Connect with us

ព័ត៌មានជាតិ

ពាណិជ្ជករឆ្លងដែន អាចទាញប្រយោជន៍ពី ប្រព័ន្ធ ACTS សម្រាប់ការត្រួតពិនិត្យទំនិញឆ្លងកាត់ គយ

បានផុស

នៅ

ចាប់ពីពេលនេះទៅ ពាណិជ្ជកររកស៊ីឆ្លងដែន អាចទាញយកអត្ថប្រយោជន៍ ពីប្រព័ន្ធអនឡាញថ្មី​មួយ​ (ACT​S)  សម្រាប់ត្រួតពិនិត្យទំនិញឆ្លងកាត់គយ ដែលមាន​ឈ្មោះពេញជាភាសាអង់គ្លេស​ថា ASEAN​ Customs Transit System (ACTS) ដើម្បីពន្លឿនការជួញដូរទំនិញតាមផ្លូវគោក នៅក្នុងរង្វង់តំបន់អាស៊ាន ដែលប្រព័ន្ធនេះ ត្រូវបានរៀបចំបង្កើតឡើងក្រោមការជួយ​ឧបត្ថម្ភពី​សហភាព​អឺរ៉ុប​។

សេចក្តីប្រកាសព័ត៌មានរួមគ្នារវាងអាស៊ាន និងសហភាពអឺរ៉ុប ចុះថ្ងៃទី៣០ ខែវិច្ឆិកា បានឲ្យដឹងយ៉ាងនេះថា “ចាប់ពីពេលនេះតទៅ ផ្នែកឯកជននៅក្នុងតំបន់អាស៊ាន នឹងមានលទ្ធភាពចូលទៅប្រើប្រាស់ប្រព័ន្ធ​អនឡាញ​ថ្មីមួយប្រកបដោយអានុភាពខ្លាំង សម្រាប់គ្រប់គ្រងទំនិញឆ្លងកាត់គយជាភាសាអង់គ្លេស គឺ ​ASEAN Customs Transit System (ACTS) ដែលនឹងកាត់បន្ថយនូវបញ្ហាប្រឈមនានា នៅក្នុង​ការ​ធ្វើពាណិជ្ជកម្ម​ក្នុងរង្វង់តំបន់អាស៊ាន និងជួយបង្កលទ្ធភាពឱ្យបណ្តាក្រុមហ៊ុនអាចទាញយក​អត្ថប្រយោជន៍​ពេញលេញពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) តាមរយៈការធ្វើចរាចរណ៍ទំនិញដោយ​សេរីក្នុងតំបន់​ទាំងមូល”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំ២០១៧ បណ្ដា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន បានដាក់ចេញគោលដៅពីរសម្រាប់ឈានទៅកាត់​បន្ថយចំណាយលើការទូទាត់ទំនិញឆ្លងកាត់ក្នុងកម្រិត១០ភាគរយ នៅត្រឹមឆ្នាំ២០២០ និងសម្រាប់​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ក្នុង​រង្វង់តំបន់អាស៊ាន ឱ្យកើន​ទ្វេ​ឡើង​ រវាងឆ្នាំ២០១៧ និងឆ្នាំ២០២៥។

ក្នុងការឈានទៅសម្រេចគោលដៅនេះឱ្យបាន ប្រព័ន្ធ ACTS នេះ ត្រូវបានបង្កើតឡើង​សម្រាប់អនុញ្ញាត​ឱ្យក្រុមហ៊ុននានា អាចបំពេញបែបបទប្រតិវេទន៍គយតាមប្រព័ន្ធអេឡិចត្រូនិកដោយផ្ទាល់ ជាមួយអាជ្ញាធរ​គយអាស៊ាន ហើយតាមរយៈការងារនេះ គេអាចតាមដានចរាចរណ៍ទំនិញរបស់ខ្លួនចាប់​តាំងពីពេល​លើក​ដាក់​មុនចេញដំណើរ រហូតដល់ពេលប្រគល់នៅទីដៅចុងក្រោយទៀតផង។

ទាក់ទងបញ្ហានេះ លោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ានបានថ្លែង​ថា “ការបង្កើតប្រព័ន្ធ​គ្រប់គ្រង​ទំនិញឆ្លងកាត់គយ ក្នុងតំបន់អាស៊ាននេះ ដើរតួនាទីសំខាន់ខ្លាំងណាស់សម្រាប់សម្រួលការធ្វើ​ចរាចរណ៍ទំនិញនៅក្នុងតំបន់ឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន។ លោកជឿជាក់ថា ប្រព័ន្ធនេះនឹងក្លាយ​ទៅជា​ឧបករណ៍មួយដ៏ល្អឥតខ្ចោះសម្រាប់ពង្រីកការធ្វើពាណិជ្ជកម្ម និងបណ្តាញផលិតកម្មរបស់អាស៊ាន ក៏ដូច​ជានៅក្នុងការបង្កើតឱ្យមានទីផ្សារមួយដែលមានលក្ខណៈកាន់តែសមមូលគ្នាឡើង សម្រាប់បណ្តាក្រុមហ៊ុន និងអ្នកប្រើប្រាស់នៅក្នុងតំបន់នេះ”។

លោកបន្តថា “ប្រព័ន្ធ ACTS នេះក៏អាចនឹងជួយផងដែរ ដល់កិច្ចខិត​ខំស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ ក្រោយវិបត្តិកូវីដ ដើម្បីពន្លឿនចរាចរណ៍ឆ្លងកាត់ នៃសម្ភារពេទ្យ វ៉ាក់សាំង និងគ្រឿងបរិក្ខារការពារខ្លួន ក្នុងចំណោមរដ្ឋសមាជិកក្នុងតំបន់”។

ប្រព័ន្ធគ្រប់គ្រងទំនិញឆ្លងកាត់គយក្នុងតំបន់អាស៊ាន (ACTS) នេះ សម្រួលឱ្យចរាចរណ៍ទំនិញ​នៅក្នុង​តំបន់​ទាំង​មូលមានភាពសាមញ្ញ ក្នុងគោលដៅធ្វើយ៉ាងណា ឱ្យការដឹកជញ្ជូនទំនិញនេះកាន់តែមាន​ប្រសិទ្ធិ​ភាព​ និងចំណាយកាន់តែទាប។

​នៅក្រោមប្រព័ន្ធ ACTS ផ្នែកឯកជនអាចបំពេញបែបបទប្រតិវេទន៍ទំនិញឆ្លងកាត់គយតែមួយ សម្រាប់ការ​ដឹក​ជញ្ជូនទំនិញឆ្លងកាត់ច្រើនប្រទេសនៅក្នុងតំបន់អាស៊ាន ដោយមិនចាំបាច់បំពេញបែបបទដដែល​ច្រើន​លើក ឬផ្លាស់ប្តូរយានដឹកជញ្ជូននៅពេលឆ្លងកាត់ច្រកព្រំដែននីមួយៗទេ។ ការរៀបចំចាត់ចែងពិសេស នឹង​អនុញ្ញាត​ឱ្យពាណិជ្ជករមានកេរ្តិ៍ឈ្មោះដែលទុកចិត្តបាន អាចផ្ទុកទំនិញនៅក្នុងទីតាំងរបស់ខ្លួន​ក្នុងប្រទេស​ជាប្រភពចេញដំណើរ និងដាក់ទំនិញចុះនៅទីតាំងផ្ទាល់របស់ខ្លួនក្នុងប្រទេស​ដែលជាគោលដៅនៃការដឹក​ជញ្ជូន។

​ប្រព័ន្ធនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមការងារអចិន្ត្រៃយ៍ ដែលហៅជាភាសាអង់គ្លេសថា ACTS Central Management Team ដែលមានទីស្នាក់ការក្នុងអគ្គ​លេខាធិការដ្ឋានអាស៊ានក្នុងទី​ក្រុងហ្សាការ​តា ប្រទេសឥណ្ឌូនេស៊ី ក្រោមការជួយជ្រោមជ្រែងរបស់កម្មវិធី ARISE Plus តាមរយៈការគាំទ្រផ្នែក​ហិរញ្ញ​វត្ថុ​ពីសហភាពអឺរ៉ុប។

ប្រព័ន្ធ ACTS ​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ទូទៅជាផ្លូវការហើយ បន្ទាប់ពីបានអនុវត្តការសាកល្បង​ប្រើនៅក្នុងប្រទេសកម្ពុជា, ឡាវ, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ និងវៀតណាម រួចមក៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម