សេដ្ឋកិច្ច
បទយកការណ៍៖ “តម្លៃស្រូវប្រសើរឡើង ខណៈកំពុងពេញប្រមូលផល”
ខេត្តត្បូងឃ្មុំ៖ ប្រជាកសិករខេត្តត្បូងឃ្មុំក៏ដូចជាបងប្អូនប្រជាកសិករនៅតាមបណ្តាខេត្តជាច្រើនជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដូចជាខេត្ត ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ ជាដើមបានសម្ដែងការរីករាយឡើងវិញបន្តិច បន្ទាប់ពីតម្លៃស្រូវប្រសើរឡើងវិញ ខណៈការប្រមូលផលស្រូវពេញបន្ទុក និងមានការបញ្ជាទិញច្រើន។ ទីផ្សារស្រូវនៅពេលនេះមានទាំងក្នុងស្រុក និងនាំចេញទៅប្រទេសវៀតណាម។

កសិករវ័យប្រមាណជាង៤០ឆ្នាំ រស់នៅក្នុងភូមិសំស្នេហ៍ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងច្រូតស្រូវរបស់ខ្លួននៅក្នុងស្រែក្នុងទឹកមុខញញឹមរីករាយបានថ្លែងថា គាត់មានសេចក្ដីសប្បាយចិត្តណាស់ដោយប្រមូលផលស្រូវចំពេលដែលស្រូវមានតម្លៃល្អប្រសើរ។ អ្នកស្រី រស់ សឿន បានថ្លែងទៀតថា គ្រួសារអ្នកស្រីបានដាំស្រូវពូជ OM៥៤៥១ លើផ្ទៃដីប្រមាណជាកន្លះហិចតាទទួលផលបាន ៤៦បេ ប្រមាណ ៣,៤៥០ គីឡូក្រាមហើយលក់បានតម្លៃ ៧៦០រៀលក្នុង១គីឡូក្រាម។
ប្រជាកសិករនៅក្នុងឃុំដំរិល ស្រុកអូររាំងឪ បានដាំស្រូវបង្កើនរដូវប្រមាណ ១,៩០០ហិកតា ដែលមកដល់ពេលនេះប្រមូលផលអស់ជាង ៧០%ហើយ។ បងប្អូនកសិករប្រមូលផលស្រូវរបស់ខ្លួនដោយជួលគ្រឿងចក្រ ហើយអ្នកខ្លះច្រូតកាត់ដោយខ្លួនឯង។ តម្លៃច្រូតកាត់ដោយម៉ាស៊ីនតម្លៃ ២៥០,០០០រៀល ក្នុង១ហិចតា។ បន្ទាប់ពីច្រូតស្រូវរួចរាល់ កសិករនៅទីនេះមួយចំនួនបន្តដាំស្រូវស្រាល និងមួយចំនួនដាំស្រូវកណ្តាលប្រភេទផ្ការំដួល។ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្មដំណាំស្រូវជាសំខាន់។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅដើមរដូវវស្សាឆ្នាំ២០២១នេះ ខេត្តត្បូងឃ្មុំមានដាំដុះស្រូវបង្កើនរដូវ (ស្រូវស្រាល) ដើមរដូវវស្សាលើផ្ទៃដី ៩,៤០៥ហិកតា ដោយភាគច្រើនប្រើពូជ OM៤៩ និង OM៥៤៥១ ដែលមកដល់បច្ចុប្បន្នប្រមូលផលបាន ៥,៤៤០ហិកតា មានទិន្នផលជាមធ្យម ៤,២៤ តោនក្នុង១ហិកតា។
លោក ហេង ពិសិដ្ឋ បានឱ្យដឹងទៀតថា នៅដើមរដូវប្រមូលផល តម្លៃស្រូវទាបបន្តិច ហើយក៏ពិបាករកអ្នកទិញដែរដោយសារការប្រមូលផលនៅមានបរិមាណតិច ហើយអ្នកបញ្ជាទិញក៏នៅស្ទាក់ស្ទើរក្នុងការទិញដែរ។ មកដល់ពេលនេះការប្រមូលផលពេញបន្ទុក ហើយអ្នកបញ្ជាទិញក៏មានផែនការទិញច្បាស់លាស់។ ដោយកត្តានេះហើយ មន្ទីរតែងតែផ្សព្វផ្សាយណែនាំ និងសម្របសម្រួលកសិករឱ្យចេះចងក្រងជាបណ្តុំជាសហគមន៍កសិកម្ម ហើយរៀបចំផែនការផលិតត្រឹមត្រូវ។ លោកបានបន្តទៀតថា ទីផ្សារពេលនេះមានទាំងក្នុងខេត្ត និងនាំចេញទៅប្រទេសវៀតណាម។ តម្លៃពេលនេះមានពី ៧៦០រៀល ទៅ ៨០០រៀល ក្នុង១គីឡូក្រាម។
គួររំលឹកថាកាលពីសប្តាហ៍មុនតម្លៃស្រូវនៅប្រទេសកម្ពុជាត្រូវបានគេរាយការណ៍ថាបានធ្លាក់ថ្លៃនៅសល់ត្រឹមតែ១គីឡ ៦០០រៀល ទៅជាង៧០០រៀល។ ការធ្លាក់ចុះតម្លៃនេះបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់បម្រាមក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាមរយៈពេលមួយខែ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។

ប្រជាកសិករមួយចំនួននៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានថ្លែងប្រាប់សារព័ត៌មានថា ចាប់តាំងពីកម្ពុជាបិទព្រំដែនជាមួយប្រទេសវៀតណាមមក តម្លៃស្រូវធ្លាក់ចុះត្រឹមតែ១គីឡូ ៦០០រៀល ទៅ៧០០រៀល។ ការធ្លាក់ថ្លៃនេះធ្វើឡើងស្របពេលដែលប្រជាកសិករខ្មែរកំពុងប្រមូលផងស្រូវ។ តម្លៃស្រូវធ្លាក់ថ្លៃតែតម្លៃប្រេងសាំង ជី និងថ្នាំគ្រប់ប្រភេទបែរជាឡើងថ្លៃ ធ្វើឱ្យប៉ះពាល់ដល់មុខរបរធ្វើស្រែរបស់ប្រជាកសិករដោយធ្វើស្រែហើយតែផ្ទុយទៅវិញលក់ចេញមិនចំណេញ ធ្វើឱ្យខាតបង់ទាំងកម្លាំកាយ និងត្រូវជំពាក់បំណុលធនាគារបន្ថែមទៀត ដែលបញ្ហានេះធ្វើឱ្យពួកអស់កម្លាំងចិត្តបន្តមុខរបរធ្វើស្រែ។
លោក លន់ យ៉េង អគ្គលេខាធិការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់បានប្រាប់សារព័ត៌មានថា បើទោះបីមានការបិទព្រំដែនជាមួយវៀតណាម កម្ពុជានៅតែបន្តការដឹកជញ្ជូនស្រូវទៅទីផ្សារក្នុងតំបន់ដូចជាប្រទេសវៀតណាម ថៃជាដើម បើទោះបីជាការចេញ-ចូលនៅតាមច្រកព្រំដែនទាំងនេះត្រូវបានបិទ និងខ្លះទៀតមានការរឹតបន្តឹងខ្លះក៏ដោយ។ ជារួមក្នុង១ថ្ងៃកម្ពុជានាំចេញស្រូវទៅវៀតណាមចន្លោះពី ៨,០០០ ទៅ១២,០០០តោន។ ចំពោះការដឹកទៅវៀតណាមគឺមិនមានការបិទផ្លូវទេ គ្រាន់តែមានវិធានការរឹតបន្តឹងជាងមុនទាំងសងខាង។ មានន័យថាការដឹកទំនិញគឺត្រូវបានអនុញ្ញាតឱ្យដឹកចេញ-ចូលតាមធម្មតា ប៉ុន្តែវិធានការណ៍សុវត្ថិភាពមានការរឹតបន្តឹងជាងមុន និងមានច្រកចេញ-ចូលតិចជាងមុន។ កត្តាទាំងនេះធ្វើឱ្យដំណើរការនៃការដឹកជញ្ជូនស្រូវមានការយឺតយ៉ាវជាងមុនបន្តិច ដូចនេះកម្ពុជាមិនមានការកកស្ទះនៃការដឹកជញ្ជូនស្រូវទៅទីផ្សារក្នុងតំបន់ទេ គ្រាន់តែមិនសូវទទួលបានតម្លៃខ្ពស់ដូចមុន។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងទទួលស្គាល់ថាការបិទព្រំដែនវាបានបង្ករការលំបាកដល់ការដឹកទំនិញឆ្លងដែន ជាពិសេសស្រូវ ដែលធ្វើឱ្យការប្រមូលទិញស្រូវនៅកម្ពុជាជួបផលលំបាកដោយសារប្រជាជនលក់ស្រូវសើម ធ្វើឱ្យស្រូវមិនអាចទុកបានយូរហើយក្រុមឈ្មួញត្រូវការចំណាយបន្ថែមលើពលកម្មហាលស្រូវ និងការគ្រប់គ្រងមួយចំនួន។
ទោះបីយ៉ាងណារដ្ឋមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងថា បញ្ហានេះក្រសួងកសិកម្មបានរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានរាយការណ៍ជូនក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចអំពីបញ្ហានេះ ព្រោះក្រសួងពាណិជ្ជកម្មទទួលបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច ជាពិសេសរាជរដ្ឋាភិបាលដើម្បីទទួលបានថវិកាបង្កើតឃ្លាំងឡសំងួតស្រូវ។ ចំណែកក្រសួងកសិកម្មមានដៃទទេមិនអាចអន្តរាគមន៍តម្លៃស្រូវធ្លាក់ថ្លៃបានទេ មានតែក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្មប៉ុណ្ណោះដែលអាចជួយបាន។

គួរបញ្ជាក់ជូនថា តម្លៃស្រូវដែលប្រជាកសិករលក់ឆ្នាំមុនបានថ្លៃជាងឆ្នាំនេះ។ នៅចុងឆ្នាំ២០២០ដល់ដើមឆ្នាំ២០២១ ស្រូវមួយគីឡូក្រាមមានតម្លៃចន្លោះពី ៩៥០រៀល ទៅ១០៥០រៀល ប៉ុន្តែបច្ចុប្បន្នចុះនៅចន្លោះពី៧០០រៀល ទៅ៧១០រៀលក្នុងមួយគីឡូ ហើយតម្លៃទាំងនេះជាតម្លៃស្រូវដែលទិញផ្ទាល់នៅវាលស្រែ។ បើសិនជាតម្លៃស្រូវដែលទិញពីរោងម៉ាស៊ីនជាទូទៅ ត្រូវបូកបន្ថែមពី ៨០រៀល ទៅ១២០រៀលទៀតក្នុងមួយគីឡូក្រាម និងបើដល់ព្រំដែនត្រូវបូកបន្ថែមប្រមាណជា១៥០រៀលទៀត៕
អត្ថបទ៖ ណារី



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?