សេដ្ឋកិច្ច
មិនគួរឱ្យជឿ មៀនប៉ៃលិនកែវ ផលិតមិនទាន់តម្រូវការទីផ្សារ
ដោយសារបញ្ហាកូវីដ និងការបិទព្រំដែន ដែលមិនអាចនាំយកមៀនប៉ៃលិនទៅលក់នៅប្រទេសថៃបាន នាំក្រុមហ៊ុន ណាវីតា ហ៊ែលស៊ីហ្វូដ&បេវើរីច ឯ.ក (Navita Healthy Food & Beverages Co., LTD) សម្រេចចិត្តផលិត មៀនប៉ៃលិកដាក់កែវ ឬហៅថា មៀនកែវ។ ស្ថាបនិកក្រុមហ៊ុននេះ បានឱ្យដឹងថា បច្ចុប្បន្ន ក្នុង១ថ្ងៃក្រុមហ៊ុនប្រើមៀនប៉ៃលិនពី១តោន ទៅ១តោនកន្លះ ដើម្បីផលិតមៀនក្នុងកែវ ប៉ុន្តែនៅតែមិនអាចឆ្លើយតបទៅនឹងតម្រូវការអតិថិជនបាន។ ដូចនេះក្រុមហ៊ុននឹងគ្រោងពង្រីកការផលិតឱ្យបាន២តោនក្នុងមួយថ្ងៃ។

លោក អ៊ុយ ចេងហេង ស្ថាបនិក ក្រុមហ៊ុន ណាវីតា ហ៊ែលស៊ីហ្វូដ&បេវើរីច ឯ.ក (Navita Healthy Food & Beverages Co., LTD) បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា បច្ចុប្បន្នមានការគាំទ្រច្រើនមែនទែនពីប្រជាពលរដ្ឋ មានអតិថិជនខ្លះបានបញ្ជាក់ទិញជាច្រើនដងបន្តបន្ទាប់ ដោយសារពួកគាត់ពេញចិត្តរសជាតិមៀនកែវកម្ពុជា ដែលលោកអាចនិយាយថា មៀនក្នុងកែវកម្ពុជាមានរសជាតិឆ្ងាញជាងផលិតផលនាំចូល ហើយជាតិផ្អែមក្នុងកែវ គឺកំហាប់ស្ករទាបជាងផលិតផលនាំចូលឆ្ងាយ គឺរសជាតិឆ្ងាញតាមបែបធម្មជាតិ។
លោក អ៊ុយ ចេងហេង បានបន្តទៀតថា៖ “អ៊ីចឹងទេ ការផលិតបានប៉ុន្មាន គឺយើងបោះលក់ជូនភ្ញៀវទាំងអស់។ រាល់ថ្ងៃការគាំទ្ររបស់ពួកគាត់ច្រើនពេក រហូតយើងផលិតលក់ជូនគាត់លែងទាន់ ហើយយើងក៏ប្រកាសជ្រើសរើសបុគ្គលិកបន្ថែម ក៏ដូចជាប្រកាសបញ្ជាទិញមៀនប៉ៃលិនឱ្យបានច្រើនដើម្បីឆ្លើយតបតាមតម្រូវការ និងផលិតឱ្យលឿនតាមការបញ្ជាទិញរបស់អតិថិជន”។

ស្ថាបនិក ក្រុមហ៊ុន ណាវីតា ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក វិស្វកម្មឧស្សាហកម្ម មកពីសាកលវិទ្យាល័យ ម៉ាហិដុន (Mahidol University) ប្រទេសថៃ រូបនេះបានឱ្យដឹងបន្តថា ជាក់ស្ដែងក្រុមហ៊ុនក៏មានចម្ការមៀនប៉ៃលិនខ្លួនឯងដែរ ប៉ុន្តែមិនទាន់អាចប្រមូលផល គឺទាល់តែ៣ខែទៀត។ ដូច្នេះបច្ចុប្បន្នក្រុមហ៊ុនសហគ្រាសបានបញ្ជាទិញពីប្រជាកសិករនៅស្រុកម៉ាឡៃ ស្រុករតនមណ្ឌល និងស្រុកសំឡូត។
លោក អ៊ុយ ចេងហេង បានបញ្ជាក់ថា៖ “ក្នុង១ថ្ងៃយើងអាចផលិតបានចំនួនពី ១,៥០០ ទៅ ២,០០០កែវ ក្នុង១កែងចំណុះ ៥០០ មិល្លីលីត្រ ដែលមានសាច់មៀនក្នុងហ្នឹងទម្ងន់ ២២៥ក្រាម តម្លៃ ១២,០០០រៀល ឬ ៣ដុល្លារ។ បច្ចុប្បន្នយើងមានចុះសហការជាដៃគូគ្នាជាមួយផ្សារ អាល្លឺម៉ង់ នៅទួលទំពូង ផ្សារកសិកសុខភាព នៅផ្សារថ្មី ម៉ាតស្នាដៃម៉ែ នៅព្រែកលាភ និងផ្សារតាមបណ្ដាខេត្តមួយចំនួនទៀត”។

ស្ថាបនិកវ័យ២៨ឆ្នាំរូបនេះបន្តឱ្យដឹងទៀតថា៖ “យើងមានគម្រោងសិក្សាដាក់ផលិផលរបស់ខ្លួនទៅក្នុងផ្សារទំនើបធំៗដូចជាផ្សារ អ៊ីអន ឡាក់គី ម៉ាក្រូ និងផ្សារជីប ម៉ុង ជាដើមនៅចុងឆ្នាំនេះ។ យើងអត់ទាន់សិក្សាក្នុងការនាំមៀនប៉ៃលិនក្នុងកែវចេញទៅទីផ្សារក្រៅប្រទេសទេ បច្ចុប្បន្នយើងមានការគាំទ្រពីប្រជាពលរដ្ឋក្នុងស្រុកតែម្ដង”។
គួរបញ្ជាក់ថា សហគ្រាសកែច្នៃផ្លែឈើ ណាវីតា ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ទំហំអគារ ២៥០ម៉ែត្រការ៉េ ចំនួនបុគ្គលិកទាំងអស់១៥នាក់ មានផលិតដំណាប់ស្វាយ ស្រកានាគ និងដំណាប់ម្នាស់។ ប៉ុន្តែបច្ចុប្បន្នបុគ្គលិកទាំងអស់ ផលិតតែមៀនក្នុងកែតែប៉ុណ្ណោះ៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង