ព័ត៌មានជាតិ
វឌ្ឍនភាពការសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សម្រេចបាន ៤៧% នៃផែនការគ្រោងទុក
រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៥ វឌ្ឍនភាពនៃការងារសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុសម្រេចបាន ៤៧,៩០% នៃផែនការគ្រោងទុក។ នេះបើយោងតាមកិច្ចប្រជុំប្រចាំខែតុលាស្តីពីការត្រួតពិនិត្យវឌ្ឍនភាពនិងសុវត្ថិភាពការដ្ឋានសាងសង់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ នៃកំពង់ផែក្រុងព្រះសីហនុ។
លោក ទី សាគុណ អគ្គនាយករងទទួលបន្ទុកបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំប្រចាំខែដើម្បីតាមដានត្រួតពិនិត្យពីដំណើរការសាងសង់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation និងក្រុមហ៊ុនទីប្រឹក្សាគម្រោង Nippon Koei & Oriental Consultant Global JV។

បើតាមប្រភពពីមន្រ្តីកំពង់ផែស្វយ័តក្រុងព្រះសីហនុ គិតរហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៥ ដំណើរការសាងសង់កំពង់ផែស្វយ័តក្រុងព្រះសីហនុជំហានទី ១ សម្រេចបាន ៤៧,៩០% ខណៈតាមផែនការគ្រោងបញ្ចប់នៅឆ្នាំ ២០២៨។
រដ្ឋាភិបាលបានវិនិយោគទឹកប្រាក់ប្រមាណ ៧៥០ លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុទាំង ៣ ដំណាក់កាល ដើម្បីឆ្លើយតបទៅកំណើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា ការវិនិយោគអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាយុទ្ធសាស្ត្រយកលុយបង្កើតលុយ។
ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីទាំង ៣ ដំណាក់កាល នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំៗមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់។



ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ដែលកំពុងដំណើរការសាងសង់មានជម្រៅទឹក ១៤,៥ ម៉ែត្រ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលអាចឱ្យនាវាប្រមាណ ៩៣ ភាគរយ ក្នុងតំបន់ចូលចតបាន។ ចំណែកចំណតផែកុងតឺន័រទឹកជ្រៅជំហានទី ២ និងជំហានទី៣ នឹងពង្រីកតាមដំណាក់កាលបន្តបន្ទាប់ ដែលក្រោយបញ្ចប់ទាំង ៣ ដំណាក់កាល ទំនិញពីកម្ពុជាអាចដឹកចេញដោយផ្ទាល់ទៅបណ្តាកំពង់ផែនៅតំបន់អឺរ៉ុបនិងអាមេរិក ដោយពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែបណ្តាប្រទេសនៅក្នុងតំបន់ទៀតឡើយ។
សមាគមដឹកជញ្ជូនក៏មើលឃើញពីតម្លៃនៃការអភិវឌ្ឍសមត្ថភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដែលនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន ធ្វើឱ្យកម្ពុជាមានឯករាជ្យភាព និងលើកកម្ពស់ការប្រកួតប្រជែងកាន់តែខ្លាំងក្លាថែមទៀត។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់ លោក ជា ចាន់ដារ៉ា បានប្រាប់កម្ពុជាថ្មីថា ការដឹកជញ្ជូនតាមផ្លូវទឹកមានការពេញនិយមនៅលើពិភពលោក ដោយសារមធ្យោបាយនេះអាចដឹកទំនិញបានច្រើន ដឹកបានឆ្ងាយ និងតម្លៃថោក។
បច្ចុប្បន្នការដឹកជញ្ជូននៅកម្ពុជាមានតម្លៃខ្ពស់ ដោយសារទំនិញដឹកចេញចូលប្រទេសកម្ពុជាត្រូវឆ្លងកាត់ការលើកដាក់នៅកំពង់ផែប្រទេសទី ៣ ដែលនេះបង្កើនកញ្ចប់ចំណាយលើថ្លៃដឹកជញ្ជូនសម្រាប់ទំនិញចេញចូលកម្ពុជា។
តាមរយៈការអភិវឌ្ឍកំពង់ផែទឹកជ្រៅថ្មីរបស់រដ្ឋាភិបាល ដែលគ្រោងចំណាយថវិការហូតដល់ទៅជិត ១ ពាន់លានដុល្លារអាមេរិក លោក ជា ចាន់ដារ៉ា បានបញ្ជាក់ថា នឹងអាចពង្រីកសមត្ថភាពការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្ររបស់ប្រទេសកម្ពុជាឲ្យកាន់តែមានភាពសកម្ម ឆ្លើយតបកំណើនសេដ្ឋកិច្ចនិងការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់ប្រទេសកម្ពុជា៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


