សេដ្ឋកិច្ច
ភ្នំពេញនឹងពង្រីកខ្លួន ១០០Km ជុំវិញដូចសំបុកពីងពាង ទឹកដីខ្លះនៃខេត្តទាំងអស់នេះអាចនឹងកាត់ចូលក្រុង
នៅក្នុងឆ្នាំ២០៣៥ ខាងមុខ រាជធានីភ្នំពេញនឹងពង្រីកវិសាលភាពភូមិសាស្ត្រកាន់តែធំ នៅក្នុងទម្រង់ជាកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ដែលជាប៉ូលសេវាកម្មកណ្ដាលមួយក្នុងតំបន់វាលទំនាប ហើយចំនួនប្រជាជនត្រូវបានគេព្យាករណ៍ថាអាចនឹងឡើងដល់ ៦លាននាក់ ផងដែរ។ នេះបើយោងតាម អនុក្រឹត្យ ស្ដីពី «ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីនៅរាជធានីភ្នំពេញឆ្នាំ២០៣៥ ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
បើកំណើនប្រជាសាស្ត្រ និងទីតាំងភូមិសាស្ត្រនៃរាជធានីដែលជាបេះដូងនៃប្រទេសកម្ពុជាយើងនេះ ពង្រីកខ្លួនជុំវិញ ដូចសំបុកពីងពាង ចម្ងាយ ១០០ គីឡូម៉ែត្រជុំវិញដូច្នេះមែន តើផ្នែកណាខ្លះនៃបណ្ដាខេត្តដែលនៅជាប់នៅភ្នំពេញ នឹងត្រូវកាត់ចូលជារាជធានីភ្នំពេញដែរ?

បើតាមទស្សនៈផ្ទាល់ខ្លួនរបស់ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុមួយរូបនៅកម្ពុជា សម្លឹងមើលឃើញថា ប្រសិនបើប្លង់គោលក្រុងពង្រីកខ្លួន ដល់ ១០០ គីឡូម៉ែត្រជុំវិញមែន ច្បាស់ណាស់ថា ទឹកដីខេត្តមួយចំនួននៅជាប់រាជធានភ្នំពេញ នឹងត្រូវកាត់ចូលដីរាជធានីកាន់តែធំជាងមុន ហើយតម្លៃដីធ្លីនៅតំបន់នោះនឹងឡើងថ្លៃជាស្វ័យប្រវត្តិ។
លោក ច្រឹក សុខនីម ព្យាករណ៍ថា៖ «បើពង្រីកដល់ទៅ ១០០គីឡូម៉ែត្រ ក្នុងឆ្នាំ ២០៣៥ នោះផ្នែកខ្លះនៃខេត្តមួយចំនួន ដូចជា ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តតាកែវ ជាដើម នឹងប្រែក្លាយទៅជាភូមិសាស្ត្ររាជធានីភ្នំពេញតែមួយ»។

ការពង្រីកខ្លួនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលជាងមួយទសវត្សរ៍ខាងមុខទៀត ក៏នឹងរួមចំណែកយ៉ាងសកម្មធ្វើឱ្យប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់អចលនវត្ថុនៅតំបន់ទាំងនោះ នឹងទទួលបានផលជាវិជ្ជមាន ជាពិសេសគឺដីធ្លីពួកគាត់នឹងឡើងថ្លៃដោយស្វ័យប្រវត្តិ។ បើយោងទៅតាមកំណើនប្រជាជនក្នុងទីក្រុង កត្តាសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញសព្វថ្ងៃលោក ច្រឹក សុខនីម យល់ស្របថា ភ្នំពេញដាច់ខាតត្រូវតែពង្រីកខ្លួនក្នុងចក្ខុវិស័យដ៏វែងឆ្ងាយនេះជាចាំបាច់។
ដោយឡែក លោក បណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត យល់ឃើញថា៖ «តាមខ្ញុំដឹងកាលពី ៥ឆ្នាំមុន គម្រោងពង្រីករាជធានីភ្នំពេញកំណត់ត្រឹម ៩០០ គីឡូក្រឡា ជុំវិញទេ ឥឡូវអនុក្រឹត្យថ្មី ភូមិសាស្ត្រទីក្រុងនឹងពង្រីកដល់ ១០០គីឡូម៉ែត្រជាទម្រង់កាំរង្វង់ជុំវិញ ក្នុងឆ្នាំ២០៣៥ ប៉ុន្តែតាមការសង្កេតជាក់ស្ដែងរបស់ខ្ញុំ ការពង្រីករាជធានីកន្លងមក គិតទាំងកំណើនប្រជាជន និងការអភិវឌ្ឍ ដូចជាដើរលឿន តែមិនលឿនដូចដែលរំពឹងទុកនោះទេ។ យ៉ាងណាមិញ ចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួង និងរដ្ឋាភិបាល ដាច់ខាតក្រុងភ្នំពេញ ត្រូវតែពង្រីកដូច្នេះហើយ»។

យ៉ាងនេះក្ដី អ្នកជំនាញចាស់វស្សាក្នុងវិស័យអចលនទ្រព្យនៅកម្ពុជារូបនេះ ភ្ជាប់ជាសំនួរមួយថា តើរដ្ឋាភិបាល ពង្រីកវិសាលភាពក្រុងភ្នំពេញឱ្យកាន់តែធំឡើងៗ ដើម្បីគោលដៅអ្វីខ្លះ? ក្នុងន័យនេះ លោកបណ្ឌិត គឹម ហ៊ាង សង្កត់ធ្ងន់ថា ការពង្រីកក្រុង និងអភិវឌ្ឍន៍តំបន់ជាយក្រុង គួរតែត្រូវបានយកចិត្តទុកដាក់ច្រើនជាង ការពង្រីកតែវិសាលភាពក្រុង ដែលជាហេតុធ្វើឱ្យកំណើនប្រជាជនសម្រុកចូលមករស់នៅប្រមូលផ្ដុំកាន់តែច្រើនឡើងៗ។
«បើនៅប្រទេសជឿនលឿន មួយចំនួន យើងឃើញថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់គេ គេរៀបចំនៅតាមតំបន់ប្រជុំជនដែលមានស្រាប់។ អ៊ីចឹងយើងក៏អាចធ្វើបានដូចគ្នា ដូចជារដ្ឋបាលតាមបណ្ដាខេត្តក្រុងមួយចំនួន ក្រៅពីរាជធានីភ្នំពេញ គួរតែគិតគួររៀបចំ ធ្វើឱ្យខេត្តខ្លួននីមួយៗមានភាពទាក់ទាញ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាក់ទាញអ្នកវិនិយោគ បង្កើនការអភិវឌ្ឍបែបពហុវិស័យ ស្របតាមសក្ដានុពលរបស់ខេត្តខ្លួន ដើម្បីកាត់បន្ថយអត្រាពលរដ្ឋចំណាកស្រុកទាំងចូលមកក្រុងភ្នំពេញ និងទៅក្រៅប្រទេសដើម្បីរកការងារជាដើម»។ លោកបណ្ឌិត គឹម ហ៊ាង បន្ថែម។
លោក បណ្ឌិត គឹម ហ៊ាង គាំទ្រចក្ខុវិស័យពង្រីកវិសាលភាពភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងរយៈពេលវែង ប៉ុន្តែលោកក៏ចង់ឃើញ ការអភិវឌ្ឍបែបយុទ្ធសាស្ត្រទឹកភ្លៀង មានន័យថា គ្រប់បណ្ដារាជធានីខេត្តក្រុង ទូទាំងប្រទេស គឺអភិវឌ្ឍន៍ព្រមគ្នាតែម្ដង។
គួរបញ្ជាក់ថា អនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា រាជធានីភ្នំពេញនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួន ហើយក្លាយជាទីក្រុងនៃប៉ូលសេវាកម្មកណ្ដាលសម្រាប់ប្រជាជនចំនួន ៦លាននាក់នៅពេលខាងមុខ ហើយទីក្រុងភ្នំពេញ ក៏នឹងពង្រីកខ្លួនក្នុងកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញផងដែរ៕




-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់