួយបែរមុខទៅខាងជើង មួយបែរមុខទៅខាងត្បូង។ ឯប្រុសម្នាក់ដែលធ្វើជាអ្នកចាំឱ្យទឹក ចូលទៅឈរក្បែរមាន់ឈ្មោលមាន់ញីរបស់ខ្លួន ចាំឱ្យទឹកមាន់ខ្លួន។ សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ពេលរៀបឱ្យមាន់ជល់គ្នា ម្ចាស់មាន់គេទះដៃស្រែកឡើងថា “យើងបានគ្នាហើយ” ។

បន្ទាប់ពីម្ចាស់មាន់ស្រែក តួមាន់ក៏រៀបខ្លួនចូលទៅជល់ដោយកាងដៃឡើងធ្វើបែបមាន់ទទះស្លាប ហើយដើរឱនចូលទៅឈរជិតគ្នា មានអាការៈដូចអួតជល់គ្នា តែមិនឱ្យប៉ះទង្គិចស្មា ឬប៉ះដៃទេ គ្រាន់តែលើកដាក់ដៃទាំងពីរ តាមចង្វាក់ពាក្យច្រៀងរបស់ម្ចាស់មាន់ប៉ុណ្ណោះ។ ពេលនោះ ម្ចាស់មានគេច្រៀងឡើងថា ” មាន់នាង នីវ៉ីយ មួយជល់នឹងមាន់នាងនល់ លោកឱ្យប្រជល់វ៉ីយ ១ មាន់យើងឈ្នះ” កាលម្ចាស់មាន់ច្រៀងហើយ មាន់ទាំងពីរក៏លោតចូលទៅឈរកណ្តាលវង់ ហើយលោតចេញមកវិញ ចេញមកហើយចូលទៅវិញទៀត ដោយធ្វើអាការៈទទះស្លាបម្តងទៀត ម្ចាស់មាន់ក៏ស្រែកច្រៀងដូចមុន មាន់ខាងណាមានអាការៈក្លៀវក្លាស្វាហាប់ក្លាហានខ្លាំងពូកែជាងគេក្នុងវេលាជល់ គេទុកជាឈ្នះ។
កាលបើមាន់ ១គូមុន ដឹងឈ្នះចាញ់ ហើយ ម្ចាស់មាន់គេឱ្យមាន់ផឹកទឹក គឺឱ្យផឹកទឹកត្នោត ឬ ឱ្យស៊ីបបរ ជាដើម កម្សាន្តសប្បាយហើយគេរៀបចំប្រជល់សាជាថ្មីតទៅទៀតរបៀបនេះ រហូតដល់ពេលឈប់។ គេលេងល្បែងនេះអាចរាប់ចូលក្នុងកីឡាសម្រាប់បង្ហាត់ក្មេងឱ្យមានទម្លាប់ប្រកាន់នូវសេចក្តីក្លាហានបាន។
ចំណែក ល្បែងគ្របមាន់ ជាល្បែងកម្សាន្តម្យ៉ាងរបស់ពួកកុមារាកុមារីជំទង់។ គ្រប់ភូមិស្រុក ទូទាំងប្រទេសកម្ពុជា តែងលេងនៅពេលទំនេរ ក្នុងវេលាយប់ខែភ្នឺ។ អ្នកលេងមានស្រីមានប្រុស មានគ្នាតាំងពី ៥នាក់ ឬ១០នាក់ម្ខាងឡើងទៅ។ របៀបលេងគេជ្រើសយកក្មេងប្រុសម្នាក់ស្រីម្នាក់ ក្នុងបណ្តាពួកគេទាំង២នោះ មកគ្របសំពត់ ឬក្រមា ឱ្យជិតខ្លួនតាំងពីក្បាលដល់ចុងជើង ដើម្បីកុំឱ្យស្គាល់ជានរណា ហើយគេឱ្យក្មេងពីរនាក់នោះ ក្រាបបែរមុខរកគ្នា គឺខាងប្រុសតំណាងមាន់ឈ្មោល ខាងស្រីតំណាងមាន់ញី។

កាលក្រាបហើយគេឱ្យពួកខាងប្រុសគោះខ្នងមាន់ខាងស្រីឱ្យរងាវ មានខាងស្រីរងាវថា “កិកកិកែកឺត” ឡើង ដោយខំធ្វើសំឡេងឱ្យប្លែកពីធម្មតា។ តែបើស្តាប់សូរមិនបានគេអាចគោះឱ្យរងាវបាន ៣ដង ខាងប្រុសចាំស្តាប់សំឡេងមាន់ខាងស្រីនោះ ហើយទាយតាមឈ្មោះមនុស្សស្រីដែលគេស្គាល់ ទាយហើយគេបើគម្របឡើង បើត្រូវគេយកមាន់នោះទុកជារបស់គេ រួចហើយខាងស្រីគោះមាន់ខាងប្រុសឱ្យរងាវម្តង។ បើខាងស្រីទាយត្រូវ ខាងប្រុសគេយកមាន់ខាងស្រីដែលគេយកទៅនោះមកសងស្រីវិញម្តង តែបើខាងស្រីទាយខុស ខាងប្រុសគេយកមាន់ខាងស្រីទៀត។ គេធ្វើរបៀបនេះទាល់តែម្ខាងៗអស់មាន់ទាំងអស់ ឬអស់មាន់ច្រើនជាងគេទុកថាចាញ់ ខាងណាបានមាន់ច្រើនគេទុកថាឈ្នះ។
ល្បែងប្រជាប្រិយនេះ ជាល្បែងកម្សាន្តម្យ៉ាង សម្រាប់កុមារាកុមារីជំទង់ៗ លេងតាមសប្បាយ ដែលជាល្បែងហាត់បញ្ញា ហាត់គំនិតឱ្យប៉ិនប្រសប់ខាងស្តាប់ ខាងកាត់ប្រមាណតម្រូវតាមសំឡេងរបស់មនុស្ស៕

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ