សេដ្ឋកិច្ច
កម្ពុជាគ្រោងថវិកាជិត ១ពាន់លានដុល្លារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅឆ្នាំ២០២២
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា នៅឆ្នាំ២០២២ខាងមុខនេះ រដ្ឋាភិបាលកម្ពុជាគ្រោងថវិកាប្រមាណជិត ១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈឆ្នាំ២០២១នេះ គ្រោងចំណាយប្រមាណជាង ១,៥០០ លានដុល្លារ។

ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគោលនយោបាយ សម្រាប់កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ហៅកាត់ថា CARES តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែតុលានេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះកន្លងមក រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាប្រមាណ ៨៤០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងអាចនឹងឈានដល់ប្រមាណ ១,៥៥៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១នេះ ហើយបានគ្រោងប្រមាណ ៩៩០ លានដុល្លារអាមេរិកទៀត សម្រាប់ឆ្នាំ២០២២ខាងមុខ។

លោកបានបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដោយផ្តោតសំខាន់លើអភិក្រមចំនួន ៣ គឺ ១. ការងើបឡើងវិញ និងការរស់រានដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាជន និងរក្សាលំនឹងជីវភាពរបស់ប្រជាជន ក៏ដូចជាដើម្បីធ្វើឱ្យសេដ្ឋកិច្ចអាចរស់រានបាន ព្រមទាំងដើម្បីស្តារមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច ឱ្យអាចវិលត្រឡប់ទៅកាន់គន្លងនៃកំណើនខ្ពស់ឡើងវិញ។ ២. ការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច ព្រមទាំងការជំរុញ និងអភិវឌ្ឍឌីជីថលូបនីយកម្ម និង ៣. ការលើកកម្ពស់ភាពធន់ ទាំងក្នុងវិស័យសាធារណៈ, វិស័យឯកជន និងទាំងជាសេដ្ឋកិច្ច, ធនធានលំហរថវិកា, វិស័យហិរញ្ញវត្ថុ ទាំងយន្តការឆ្លើយតបវិបត្តិ និងការបង្កើតប្រភពហិរញ្ញប្បទានក្នុងស្រុក, ប្រព័ន្ធគាំពារសង្គម និងសុខាភិបាល ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ការអភិវឌ្ឍបៃតង ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅដើម្បីពង្រឹងការត្រៀមខ្លួនរបស់កម្ពុជាទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអានាគត។

លោក វង្សី វិស្សុត បានបន្តទៀតថា ភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាពាក់ព័ន្ធនឹងយុទ្ធសាស្រ្តវ៉ាក់សាំង បាន និងកំពុងនាំមកនូវក្តីសង្ឃឹមនៃការវិលត្រឡប់មករកភាពប្រក្រតីថ្មីវិញ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបន្ធូរបន្ថយការចត្តាឡីស័ក សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញចូលក្នុងប្រទេសពី ១៤ ថ្ងៃមកនៅចន្លោះពី ៧ ទៅ ៣ ថ្ងៃប៉ុណ្ណោះ។
លោក Ahmed Muneeb Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាសហប្រធាននៃគណៈកម្មការគោលនយោបាយ CARES បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីត-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងសន្ទុះមួយដ៏លឿន ដែលសម្រេចបានតាមគោលដៅដែលធ្វើឱ្យកម្ពុជាឈរនៅលំដាប់ជួរមុខ ធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់ ក៏ដូចជាលើសកលលោក ដែលនាំឱ្យកម្ពុជាអាចចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញតាមគន្លងថ្មី ក្នុងពេលដ៏ឆាប់ខាងមុខ។

ជាមួយគ្នានេះ លោក Ahmed Muneeb ក៏បានមានប្រសាសន៍ផងដែរថា ADB នឹងបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងការគាំទ្រការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈការផ្តល់ហិរញ្ញប្បទាន ជំនួយបច្ចេកទេស និងចំណេះដឹង។
គួរបញ្ជាក់ដែរថា កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ដែលមានទឹកប្រាក់សរុបប្រមាណ ២៥០ លានដុល្លារអាមេរិក និងការចូលរួមបដិភាគរបស់ JICA ប្រមាណ ២៣៨ លានដុល្លារអាមេរិក និងមូលនិធិ EDCF របស់សាធារណរដ្ឋកូរ៉េប្រមាណ ៥០ លានដុល្លារអាមេរិកទៀត ធនាគារពិភពលោកប្រមាណ ២០០លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់ការអនុវត្តកម្មវិធី CARES នេះ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?