សេដ្ឋកិច្ច
សហគ្រិន ៣រូប ប្រាប់បទពិសោធន៍ជ្រោងម៉ាកយីហោក្នុងស្រុកកុំឱ្យដួលក្នុងសមរភូមិកូវីដ
ឥទ្ធិពលរបស់កូវីដគិតមកទល់ពាក់កណ្ដាលឆ្នាំ២០២១នេះ មិនទាន់មានសញ្ញាថាថមថយឡើយ មិនថានៅប្រទេសកម្ពុជា ក្នុងតំបន់អាស៊ាន ឬសកលលោកទេ។ កត្តានេះ បានរុញឱ្យម្ចាស់អាជីវកម្ម សហគ្រិនទាំងឡាយ ដែលកំពុងកាន់កាប់មុខរបរ និងជំនួញនៅក្នុងដៃ ប្រឹងប្រែងជំនះឥទ្ធិពលដ៏អាក្រក់នៃជំងឺកូវីដ១៩ លៃយ៉ាងណាទាញ អាជីវកម្មរបស់ខ្លួនឱ្យបន្តនិរន្តរភាពមួយដង្ហើមទៀត ទម្រាំកូវីដនឹងសាបរលាបនៅថ្ងៃណាមួយ។
ថ្ងៃនេះ កម្ពុជាថ្មី សូមចែករំលែកបន្តនូវបទពិសោធន៍របស់សហគ្រិនឆ្នើមចំនួន ៣រូប ដែលពួកគាត់ បាននឹងកំពុងបន្តរៀបចំយុទ្ធសាស្ត្រ និងប្រើគ្រប់មធ្យោបាយ ដើម្បីរក្សាម៉ាកយីយោក្នុងស្រុករបស់ខ្លួនឱ្យនៅតែអាចបន្តឈរជើងបាន ក្នុងស្ថានភាពដ៏លំបាកបំផុតនេះ។
១. ឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទ
ឧកញ៉ា ហ៊ួត ជា បានប្រាប់ឱ្យដឹងថា៖ ឥទ្ធិពលដ៏អាក្រក់របស់កូវីដ បានធ្វើឱ្យទីផ្សាររបស់អាជីវកម្មតូចធំ សឹងគ្រប់ប្រភេទទាំងអស់ជាប់គាំង។ កាលណាទីផ្សារគាំង នឹងធ្វើឱ្យប៉ះពាល់បញ្ហាហិរញ្ញវត្ថុ ដោយបាត់បង់ចំណូល ហើយជំហ៊ានបន្ទាប់ គឺប្រឈមមុខនឹងការបិទទ្វារ បុគ្គលិកបាត់បង់ការងារ ម្ចាស់អាជីវកម្មខាតបង់សព្វបែបយ៉ាង។
សម្រាប់លោក «ការព្យាករណ៍ទុកមុន ពីផលប៉ះពាល់នៃឥទ្ធិពលកូវីដមកលើអាជីវកម្ម គឺជារឿងចាំបាច់បំផុត ដែលសហគ្រិន និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវមានភាពវៃឆ្លាតត្រៀមខ្លួនទុកជាមុនឱ្យបានដាច់ខាត»។ ក្នុងន័យនេះ ម្ចាស់ម៉ាកយីយោ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទរូបនេះ បញ្ជាក់ថា សម្រាប់លោក ជាទស្សនៈផ្ទាល់ខ្លួន លោកបានព្យាករណ៍ថា យ៉ាងហោចណាស់ ស្ថានភាពកូវីដនៅកម្ពុជាអាចនឹងបន្តជះឥទ្ធិពលអាក្រក់ ៣ឆ្នាំ ឥឡូវឃើញថា វាកំពុងកើតឡើងចូលជិត ២ ឆ្នាំហើយ។
សហគ្រិនរូបនេះ ពន្យល់បន្ថែមថា៖ «សម្រាប់អាជីវកម្មខាងផ្គត់ផ្គង់គ្រឿងសំណង់ និងអចលនទ្រព្យរបស់ខ្ញុំ រងផលប៉ះពាល់ខ្លះដែរ អាចថា ត្រឹម ៣០ ទៅ៤០ភាគរយប៉ុណ្ណោះ តែមិនប៉ះពាល់ខ្លាំងពេកនោះទេ ព្រោះជាទូទៅការសាងសង់ លំនៅឋាន ឬសំណង់ផ្សេងៗ មិនអាចបញ្ចប់ត្រឹមរយៈពេលខ្លី ១ខែ ២ខែ ឬត្រឹម ៥ខែនោះទេ ពោលគឺពួកគាត់នឹងបន្តទិញវត្ថុធាតុដើមសាងសង់ជាបន្តបន្ទាប់ ទោះកំពុងស្ថិតក្នុងស្ថានភាពកូវីដរាតត្បាតក៏ដោយ»។
ឧកញ៉ា ហ៊ួត ជា ប្រាប់ទៀតថា សម្រាប់លោក ប្រឈមនឹងបញ្ហាលំបាក ដោយសារកូវីដកន្លងមក ក្រៅពីរៀបចំយុទ្ធសាស្ត្រទីផ្សារអាជីវកម្មឱ្យត្រូវនឹងបរិបទតាមបែបផែនគន្លងថ្មីនេះ លោកក៏បានងាកទៅបង្កើតមុខរបរថ្មីៗបន្ថែមទៀត ដើម្បីទប់ទល់នឹងមុខរបរមួយចំនួន ដែលកំពុងរងផលប៉ះពាល់នេះ។
២. ស្ថាបនិកប្រេនក្នុងស្រុក «ម៉ូបាលកាហ្វេ » លោក យ៉ែម ឈីម
ជាសហគ្រិន និងជាស្ថាបនិកបង្កើតម៉ាកយីហោកាហ្វេក្នុងស្រុកតាំងពីលក់តាមរទះរុញចល័ត ក្នុងឆ្នាំ២០១៤ រហូតដល់ពង្រីកសាខាហាងកាហ្វេហាង «ម៉ូបាលកាហ្វេ» ជាច្រើនសាខាក្នុងរាជធានីភ្នំពេញ រហូតមកដល់សព្វថ្ងៃ លោក យ៉ែម ឈីម បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា៖ បើនិយាយពីផលប៉ះពាល់ដោយសារឥទ្ធិពលកូវីដ១៩ លើមុខរបរប្រភេទភេសជ្ជៈនេះ មិនថាម៉ាកយីហោក្នុងស្រុក ឬប្រេនៗក្រៅស្រុកទេ សុទ្ធតែប៉ះពាល់ ហើយសឹងតែឈរជើងលែងបានបន្តទៀតផង។
លោក យ៉ែម ឈីម លើកឡើងថា៖ ជាក់ស្ដែងក្នុងស្ថានភាពកូវីដកំពុងរាតត្បាតនេះ គ្មានវិស័យណា ដែលថាមិនរងផលប៉ះពាល់ទេ គ្រាន់តែថា មានវិស័យមួយចំនួនតូច រងផលប៉ះពាល់តិចតួច។ លោកថា យើងមើលឃើញជាក់ស្ដែងថា ក្នុងបរិបទកូវីដនេះ ប្រភេទអាជីវកម្មទាក់ទងនឹងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ហាក់រងផលប៉ះពាល់តិចជាងគេបន្តិច ត្បិតអំឡុងពេលកូវីដនេះ អាជីវកម្មនេះ នៅតែជាតម្រូវការសម្រាប់បងប្អូនប្រជាពលរដ្ឋយើងជាចាំបាច់។
លោក សង្កត់ធ្ងន់ថា៖ កត្តាអំណោយផលបែបនេះហើយ ទើបហាងកាហ្វេ ម៉ូបាលកាហ្វេ(Mobile Coffee) របស់លោកអាចបន្តនិរន្តរភាពរហូតមកដល់សព្វថ្ងៃ។ គួរបញ្ជាក់ថា ហាងកាហ្វេ ម៉ូបាលកាហ្វេ របស់សហគ្រិនវ័យក្មេងរូបនេះ ទោះស្ថិតក្នុងស្ថានភាពកូវីដធ្វើឱ្យអាជីវកម្មរបស់លោកស្ងាត់ភ្ញៀវបន្តិច ប៉ុន្តែគេសង្កេតឃើញថា ម៉ាកយីហោកាហ្វេក្នុងស្រុកមួយនៅ បន្តពង្រីកសាខាជាបន្តបន្ទាប់ និងបានផ្ដល់ការងារជាច្រើនកន្លែងដល់យុវជនខ្មែរថែមទៀតផង។
៣. ថៅកែលក់បោះដុំត្រីសាលម៉ុន លោក ម៉ៅ វុត្ថា
ជួបជាមួយសហគ្រិនជើងចាស់ និងជាអ្នកប្រឡូកក្នុងវិស័យនាំចូលត្រីសាលម៉ុនពីបរទេស មកលក់ក្នុងទីផ្សារក្នុងស្រុក លោក ម៉ៅ វត្ថា ប្រាប់ឱ្យដឹងថា៖ ចំពោះអាជីវកម្មលក់ត្រីសាលម៉ុនក្នុងស្រុកយើង អំឡុងពេលកូវីដនេះ រងផលប៉ះពាល់ដូចគ្នាដែរ។ លោកថា អត្រានៃការលក់របស់ក្រុមហ៊ុនលោក ថយចុះលើសពី ៥០ភាគរយ បើធៀបនឹងកាលពីមិនទាន់មានបញ្ហាកូវីដរាតត្បាត។
«កាលពីមុនក្រុមហ៊ុនលោក អាចលក់ត្រីសាលម៉ុនស្រស់នាំចូលពីប្រទេសណរវ៉ែសបានដល់ ៥តោន ក្នុងមួយសប្តាហ៍ តែឥឡូវមិនសូវដាច់ខ្លាំងដូចមុនទេ ពោលក្នុងមួយសប្តាហ៍លក់ចេញបានក្រោម ២តោន ឬជាង ១០០ កេះ ប៉ុណ្ណោះ»។ លោក ម៉ៅ វត្ថា បញ្ជាក់។
យ៉ាងណាមិញ សហគ្រិនបើកក្រុមហ៊ុននាំចូលត្រីសាលម៉ុនស្រស់ពីប្រទេសណរវ៉េស និងអូស្ត្រាលី មកលក់នៅកម្ពុជា តាំងពីឆ្នាំ២០១១ រូបនេះពន្យល់ថា៖ កត្តាលក់ត្រីសាលម៉ុនរបស់លោកធ្លាក់ចុះ មិនមែនមកពីកត្តាទីផ្សារខ្វះអ្នកទិញនាអំឡុងពេលកូវីដនេះទេ ត្បិតតម្រូវការសាច់ត្រីសាលម៉ុននៅតែពេញនិយម សម្រាប់ប្រជាជនយើង។ លោក ម៉ៅ វត្ថា លើកឡើងថា៖
ទី១ ដោយសារ បច្ចុប្បន្ន មានក្រុមហ៊ុននាំចូលត្រីសាលម៉ុនមកលក់នៅប្រទេសកម្ពុជាច្រើនគួរសម ហើយតម្លៃក៏ប្រកួតប្រជែងគ្នាទៅតាមនោះដែរ។
ទី២ កត្តាដឹកជញ្ជូន ដោយសារវិបត្តិកូវីដ ដូច្នេះជើងយន្តហោះដឹកជញ្ជូននៅកម្ពុជាក៏មិនសូវមានច្រើនដូចពីមុន ទន្ទឹមគ្នានោះ ក៏មានខ្លះដែរ ករណីឈ្មួញខ្លះ គាត់លេងផ្លូវកាត់ ទិញត្រីសាលម៉ុន និងដឹកជញ្ជូនចូលកម្ពុជាបន្តពីប្រទេសជិតខាងយើង ក៏ធ្វើឱ្យតម្លៃលើទីផ្សារមានការប្រកួតប្រជែងខ្លាំងដែរ។
ទី៣ កត្តាអនុគ្រោះពន្ធ នៅមានកម្រិត៖ លោក ម៉ៅ វុត្ថា បញ្ជាក់ថាបើធៀបកាលពីមុន អត្រាពន្ធនាំចូលលើមុខទំនិញត្រីសាលម៉ុនស្រស់នេះ រដ្ឋយកត្រឹមតែ ៣៥ភាគរយ ទេ ឥឡូវដោយសារស្ថានភាពកូវីដរដ្ឋមានការយោគយល់ យកចន្លោះពី ១៥ ទៅ ២៥ភាគរយទេ តែបើបូកថ្លៃពន្ធ VAT ១០ ភាគរយ បន្ថែមទៀត លោកថា នៅតែអស់ថ្លៃពន្ធនាំចូលនេះខ្ពស់ បើធៀបជាមួយប្រទេសជិតខាងយើង។
សរុបរួមមកវិញ បើផ្អែកលើការចែករំលែកបទពិសោធន៍គ្រប់គ្រងអាជីវកម្ម និងមុខរបរ របស់សហគ្រិនខ្មែរទាំង ៣រូបខាងលើ ឃើញថា សុទ្ធតែទទួលរងនូវឥទ្ធិពលមិនល្អពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងប្រទេសកម្ពុជា និងសកលលោក។ គន្លឹះនៃការរកច្រកចេញ គឺការព្យាករណ៍ និងត្រៀមខ្លួនទុកជាមុន ពីផលប៉ះពាល់ រយៈពេលខ្លី និងរយៈពេលវែង មានភាពបត់បែន បង្កើតឱ្យចំនូវអាជីវកម្មប្រភេទណា ដែលចំតម្រូវការទីផ្សារក្នុងស្ថានភាពនេះ និងបង្កើនការប្រកួតប្រជែង ផ្ដល់ភាពងាយស្រួលលើផ្នែកសេវាកម្មរបស់ខ្លួន នោះសហគ្រិនទាំងឡាយ នឹងអាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នា៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?