Connect with us

សេដ្ឋកិច្ច

កម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម​ ជំរុញ​កំណើន​ពាណិជ្ជកម្ម ​ទាក់ទាញការវិនិយោគ​

បានផុស

នៅ

លោក ​ស៊ុន ចាន់ថុល ​ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ និងជាប្រធាន​ក្រុម​ប្រឹក្សាជាតិភស្តុភារកម្ម នៅថ្ងៃទី ៨ ​​កក្កដា ២០២៦​ បាន​ដឹកនាំកិច្ច​ប្រជុំក្រុម​ប្រឹក្សាជាតិ​ភស្តុភារ​កម្ម​ លើកទី១១ ​សំដៅ​ធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យភស្តុភារកម្មជាតិ​ ដើម្បីជំរុញ​កំណើន​ពាណិជ្ជកម្ម​ពីអន្តរជាតិ ​និង​ទាក់ទាញការវិនិយោគពីបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំលើកទី១១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ តាមដាន​ និងវាយតម្លៃលើវឌ្ឍន​ភាពការងារ​គន្លឹះៗ ចំនួន ៣ រួមមាន៖ ​១. ការប្រមូលសូចនាករប្រតិបត្តិការភស្តុភារកម្ម (២.០) ២. ការរៀបចំប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) និង​៣. សេចក្ដីព្រាងច្បាប់ស្ដីពី “ភស្តុភារកម្ម”។​

អង្គប្រជុំក៏បានពិភាក្សា ​និង​ដាក់ចេញនូវទិស​ដៅយុទ្ធសាស្ត្រថ្មីៗ ​សំដៅតម្រង់ទិស ​និងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មជាតិ និងការដឹកជញ្ជូននៅកម្ពុជា​ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ ​និង​មានសមាហរណកម្មខ្លាំង​ក្លាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ​និងសកលលោក។​

អង្គប្រជុំទទួលបានការចូលរួមផ្តល់មតិយោបល់ និងការផ្លាស់ប្តូរទស្សនៈ​ផុល​ផុសពីសំណាក់ សមាជិក សមាជិកា ​ដែលឆ្លុះបញ្ចាំងពីធាតុចូលយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការបន្តទិសដៅការ​ងារទៅមុខប្រកបដោយប្រសិទ្ធភាព និង​ការ​ទទួល​ខុសត្រូវខ្ពស់ ​សំដៅរួមគ្នាជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្មជាតិឱ្យមានវឌ្ឍនភាព និងប្រកប​ដោយចីរភាព។​

​ឧបនាយករដ្ឋមន្ត្រី បានរំលេចជូនអង្គប្រជុំអំពីលទ្ធផលប្រកបដោយផ្លែផ្កា​នៃកិច្ចប្រជុំជាមួយសភាពាណិជ្ជកម្មអឺរ៉ុប​ប្រចាំនៅកម្ពុជា (EuroCham) កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ​

កិច្ចប្រជុំនាឱកាសនោះ​ បានពិនិត្យ ​និង​ពិភាក្សាយ៉ាងស៊ីជម្រៅជុំវិញសូចនាករនានាពាក់ព័ន្ធនឹងការដឹកជញ្ជូននាំចេញ-នាំចូល ដែល EuroCham បានប្រមូល រៀបចំ វិភាគសិក្សា និងធ្វើការប្រៀបធៀប​ជាមួយបណ្តា​ប្រទេសជិតខាងនៅក្នុងតំបន់ សំដៅស្វែងរកដំណោះស្រាយដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើន​ល្បឿន​នៃការដឹកជញ្ជូនរបស់កម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធ​រវាងក្រសួង-ស្ថាប័នសមាជិកទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុង​ការគាំទ្រយន្តការ​ការងារអន្តរក្រសួង-ស្ថាប័ន ព្រមទាំងការបើកចំហលំហសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ​ជាមួយ​វិស័យឯកជន ​ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា​ និងបង្កើតកាលានុវត្តភាពថ្មីៗ​ សម្រាប់វិស័យ​ភស្តុភារកម្មជាតិ។

​លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា វិស័យភស្តុភារកម្មជាតិ​ គឺជាសរសៃឈាមសេដ្ឋកិច្ច​ដ៏សំខាន់ ​ហេតុនេះ ​ការបង្កើនសមត្ថភាព ​និង​ការធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យមួយនេះ គឺជា​គន្លឹះយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន ក្នុងការជំរុញទំហំពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញ​ការវិនិយោគពីបរទេស សំដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យ​វែងឆ្ងាយរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនឧត្តមភាពប្រកួតប្រជែងជាតិនៅលើឆាកអន្តរជាតិ និងការ​ប្រែក្លាយ​កម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈការកសាងគ្រឹះសេដ្ឋកិច្ច​ជាតិ​មួយដ៏រឹងមាំ ​និងមានភាពធន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម