Connect with us

សេដ្ឋកិច្ច

​គម្រោងលើកកម្រិតកំណាត់ផ្លូវជាតិលេខ​ ៧ ​ពីស្គន់-កំពង់​ចាម​ តម្លៃ ១១៧ លានដុល្លារ ត្រូវបានដាក់​​ឱ្យ​ប្រើប្រាស់​

បានផុស

នៅ

គម្រោង​លើក​កម្រិត​កំណាត់​ផ្លូវ​ជាតិ​លេខ​ ​៧​​ តម្លៃ ១១៧ លានដុល្លារ ដែលមាន​ប្រវែង​ប្រមាណ​ជាង​ ៤៥​គីឡូម៉ែត្រ​ ​ចាប់​ពី​រង្វង់​មូល​ស្គន់​ រហូត​ដល់​រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា​ក្រុង​កំពង់​ចាម​ ​ខេត្ត​កំពង់ចាម ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី ៧ កក្កដា ២០២៦ ​ក្រោម​អធិបតីភាព​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គម្រោង​លើក​កម្រិត​កំណាត់​ផ្លូវ​ជាតិ​លេខ​ ​៧​​ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃទី​ ០៩ ​មករា ២០២៣ ​ត្រូវ​បាន​ស្ថាបនា​ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ ​មាន​ ៤ គន្លង ​(២ទៅ ២មក)​។

​គម្រោង​នេះ ​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្មថ្នល់​ និង​ស្ពានចិន(CRBC) ​ដោយ​បាន​ចំណាយ​ថវិការប្រមាណ ១១៧ លានដុល្លារ ដែលជាឥណទានសម្បទាន​ពីរដ្ឋាភិបាល​សាធារណ​រដ្ឋ​ប្រ​ជាមានិតចិន ​រួមជាមួយនឹង​ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា​។

​លោក ​ប៉េង ពោធិ៍នា ​រដ្ឋមន្ត្រីក្រសួងសាធារណការ ​និង​ដឹកជញ្ជូន មានប្រសាសន៍ថា កំណាត់ផ្លូវ​ជាតិ​លេខ ៧ នេះ គឺជាខ្សែផ្លូវសំខាន់ ​និង​ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដែលបាន​តភ្ជាប់​ជាមួយបណ្ដាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី ខេត្ត។ ​

ការ​សាង​សង់​កំណាត់​ខ្សែ​ផ្លូវ​នេះ​ បាន​ប្រែ​ក្លាយ​ជា​ខ្សែ​ផ្លូវ​ដ៏រឹង​មាំ​ធំទូលា​ និង​ដើរ​តួនាទី​សំខាន់​ ក្នុង​ការ​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​ និង​ដឹក​ជញ្ជូន​កសិផល​។​

​សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ​មានប្រសាសន៍ថា ​ការពង្រីក​កម្រិត​ផ្លូវ​នេះ ​ក៏ទាក់​ទាញ​ការវិនិ​យោគ​លើ​ការ​បង្កើត​រោងចក្រ និង​អាជីវកម្ម​ផ្សេងៗ​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា គម្រោងនេះ នឹងផ្ដល់ផលចំណេញខ្ពស់ប្រមាណ ១៥,២៧% ដែលជាអត្រាចំណេញខ្ពស់ពីការវិនិយោគកសាងផ្លូវជាតិ។

សម្ដេចធិបតី បញ្ជាក់ថា៖ «ផល ១៥% គឺជាផលចំណេញពីការដឹកជញ្ជូន បានន័យថា បង្រួមដី កាលមុនជិះមួយម៉ោង ឥឡូវនេះជិះកន្លះម៉ោង ចំណាយដឹកកសិផលក៏តិចជាងមុន ប៉ុន្តែក៏អាចទាក់ទាញបន្ថែមនូវវិស័យឧស្សាហកម្ម រោងចក្រ កន្លែងផលិត និងអាជីវកម្មផ្សេងៗ»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម