ព័ត៌មានជាតិ
ក្រុមហ៊ុនស្មាត បកស្រាយរឿងហេតុកាត់លេខអតិថិជន រហូតដល់ក្រសួងព្រមាន
នៅមុននេះបន្តិច ក្រុមហ៊ុនបណ្តាញទូរសព្ទស្មាត បានចេញសេចក្តីជូនដំណឹងបំភ្លឺ ក្រោយពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញការព្រមានក្រោយមានឧបទ្ទវហេតុកាត់លេខអតិថិជនខុសគោលការណ៍។
មុននេះជាងមួយម៉ោង ក្រុមហ៊ុនបណ្តាញទូរសព្ទឈានមុខគេមួយនេះបានធ្វើការបញ្ជាក់ថា ក្រោយឧប្បត្តិហេតុកើតឡើងកាលពីថ្ងៃ ទី ២៩ ខែឧសភា ឆ្នាំ ២០២១ ក្រុមហ៊ុនបានចាត់វិធានការភ្លាមៗ ដើម្បីកែតម្រូវចំពោះបញ្ហានេះ។ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីទទួលបានពាក្យបណ្ដឹង លេខទូរសព្ទដែលជាកម្មវត្ថុនៃពាក្យបណ្តឹង ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន នៅមុនពេលធ្វើការប្រគល់ត្រលប់ជូនទៅម្ចាស់កម្មសិទ្ធិស្របច្បាប់វិញ។

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុន Smart បានពិភាក្សានិងផ្តល់ព័ត៌មានលំអិតអំពីករណីនេះទៅនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានទទួលពាក្យបណ្តឹងពីអតិថិជន។ ក្រុមហ៊ុនបានទាក់ទងជាមួយអតិថិជនដែលរងការប៉ះពាល់ និងស្នើផ្តល់ជាដំណោះស្រាយ ក៏ប៉ុន្តែសំណើនោះត្រូវបានបដិសេធ។ ក្រុមហ៊ុនក៏នៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដ៏សមស្របមួយ។
យោងតាមការត្រួតពិនិត្យផ្ទៃក្នុង ក្រុមហ៊ុនបានរកឃើញកំហុសរបស់បុគ្គលិកមួយរូប ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ ត្រូវបានព្យួរពីការងារ និងទទួលទណ្ឌកម្មវិន័យ យោងទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនមិនលើកលែងចំពោះសកម្មភាព ដែលផ្ទុយពីតុណតម្លៃគោលការណ៍ ឬនីតិវិធី របស់ក្រុមហ៊ុនដែលទាំងអស់នេះត្រូវបានរៀបចំឡើង ដើម្បីធានាថាអតិថិជនទទួលបាននូវសេវាកម្មមួយដ៏ល្អ អាចទុកចិត្តបាន។
ក្នុងនាមក្រុមហ៊ុន ដែលបានប្តេជ្ញាផ្តល់តម្លៃលើភាពស្មោះត្រង់ សមធម៌ និងគោរពសិទ្ធិអ្នកប្រើប្រាស់ ក្រុមហ៊ុនមិនគាំទ្រជាដាច់ខាត ចំពោះទង្វើរបស់បុគ្គលិករូបនេះ និងសូមបញ្ជាក់ជាសាធារណៈថា បុគ្គលិករូបនោះពិតជាបានប្រព្រឹត្តផ្ទុយស្រឡះពីការទទួលខុសត្រូវ ស្របទៅតាមស្តង់ដារក្រមសីលធម៌ វិជ្ជាជីវៈរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏ពង្រឹងនីតិវិធីផ្ទៃក្នុង ហើយបានដាក់ចេញនូវវិធានការបន្ថែមនានា ដើម្បីធានាមិនឱ្យឧប្បត្តិហេតុដដែលនេះ កើតឡើងសារជាថ្មីទៀតឡើយ។
យោងទៅលើគោលការណ៍ និងនីតិវិធីប្រតិបត្តិរបស់ក្រុមហ៊ុន បុគ្គលិកទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យលក់ ឬផ្ទេរសិទ្ធិកម្មសិទ្ធិលេខទូរស័ព្ទណាមួយដែលកំពុងដំណើរការទៅឱ្យអតិថិជនថ្មី ដោយគ្មានវត្តមាននិងការយល់ព្រមដោយជាក់លាក់ពីអតិថិជនចាស់ និងអតិថិជនថ្មីឡើយ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រុមហ៊ុនSmart សូមធ្វើការអភ័យទោសដោយសុទ្ធចិត្តចំពោះអតិថិជន ដែលទទួលរងការប៉ះពាល់ពីបញ្ហាដែលបានកើតឡើងនេះ។ ក្រុមហ៊ុនក៏សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយ និងសំណងសមស្របមួយជូនដល់អតិថិជន ដែលទទួលរងការប៉ះពាល់នេះ។
ក្រុមហ៊ុនមានការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់បុគ្គលិករូបនេះ និងចំពោះឧប្បត្តិហេតុមួយនេះ ហើយក្រុមហ៊ុននឹងបន្តផ្តល់ជូននូវសេវាកម្មល្អបំផុត ដែលអាចធ្វើទៅបានដល់អតិថិជន ដោយរក្សាតម្លាភាពចំពោះចំណាត់ការក្រុមហ៊ុនដែលកំពុងធ្វើ។
យ៉ាងណាមិញ ក្រុមហ៊ុនសូមធ្វើការបញ្ជាក់ជាថ្មីថា ស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់លេខទូរស័ព្ទ Prepaid ដែលមាននៅលើគេហទំព័រ https://www.smart.com.kh/terms-and-conditions រាល់លេខទូរស័ព្ទ Prepaid ដែលត្រូវបានលក់ជូនទៅអ្នកប្រើប្រាស់ អាចនៅជាកម្មសិទ្ធិក្នុងរយៈពេល ៩០ ថ្ងៃ ចាប់ពីថ្ងៃចុងក្រោយនៃការបញ្ចូលលុយ។ បន្ទាប់ពីរយៈពេល ៩០ ថ្ងៃកន្លងផុត ក្រុមហ៊ុន Smart មានសិទ្ធិបញ្ឈប់ការប្រើប្រាស់លេខទូរស័ព្ទ Prepaid ហើយលក់លេខនេះទៅអតិថិជនថ្មីទៀត។ ដើម្បីជាការក្រើនរំលឹកមុនរយៈពេល ៩០ ថ្ងៃមកដល់ ក្រុមហ៊ុនតែងតែជូនដំណឹងដល់អ្នកប្រើប្រាស់តាមរយៈសារ (SMS) ជាច្រើនលើកផងដែរថា «លេខទូរស័ព្ទនឹងត្រូវធ្វើការដាក់លក់ឡើងវិញ ប្រសិនបើមិនបានធ្វើការបញ្ចូលលុយតាមកាលកំណត់»។

គួរបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ បានរកឃើញ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធី ក្នុងការកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។
ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តម្រូវឲ្យក្រុមហ៊ុនស្មាត ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន និងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុន ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើម ចំពោះការប្រព្រឹត្តខុសនឹងនីតិវិធី ក្នុងការបិទលេខទូរសព្ទពីអតិថិជនដែលកំពុងប្រើប្រាស់ និងត្រូវបើកលេខឲ្យម្ចាស់ដើមមានសិទ្ធិទទួលគ្រប់គ្រងវិញ។
បន្ថែមពីនេះ ក្រសួងក៏ណែនាំឲ្យក្រុមហ៊ុនត្រូវវែកមុខរកបុគ្គលដែលពាក់ព័ន្ធ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?