Connect with us

វប្បធម៌ ជំនឿ

សាលារចនា កំពុងរៀបចំពិព័រណ៍ទេពកោសល្យ និងស្នាដៃរបស់និស្សិតបីថ្ងៃ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ

បានផុស

នៅ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កំពុងរៀបចំពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែមេសា ឆ្នាំ២០២៥ នៅទីតាំងសាកលវិទ្យាល័យថ្មី សាខាព្រែកលៀប។ ពិព័រណ៍ មានការតាំងបង្ហាញស្នាដៃនិស្សិតជាច្រើន ដើម្បីបង្ហាញឱ្យមហាជនបានឃើញពីអត្តសញ្ញាណជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំនេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រៀបចំពិព័រណ៍ ក្រោមប្រធានបទ៖ “មរតកខ្មែរទាំង៥ ឆ្នាំ២០២៥” ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ កម្មវិធីនេះ ផ្តល់ឱកាសដល់សាធារណជនចូលរួមដោយសេរី និងជំរុញចូលរួមឱ្យច្រើនកុះករ ដើម្បីរួមគ្នាថែរក្សាទំនៀមទំលាប់វប្បធម៌ប្រពៃណីដ៏ល្អឯករបស់ខ្មែរ ព្រមទាំងទទួលបានភាពសប្បាយរីករាយ ជាមួយការសម្តែងទស្សនីយភាពសិល្បៈគ្រប់ទម្រង់ និងការប្រគំតន្ត្រី ព្រមទាំងចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៩:០០នាទីយប់។

សម្រាប់ថ្ងៃទី១ នៃការរៀបចំពិព័រណ៍នេះ គឺថ្ងៃទី៤ ខែមេសានេះ មានការសម្តែងទស្សនីយភាពសិល្បៈបុរាណខ្មែរជាច្រើនប្រភេទ ចាប់ពីម៉ោង ៥៖៣០នាទីល្ងាចទៅ ដូចជា វង់ភ្លេងការបុរាណ (កំដរមុនកម្មវិធី), ការសម្តែងទស្សនីយភាពព្រោះថោងនាងនាគ, របាំមេខឡា និងថ្វាយព្រះពរ, របាំនំត្នោតអង្គរ, អាយ៉ៃឆ្លើយឆ្លង, របាំក្ងោកពោធិ៍សាត់ និងទម្រង់ល្ខោនខោល រឿង សូរបនខា។ ក្រៅពីសិល្បៈបុរាណខ្មែរ ក៏មានការប្រគំតន្ត្រីសិល្បៈចម្រុះផងដែរ។

ដូចនេះ សម្រាប់សាធារណជនដែលមានបំណងចង់ឃើញពីការតាំងបង្ហាញស្នាដៃផ្សេងៗពីសិល្បៈខ្មែរ របស់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងចង់ឃើញពីទស្សនីយភាពនានាអំពីវប្បធម៌ខ្មែរ អាចទៅចូលរួមបាន នៅទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី នៅព្រែកលៀប (https://maps.app.goo.gl/k6J3G6gqwFDHGfgHA )៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម