វប្បធម៌ ជំនឿ
រដ្ឋមន្ត្រីវប្បធម៌៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ធ្វើឱ្យភាពយន្តកម្ពុជាកាន់តែរីកចម្រើន
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ ឆ្នាំ២០២៥នេះ គឺជាការជួយជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជាកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ការលើកឡើងនេះ ធ្វើឡើងនាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសសម្ពោធមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ ដោយមានការចូលរួមពីអ្នកសិល្បៈ ផលិតករ ជាច្រើនរូប។ មហោស្រពនឹងរៀបចំចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានភាពយន្តចំនួន១៥១រឿង មកពីបណ្តាប្រទេសផ្សេងចំនួន៤១ប្រទេស ក្នុងនោះ កម្ពុជា មានភាពយន្តចំនួន ៦០រឿង។ ចំពោះភាពយន្តទាំង១៥១រឿង មានទាំងប្រភេទរឿងប្រតិដ្ឋកម្ពុជា រឿងប្រតិដ្ឋអន្តរជាតិ រឿងរ៉ាវជុំវិញពិភពលោក ពិភពគួរឱ្យខ្លាចខ្នាតខ្លី ភាពយន្តឯកសារ ជាដើម។ ចំណែកការចួលទស្សនាគឺមិនគិតប្រាក់ឡើយ ដែលធ្វើនៅតាមបណ្តារោងភាពយន្ត និងសណ្ឋាគារ មហោស្រពចំនួន១០ទីតាំងនៅកម្ពុជា។

ក្នុងពិធីសម្ពោធ លោកស្រី ភឿង សកុណា មានប្រសាសន៍ថា៖ “មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាកន្លែងជួបជុំសម្រាប់ការផ្លាស់គំនិតយោបល់ ដែលផលិតករភាពយន្តទាំងអស់អាចសិក្សាស្វែងយល់ និងចែករំលែកបទពិសោធ ហើយក៏ជាវេទិកាបើកជើងមេឃដល់យុវជនកម្ពុជាយើង ដើម្បីស្វែងយល់ពីប្រភពខាងក្រៅ ទាំងសង្គម និងវប្បធម៌ តាមរយៈភាពសម្បូរបែបនៃស្នាដៃភាពយន្តរបស់ប្រទេសនានា ដែលបានយកមកចាក់បញ្ចាំងក្នុងមហោស្រពនេះ”។
ចំពោះលោក Cedric Eloy ប្រធានមហោស្រព មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) បានបញ្ជាក់ថា មហោស្រពឆ្នាំនេះ ជាស្ពានរវាងកម្ពុជា និងសហគមន៍ជនភៀសខ្លួនខ្មែរសម្រាប់ការភ្ជាប់ទំនាក់ទំនងឡើងវិញ។ លោកបន្តថា ចំណុចពិសេស ឆ្នាំនេះ គឺស្នាដៃ ជីវិតកូនថ្លៃ កូនត្រូវតែរស់ ដែលជាបទពិសោធពិភពនិម្មិត ជាជីវិតពិតរបស់លោក ពិន យ៉ាថៃ អ្នកដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។

មហោស្រពឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជឿជាក់ថា នឹងទទួលបានជោគជ័យត្រចះត្រចង់ ព្រមទាំងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យភាពយន្តកម្ពុជា។
សូមជម្រាបថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ នឹងមានចាក់បញ្ចាំងភាពយន្តឥតគិតថ្លៃ មាននៅរោងភាពយន្ត Legend (Exchange Square, Olympia), រោងភាពយន្ត Major Cineplex (AEON Mall 1, AEON Mall 3), រោងភាពយន្តFable សណ្ឋាគារ Rosewood វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន STP Gallery និង Cine Hub។ ចំពោះសំបុត្រគឺមិនគិតថ្លៃឡើយ ហើយទស្សនិកជនអាចទទួលសំបុត្រ មុនភាពយន្តចាក់បញ្ចាំងមួយម៉ោង៕
ដោយ៖ អុន ស្រីមាន







-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម